ភ្នំពេញ ៖ មន្ត្រីនគរបាលមូលដ្ឋានម្នាក់ជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋាន ត្រូវរថយន្តមួយគ្រឿងថយក្រោយចេញពីផ្ទះមិនបានមើលក្រោយ ជ្រុលបុក ម៉ូតូរបស់សមត្ថកិច្ចបណ្តាលឲ្យរងការខូចខាត ប៉ុន្តែមិនបណ្តាលឱ្យអ្នកជិះម៉ូតូរងបួសនោះទេ។
សាក្សីបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង៧នឹង៥៥នាទីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ នៅមុខហាងស៊ីណា លក់ទូរស័ព្ទដៃ តាមបណ្តោយផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
សាក្សី បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញសមត្ថកិច្ចម្នាក់ជិះម៉ូតូស្មាស ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ជិះល្បាតនៅក្នុងមូលដ្ឋាន តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅ ពីជើងទៅត្បូង ខណៈមកដល់កើតហេតុ ស្រាប់តែបុរសម្នាក់បានថយរថយន្តចេញពីហាងស៊ីណា លក់ទូរស័ព្ទដៃ មិនមានមើលក្រោយ ក៏បានប៉ះជាមួយម៉ូតូសមត្ថកិច្ច ដែលកំពុងតែជិះល្បាតនៅក្នុងមូលដ្ឋានរងការខូចខាត ប៉ុន្តែមិនបណ្តាលឱ្យអ្នកជិះម៉ូតូរងបួសនោះទេ។ ក្រោយពេលកើតហេតុមានសមត្ថកិច្ចជាច្រើននាក់ បានធ្វើការអន្តរាគមន៍ដល់កន្លែងកើតហេតុ ហើយភាគីខាងរថយន្តដោយយល់ដឹងថា មកពីកំហុសរបស់ខ្លួនដែលខ្វះការប្រុងប្រយ័ត្ន ក៏បានសងនូវសំណងដល់ជនរងគ្រោះដែលជាសមត្ថកិច្ចចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង៕

0 Comments