ភ្នំពេញ ៖ ក្រសួងការពារជាតិបានធ្វើការផ្សព្វផ្សាយច្បាប់ ភារៈកិច្ច វិន័យការងារដល់កងឯកភាពចំណុះអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទចំនួន២៣៤នាក់។
វគ្គផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅក្រោមវត្តមានលោក ជឹម សុខ នាយរងសេនាធិការចម្រុះនាយកទីចាត់ការបុគ្គលិក និងជាប្រធានក្រុមការងារពង្រឹងបុគ្គលិកនៃក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅទីស្ដីការក្រសួងការពារជាតិ។
លោក តាន់ ឫទ្ធី នាយករងទីចាត់ការបុគ្គលិក និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រសួងការពារជាតិបានបញ្ជាក់ថា ក្រសួងការពារជាតិចុះផ្សព្វផ្សាយថ្ងៃនេះ គឺមានគោលបំណងផ្សព្វផ្សាយខ្លឹមសារលើកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យមានលក្ខខណ្ឌសមស្របតាមសេចក្ដីត្រូវការលើវិស័យការពារជាតិ ធានាបានទាំងបរិមាណ និងគុណភាព រួមចំណែកធានារ៉ាប់រងកិច្ចការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះការងារព័ត៌មានវិទ្យាក្រុមការងារបានណែនាំដល់ជំនាញឱ្យចេះប្រើប្រាស់ និងបញ្ជូនទិន្នន័យក្នុងប្រព័ន្ធគ្រប់គ្រងបែបថ្មីទំនើប ជាពិសេសការធ្វើបច្ចុប្បន្នភាពគ្រប់ជំនាញខាងលើទាំងបរិមាណ និងគុណភាព ព្រមទាំងបច្ចុប្បន្នភាពចំនួនទ័ពផ្ទៃក្នុងកងឯកភាពដោយរៀបចំឱ្យត្រូវប្រអប់នីមួយៗតាមក្របខ័ណ្ឌទីតាំងឈរជើង ងាយស្រួលក្នុងការត្រួតពិនិត្យចំនួនទ័ព ផ្ទៀងផ្ទាត់ឈ្មោះ អត្តលេខនាយទាហាន នាយទាហានរង និង ពលទាហានឱ្យបានឆាប់រហ័ស សុក្រឹត និងមានសុវត្ថិភាព។
លោក ជឹម សុខ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការបុគ្គលិកបានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទទាំងអស់ចាំបាច់ត្រូវតែចេះច្បាប់ វិន័យ នីតិវិធីការងារ ព្រោះការងារការពារជាតិ គឺជារឿងមួយដែលសំខាន់ជាងគេបង្អស់ដែលត្រូវបំពេញភារកិច្ចទៅតាមឋានានុក្រមរៀងៗខ្លួន។ ចំណែកសោធននិវត្តន៍ក៏ត្រូវបានកំណត់ដោយច្បាប់អាយុនៃយោធិនម្នាក់ៗ តែក្នុងករណីចាំបាច់យោធិនណា ដែលមានកាយសម្បទានមាំមួន មានជំនាញឯកទេសច្បាប់លាស់ដូចជាវិស្វករ វេជ្ជបណ្ឌិត បច្ចេកទេស រថក្រោះ កាំភ្លើងធំ យន្តហោះ នាវាចម្បាំង។ អាចស្នើសុំពន្យារពេល១ឆ្នាំម្ដងៗរយៈពេល៥ឆ្នាំ រីឯការទៅបណ្ដុះបណ្ដាលទៅក្រៅប្រទេសពេលបញ្ចប់វគ្គពុំបានវិលត្រឡប់មកកងឯកភាពវិញ យើងនឹងយកសំណើនេះជម្រាបជូនថ្នាក់ដឹកនាំ ដើម្បីជួយសម្រួលតាមសំណូមពររបស់មេបញ្ជាការទាំងអស់៕
សុងយោ

0 Comments