ភ្នំពេញ ៖ បន្ទាប់ពីអាកាសធាតុប្រែប្រួលត្រជាក់ជាប់គ្នា នាពាក់កណ្ដាលខែមករា ឆ្នាំ២០១៥នេះ នារសៀលថ្ងៃទី១៧ ខែមករា នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ បានរៀបចំពិធីចែកអាវរងាដល់មន្ត្រីបក្សថ្នាក់មូលដ្ឋានរបស់ខណ្ឌព្រែកព្នៅចំនួនជាង៣០០នាក់ ក្រោមអធិបតីភាពលោក ខួង ស្រេង ប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ និង លោក សុខ សម្បតិ អនុប្រធានប្រចាំការចុះជួយខណ្ឌ ព្រមទាំងមន្ត្រីជាច្រើនរូបទៀតផងដែរ។
ក្នុងពិធីសំណេះសំណាល និងចែកអាវរងាដល់មន្ត្រីបក្សថ្នាក់មូលដ្ឋាននេះ លោក ខួង ស្រេងបានមានប្រសាសន៍ថា នេះជាអំណោយអាវរងារបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែដឹងសុខទុក្ខពីមន្ត្រីបក្សគ្រប់កាលៈទេសៈជានិច្ច។
ហើយយើងមានថ្ងៃនេះក៏ដោយសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចប្រមុខទាំង៣ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា គណបក្សប្រជាជនកម្ពុជាមិនត្រឹមតែបានរំដោះប្រទេសជាតិ និងប្រជាជនទាំងមូលពីរបបប្រល័យពូជសាសន៍ប៉ុលពតដ៏សាហាវយង់ឃ្នង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប៉ុណ្ណោះទេ គឺថែមទាំងបានដឹកនាំ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានសុខសន្តិភាព ស្ថិរភាព នយោបាយពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យតែម្តងនាពេលបច្ចុប្បន្ននេះ។
លោក ខួង ស្រេង បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ននេះ គឺជាតួអង្គស្ថាបនិក នៃការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ក្រោមនយោបាយឈ្នះ ឈ្នះ ការស្ដារប្រទេសជាតិឲ្យមានកេរ្តិ៍ឈ្មោះលេចត្រដែតឡើងវិញលើឆាកអន្តរជាតិ ហើយបាននិងកំពុងកែប្រែមុខមាត់ប្រទេសជាតិឲ្យមានការរីកចម្រើន ប្រជាជនមានជីវភាពធូរធារជាបន្តបន្ទាប់ បើគ្មាន៧មករា ក៏យើងគ្មានថ្ងៃនេះដែរ។ ដូច្នេះស្មារតីថ្ងៃជ័យជំនះ៧មករាបានកំពុងជំរុញដល់កិច្ច អភិវឌ្ឍន៍ប្រទេសកម្ពុជាឈានឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង ដូចបណ្ដាប្រទេសអច្ឆរិយលើលោកផងដែរ។ ជាចុងក្រោយលោក ខួង ស្រេង ក៏បានជំរុញឱ្យមន្ត្រីទាំងអស់ ជាពិសេសសមាជិកក្រុមការងារចុះជួយសង្កាត់ទាំង៥ និងមន្ត្រីបក្ស ត្រូវខិតខំបំពេញការងារទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើសំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋជួបការលំបាកតែម្តង ហើយត្រូវរួមសាមគ្គីគ្នា ការពារសមិទ្ធផលទាំងឡាយរបស់គណបក្សប្រជាជនឲ្យបានស្ថិតស្ថេរគង់វង្សនៅជាអមតតរៀងទៅ៕
ឧត្តរ៉ា



0 Comments