ភ្នំពេញ ៖ រថយន្តកាមរីគូទស្វិតសេរីឆ្នាំ១៩៨៨មួយគ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកមកប្លុងចោលនៅកណ្តាលផ្លូវ ក្បែរបញ្ជរបង់ប្រាក់គល់ស្ពានលីយ៉ុងផាត់ខាងលិច ដោយអ្នកបើកបរបានរត់គេចខ្លួនបាត់ រយៈពេល២ថ្ងៃមកហើយធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយគេឆ្ងល់ថាមិនដឹងម្ចាស់នៅឯណា ហើយមានរឿងអី ឬលួចគេពីណាមក ពេលអស់សាំងទើបយកមកប្លុងចោលនៅទីនេះ។
ហេតុការណ៍នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៩ខែមករា ឆ្នាំ២០១៥ នៅចំណុចបញ្ជរបង់ប្រាក់គល់ស្ពានលោក ឧកញ៉ាលីយ៉ុងផាត់ខាងលិច ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលគេយកទៅប្លុងចោលនោះម៉ាកតូយ៉ូតា កាមរីគូទស្វិតសេរីឆ្នាំ១៩៨៨ ពណ៌កណ្ដុរល្មេះ ពាក់ស្លាកលេខ ច-0420-ភព-2។ ប្រភពបន្តថា កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ សន្តិសុខក្រុមហ៊ុនលីយ៉ុងផាត់បានប្រទះឃើញបុរសម្នាក់ជិះរថយន្តនេះមកចតនៅចំណុចខាងលើ ហើយក៏សួរថា ហេតុអ្វីបានជាយករថយន្តមកចតអីកន្លែងហ្នឹង បុរសនោះឆ្លើយថា រថយន្តអស់សាំងផ្ញើនៅកន្លែងហ្នឹងមួយភ្លែតសិនគាត់ទៅរកសាំងចាក់ ហើយក៏ទៅបាត់រហូតតែម្តង។ ដោយបាត់ម្ចាស់យូរពេករយៈពេល២ថ្ងៃមកហើយ មិនឃើញមកយករថយន្តវិញទេ រហូតដល់ថ្ងៃ២៩ ខែមករានេះក៏រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាកទៅពិនិត្យ និងយកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីស្វែងរកម្ចាស់រថយន្តដែលបាត់។
សមត្ថកិច្ចបានដាក់ការសង្ស័យថា រថយន្តនេះអាចត្រូវចោរលួចពីកន្លែងណាផ្សេង ហើយត្រូវអស់សាំងទៅមុខលែងរួចក៏ទុកចោលនៅទីនេះតែម្តងទៅ។
នៅព្រឹកថ្ងៃទី១៩ ខែមករានេះ ក្រោយពីសមត្ថកិច្ចពិនិត្យរថយន្តដើម្បីរកវត្ថុតាងឬមូលហេតុត្រឹមត្រូវមិនឃើញមានអ្វីគួរឱ្យសង្ស័យ ហើយបញ្ឆេះមិនឆេះមែនសមត្ថកិច្ចក៏បានអូសរថយន្តមកទុកនៅប៉ុស្តិ៍ស្វាយប៉ាកដើម្បីប្រកាសរកម្ចាស់ ហើយបើបងប្អូនណាបាត់រថយន្តដូចមានភិនភាគខាងលើសូមទំនាក់ទំនងនៅប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក ខណ្ឌឫស្សីកែវ ៕
ឌីរៀ




0 Comments