ទិសដៅដ៏មានប្រជាប្រិយទាំងឡាយដូចជា Ha Long, Hue (ទីក្រុងវេ) និងដាឡាត់ ត្រូវបានដំឡើងថ្លៃចូលទស្សនា ដែលភ្នាក់ងារទេសចរណ៍ទាំងឡាយព្រួយបារម្ភថា នឹងជំរុញឲ្យអ្នកទេសចរចេញទៅវិញ។
សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មី អាជ្ញាធរខេត្ដក្វាងប៊ិញ នៅវៀតណាមកណ្ដាលដំឡើងថ្លៃសំបុត្រទ្វេដងនៅ Phong Nha និង Ke Bang Park។
ការចូលទៅ Thien Duong (ឋានសួគ៌) ដែលមនុស្សមួយចំនួនចាត់ទុកថា ជារូបភ្នំដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោកនោះ ឥឡូវនេះថ្លៃសំបុត្រគឺ១២៥,០០០ដុង (៥.៨៣ដុល្លារអាមេរិក) សម្រាប់កុមារ និង២៥០,០០០ដុង (១១.៦៧ដុល្លារ) សម្រាប់មនុស្សចាស់ ប្រៀបធៀបនឹងតម្លៃប្រេងពី៦០,០០០ដុងទៅ១២០,០០០ដុង។
សំបុត្រចូលមើល Phong Nha និងរូងភ្នំ Tien Son ក៏ឡើងពី៤០,០០០-៨០,០០០ដុងទៅដល់៨០,០០០-១៥០,០០០ដុងដែរ។ លោកង្វៀង វ៉ាន់មី អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Lua Viet បាននិយាយថា ក្រុមហ៊ុនរបស់លោកបានទទួលអីុម៉ែលមួយអំពីតម្លៃថ្មីនេះនៅមុនការចូលជាធរមានបន្ដិច។ លោកមី បានបន្ដថា យើងបានចុះកិច្ចសន្យាជាមួយអតិថិជនរបស់យើងកាលពីប៉ុន្មានខែមុននេះ។ តម្លៃសំបុត្រឡើងភ្លាមៗដូច្នេះ នឹងធ្វើឲ្យមានការពិបាកយ៉ាងខ្លាំងដើម្បីសម្របសម្រួលការរកសីុរបស់យើង។
លោកមី បានបន្ថែមថា តម្លៃសំបុត្រឡើងថ្លៃនៅរូងភ្នំ Thien Duong និងធ្វើឲ្យក្រុមហ៊ុនរបស់គាត់ខាតបង់៣០លានដុង (ជិត១,៤០០ដុល្លារ) នៅលើកិច្ចសន្យាដែលមានស្រាប់របស់ខ្លួន។ អាជ្ញាធរខេត្ដក្វាងប៊ិញ បាននិយាយថា ពួកគេត្រូវការប្រាក់ច្រើនដើម្បីថែទាំរូងភ្នំនេះដែលបានក្លាយទៅជាល្បីឈ្មោះលើឆាកអន្ដរជាតិ បន្ទាប់ពីត្រូវបានរុករកឃើញដោយសមាជិករបស់សមាគមស្រាវជ្រាវរូងភ្នំអង់គ្លេសនោះមក។
សម្រាប់មូលហេតុដូចគ្នានេះ Ha Long Bay ក៏ដំឡើងថ្លៃទ្វេដងផងដែរនៅដើមឆ្នាំនេះ ចំណែកខេត្ដឡាវកៃ ជាផ្ទះរបស់ Sa Pa មុននេះដំឡើងថ្លៃ៣ដង។ អាជ្ញាធរនៅដាឡាត់បានដំឡើងថ្លៃចូលមើលទ្វេដង ស្ទើរតែនៅគ្រប់ទិសដៅទេសចរណ៍ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៤មក។
ខេត្ដធូធៀន-វេ ក៏មានផែនការដំឡើងថ្លៃចូលមើលទីក្រុងវេ អតីតវាំងនៃអធិរាជផងដែរនៅក្នុងខែមេសា ពី៣០,០០០-១០៥,០០០ដុងទៅដល់៦០,០០០-២១០,០០០ដុង។ តម្លៃសំបុត្រនៅកន្លែងបុរាណផ្សេងៗទៀតនៅក្នុងទីក្រុងក៏នឹងត្រូវបានដំឡើងផងដែរ។
ក្រុងហូជីមិញ ក៏កំពុងគិតអំពីការធ្វើដូចគ្នានេះដែរសម្រាប់សារមន្ទីររបស់ខ្លួន ដែលមានការចូលទៅទស្សនាដ៏កម្រ លើកលែងតែសារមន្ទីរសង្គ្រាម មកដល់ពេលនេះបានបើកឲ្យអ្នកស្រុកចូលមើលដោយសេរី។ លោកមី បានបញ្ជាក់ថា សំបុត្រចូលមើលនៅកន្លែងទេសចរណ៍ជាច្រើននៅវៀតណាមបានឡើងថ្លៃ៣ដងនៅក្នុងមួយឆ្នាំ ចំណែកតម្លៃសំបុត្រនៅប្រទេសផ្សេងៗទៀតកម្រផ្លាស់ប្ដូរណាស់។
ឧទាហរណ៍ អង្គរវត្ដនៅកម្ពុជា បានរក្សាតម្លៃដដែលរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៩មក ចំណែកទិសដៅផ្សេងៗជាច្រើនទៀតនៅកម្ពុជានៅតែចូលមើលដោយមិនគិតថ្លៃ៕
ថាលីយ៉ាន

0 Comments