Ad Code

សិស្ស​ក្រីក្រ​កូន​ជន​ពិការ​មណ្ឌល"​ភ្នំ​ឆ័ត្រ​និង​មណ្ឌល​កុមារ​កំព្រា​" បាន​ទទួល​អំណោយ​កង់​ចំនួន​៤០០​គ្រឿង​ពី​អង្គការក្រៅរដ្ឋាភិបាល"​កុ​គី​សៃ​"ប្រទេស​ជប៉ុន​


បន្ទាយមានជ័យ ៖ កង់​ជជុះ​របស់​ប្រទេស​ជប៉ុន​ចំនួន​៤០០​គ្រឿង ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​អង្គការ​ក្រៅរដ្ឋាភិបាល"កុ​គី​សៃ​" ប្រទេស​ជប៉ុន​ តាមរយៈ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន​ និង​យុវ​នីតិ​សម្បទា​ខេត្តបន្ទាយមានជ័យ ​បាន​យក​មក​ចែក​ជូន​សិស្ស​ក្រីក្រ​កូន​ជន​ពិការ មណ្ឌល​ភ្នំ​ឆ័ត្រ និង​មណ្ឌល​កុមារ​កំព្រា​នៅ​ព្រឹក​ថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​មជ្ឈមណ្ឌល​ជីវិត​ថ្មី​ភ្នំ​បាក់ ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។ ដែល​ពិធី​នេះ​មានការ​ចូលរួម​លោក នឹម​ថូត រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​ និង​យុវ​នីតិ​សម្បទា លោកស្រី ​កិ​ម ​គឹម​ឡាង​អគ្គនា​យក​អង្គការ​អា​ស៊ី​អាស្ពេកា​ប្រចាំ​ប្រទេស​កម្ពុជា លោក​ យុន ​វុទ្ធី​ ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធជន​និង​ យុវ​នីតិ​សម្បទា​ខេត្តបន្ទាយមានជ័យ​ ព្រម​ទាំង​សិស្ស​ក្រីក្រ​ចំនួន​២០០​នាក់ ដែល​បាន​ចូលរួម​នៅ​ទី​នេះ​ផង​ដែរ។ ថ្លែង​ក្នុង​ពិធី​នេះ​លោក​ យុន​ វុទ្ធី​ បាន​មានប្រសាសន៍ថា​ ដោយ​មើលឃើញ​ជន​ក្រីក្រ​និង​ កុមារ​កំព្រា​នៅ​ខេត្តបន្ទាយមានជ័យ​មាន​ច្រើន​ ហើយ​គ្មាន​មធ្យោបាយ​ធ្វើដំណើរ​ទៅ​សាលារៀន​ភាគច្រើន​ក្មេង​ក្រីក្រ​នោះ​ដើរទៅ​រៀន ​ទើប​អង្កា​រអា​ស៊ី​អា​ស្ពេ​ការ​បាន​នាំ​យក​កង់​ជជុះ​របស់​ប្រទេស​ជប៉ុន​យក​មក​ចែក​ជូន​ក្មេង​ក្រីក្រ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​នៅ​ថ្ងៃ​នេះ​អង្គការ​អា​ស៊ី​អា​ស្ពេ​ការដែល​ដឹក​នាំ​ដោយ​លោកស្រី​ កិ​ម​ គឹម​ឡាង​ បាន​យក​កង់​ចំនួន​៤០០​គ្រឿង​យក​មក​ចែក​ជូន​ដល់​កូន​ជន​ពិការ​ក្រីក្រ នៅ​មណ្ឌល​ភ្នំ​ឆ័​ត្រ និង​មណ្ឌល​កុមារ​កំព្រា។

លោក​បាន​បន្ត​ថា​ ការ​យក​កង់​មក​ចែក​ជូន​ដល់​កុមារ​កំព្រា​នេះ​ មាន​ចំនួន​២​លើក​រួច​មក​ហើយ​ហើយ​មណ្ឌល​ភ្នំ​ឆ័​ត្រ​បាន​ទទួល​កង​ចំនួន​២០០​គ្រឿង កូន​ជន​ពិការ​ក្រីក្រ​ឲ្យ​បាន​ទទួល​កង់​ចំនួន​១០៥​គ្រឿង ​ចំណែក​មណ្ឌល​កុមារ​កំព្រា​បាន​ទទួល​កង់​៩៥​គ្រឿង។

លោក​បាន​បន្ត​ថា​ ប្អូនៗ​ពេល​បាន​ទទួល​កង់​ហើយ ​ត្រូវ​ចេះ​ថែរក្សា​ឲ្យ​បាន​គង់វង្ស ​មិន​ត្រូវ​ជិះ​បណ្ដើរ​គ្នា​ទាំង​ហ្វូងៗ​ឡើយ ​ព្រោះ​វា​អាច​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​ជាយថាហេតុ​បាន​យ៉ាង​ងាយ​ ហើយ​អាច​ឲ្យ​ប្អូនៗ ​ត្រូវ​បោះបង់​ការសិក្សា​ចោល​ទៀត​ផង។

លោកស្រី​ កិ​ម​ គឹម​ឡាង​ ជា​ម្ចាស់​ជំនួយ​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្មេងៗ​ក្រីក្រ​ និង​កូន​ជន​ពិការ​ថា​ក្រោយពី​ទទួល​បាន​កង់​ហើយ​នោះ ​ត្រូវ​ចេះ​ថែរក្សា​ឲ្យ​បាន​ល្អ​ ហើយ​ត្រូវខិតខំ​រៀនសូត្រ​ដើម្បី​ឲ្យ​ក្លាយ​ជា​ក្មេង​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ពិសេស​ប្អូនៗ​នឹង​ក្លាយទៅជា​ទំពាំង​ដែល​ត្រូវ​ស្នង​ឫស្សី​នៅ​ពេល​ខាង​មុខ​នេះ៕

គង្គា​

Post a Comment

0 Comments

Close Menu