Ad Code

ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ​សង្ស័យ​ករណី​ជួញដូរ​គ្រឿងញៀន​

ព្រះសីហនុ ៖ ដោយ​មានការ​ចង្អុល​បង្ហាញ និង​បទ​បញ្ជា​ពី​លោក ហេង ប៊ុន​ទី មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ក្នុង​ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​បញ្ហា​គ្រឿង​ញៀន ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ក៏​ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ។
នៅ​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៥ វេលា​ម៉ោង​៩ និង​២០​នាទី កម្លាំង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហនុ ដឹកនាំ​ដោយ​លោក កែវ សុផល ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ឆែកឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​ដែល​មាន​ឈ្មោះ (ដឺ​ផា​វើ​ហាវ The power house Guest House​) ដែល​មាន​ទីតាំងនៅ​ក្រុម​ទី​០៨ ភូមិ​៣ សង្កាត់​លេខ​៤ ក្រុង/ខេត្ត​ព្រះ​សីហនុ ដោយ​មាន​ការចូលរួម​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផង​ដែរ ។​
លោក កែវ សុផល បាន​និយាយ​ឲ្យ​ដឹង​ថា ក្នុងករណី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ធ្វើការ​ស្រាវជ្រាវ និង​បាន​ដាក់​កម្លាំង​បង្កប់​រហូត​កំណត់​មុខ​សញ្ញា​ឈាន​ទៅ​ដល់​ការ​ឆែកឆេរ និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០២​នាក់ ទី​១-ឈ្មោះ REDER DAVID ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ជនជាតិ​អង់គ្លេស ទី​២-ឈ្មោះ លឹម សារ៉ន ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជន​ជាតិ​ខ្មែរ។
ក្នុងករណី​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន សមត្ថកិច្ច​ធ្វើការ​ដកហូត​បាន​វត្ថុតាង​មួយ​ចំនួន​មាន​ដូច​ជា ម្សៅ​ស​ថ្លា​០៤​កញ្ចប់​ធំ ដប​ជក់​ថ្នាំ​០១ ដែកកេះ​០៧ ថង់​សម្រាប់​វិច​ខ្ចប់​០១​ដុំ ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ូតូ​ម៉ាក YAMAHA MIO ពណ៌​ខ្មៅ​០១​គ្រឿង ពាក់​ស្លាក​លេខ​កណ្ដាល 1M ២៤៧៤ កង់​០១ និង​ប៉ាសស្ព័រ​០១។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅកាន់​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់​វិធានការ​ទៅតាម​ផ្លូវច្បាប់៕ ស៊ុយ ចាន់​ធា​

Post a Comment

0 Comments

Close Menu