ភ្នំពេញ ៖ កាលពីវេលាម៉ោង១១នឹង០៥នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ នៅចំណុចមុខក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារបុរសអ្នកមានម្នាក់ ជិះរថយន្តទំនើបជ្រុលទៅបុកម៉ូតូនារីម្នាក់ចំពីក្រោយពេញទំហឹង បណ្ដាលឱ្យរងរបួស ហើយចុះរករឿងវាយ និងជេរប្រមាថកប់ៗមាត់ថែមទៀត។
សាក្សីឃើញហេតុការណ៍នេះបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមនុស្សប្រុសស្រី០៣នាក់ ជិះម៉ូតូ៣គ្រឿងបណ្ដើរគ្នាចេញពីធ្វើការបំណងត្រឡប់ទៅផ្ទះវិញ ដែលក្នុងនោះមានម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ២គ្រឿង និងឆាយលីមួយគ្រឿងទៀត។ លុះមកដល់ចំណុចមុខក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏ស្រាប់តែមានបុរសជាអ្នកមានម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TUNDRA ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បានបើកមកពីក្រោយម៉ូតូបំរុងបត់ចូលទៅក្នុងក្រសួង ក៏ស្រាប់តែជ្រុលទៅបុកចំម៉ូតូឆាយលីពីក្រោយពេញទំហឹង បណ្ដាលឱ្យនារីម្នាក់ដែលជាអ្នកជិះម៉ូតូរងរបួស ចំណែកម៉ូតូរងការខូចខាតជាដំណំ។ ភ្លាមៗនោះបុរសម្នាក់ដែលរួមដំណើរជាមួយ ដែលត្រូវជាមិត្តភក្ដិរួមការងារឃើញដូច្នេះ ក៏បានឃាត់រថយន្តឱ្យឈប់ និងបានដាក់ម៉ូតូបាំងពីមុខរថយន្តបំណងឱ្យបុរសបង្កហេតុចុះពីលើរថយន្តដើម្បីទទួលខុសត្រូវ ប៉ុន្តែនៅពេលបុរសម្នាក់នោះចុះមក ក៏បានចង្អុលមុននិងស្រែកសម្លុតខ្លាំងៗ ព្រមទាំងបានរកវាយទៅលើបុរសម្នាក់នោះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរចោមរោមមើលថែមទៀតផង។
ប្រភពបន្តថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាង ហើយខាងរថយន្តបង្កក៏បានសងនូវថ្លៃព្យាបាលចំនួន២០ដុល្លារ ចំណែកខាងភាគីជនរងគ្រោះក៏ព្រមទទួលដើម្បីបញ្ចប់រឿង។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ អ្វីដែលនាំឱ្យមានការភ្ញាក់ផ្អើល និងអ្នកដំណើរតាមដងផ្លូវឈប់មើលហួសចិត្តនោះ គឺដោយសារតែបុរសជាជនបង្កអាងខ្លួនជាអ្នកមាន បើករថយន្តទំនើបបង្កជាគ្រោះថ្នាក់បែបនេះហើយ បែរជាចុះពីលើរថយន្តរករឿងជេរប្រមាថ និងរកវាយគេទៅវិញ៕ ឌួងវិរះជ័យ





0 Comments