ស្ត្រីមានផ្ទៃពោះម្នាក់នៅស្រុកស្វាយចេកត្រូវពស់ពព្លាក់អង្ក្រងចឹក តែសង្គ្រោះបានទាំងព្រលឹងចុងសក់
បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បាននាំកូនទៅមើលគេរាំធុងបាសនៅក្នុងភូមិទាំងមានផ្ទៃពោះផងដើរដល់ពាក់កណ្តាលផ្លូវត្រូវពស់ពព្លាក់ចឹកត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យនៅស្រុកថ្មពួកទាន់ពេលវេលាត្រូវក្រុមគ្រូពេទ្យសង្គ្រោះជីវិតបានទាំងម្តាយទាំងទារកក្នុងផ្ទៃទាំងព្រលឹងចុងសក់។
លោកវេជ្ជបណ្ឌិត ញ៉ែម ភីរម្យ ប្រធានមន្ទីរពេទ្យបង្អែកស្រុកថ្មពួកបានឲ្យដឹងនៅល្ងាចថ្ងៃទី៨ មករាថា ជនរងគ្រោះត្រូវពស់ចឹកមានឈ្មោះញឹម ត្រប់ ភេទស្រីអាយុ៣១ឆ្នាំមានទីលំនៅភូមិអំពិលព្រង់ ឃុំទ្រាសស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះត្រូវពស់សពព្លាក់អង្ក្រងចឹកកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៧មករា២០១៥ខណៈពេលស្រីរងគ្រោះនាំកូនដើរទៅមើលគេរាំធុងបាសក្នុងភូមិ។ ក្រោយពីពស់ចឹករួចបន្ទាប់មកក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនមកដល់ពេទ្យបង្អែកស្រុកថ្មពួកនៅម៉ោង១០យប់ថ្ងៃដដែល។ ដោយក្រុមគ្រូពេទ្យខិតខំពិនិត្យអ្នកជម្ងឺហើយធ្វើការសង្គ្រោះព្យាបាលដោយប្រុងប្រយ័ត្នតែលំបាកណាស់ដែរព្រោះស្ត្រីរងគ្រោះមានផ្ទៃពោះផងតែទោះយ៉ាងណាក៏បានជួយសង្គ្រោះជីវិតអ្នកជម្ងឺបាន១០០ភាគរយផងដែររហូតមកដល់ពេលនេះអាចសង្គ្រោះជីវិតបានហើយទាំងកូននិងម្តាយផង៕

0 Comments