បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីជាច្រើននាក់មកពីបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជាមានទាំងកូនក្មេងតូចៗទៅជាមួយផងនោះ ត្រូវគេសង្កេតឃើញថា កំពុងនាំគ្នាធ្វើដំណើរឆ្លងដែនដោយខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃយ៉ាងគំហុក តាមច្រករបៀងក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។ ការឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃទាំងប្រថុយប្រឋាននេះ អាចប្រឈមនឹង បញ្ហាជាច្រើនចំពោះមុខដូចជាត្រូវរងការបាញ់សម្លាប់ និងចាប់ដាក់គុកធ្វើទារុណកម្មពីសំណាក់ទាហានថៃចាញ់បោកមេខ្យល់កេងប្រវ័ញ្ចកម្លាំងពលកម្មធ្វើដំណើរតាមរថយន្តគេចពីសមត្ថកិច្ចថៃបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍ជាដើម។
ច្រករបៀងនៅស្រុកសំពៅលូនដែលគេសង្កេតឃើញមានពលករខ្មែរឆ្លងដែនខុសច្បាប់ គឺនៅចំណុចច្រករបៀងក្នុងភូមិអូរ ឃុំសន្តិភាព និងច្រករបៀងចំណុចអង់តែនក្នុងភូមិ សាស្ត្រឃុំ សិរីមានជ័យ ច្រករបៀងទាំងនេះជាតំបន់គ្រប់គ្រងរបស់ទាហានសឹករងស្រុកសំពៅលូន និងនគរបាលការពារព្រំដែនគោកវរៈ ៨១៧ប៉ុន្តែតំបន់នេះគឺទាហានសឹករង ស្រុកសំពៅលូនមានការ គ្រប់គ្រងទទួលខុសត្រូវខ្ពស់ជាងនគរបាលការពារព្រំដែនគោកលេខ៨១៧។
ជាក់ស្តែងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥នេះ គេឃើញមានប្រជាពលករខ្មែរជាច្រើននាក់ ដែលអ្នកខ្លះពរកូនតូចៗទៀតផង បាននាំគ្នាដើរកាត់អូរព្រំដែនសំដៅឆ្លងដែនដោយខុសច្បាប់ចូលទឹកដីថៃដោយមិនខ្លាចកើតមានគ្រោះថ្នាក់សូម្បីតែបន្តិច ។ សកម្មភាពឆ្លងដែនខុសច្បាប់របស់ពលករខ្មែរនៅពេលនោះគេមិនឃើញសមត្ថកិច្ចចាត់វិធានការទប់ស្កាត់នោះឡើយពោលគឺបើកដៃឲ្យពលករចេញទៅដោយរលូន។
បើតាមការប្រាប់ឲ្យដឹងពីពលករខ្មែរ ដែលឆ្លងដែនដោយខុសច្បាប់ទៅខេត្តឈុនបូរី គឺពួកគាត់ដើរឆ្លងដែនត្រូវបង់ប្រាក់ឲ្យសមត្ថកិច្ចខ្មែរក្នុងម្នាក់ពី៥ពាន់រៀល ទៅ១ម៉ឺនរៀល និងបង់ឲ្យសមត្ថកិច្ចថៃក្នុងម្នាក់៥០បាត ហើយនៅចំណុចច្រករបៀងអង់តែនគេក៏ឃើញមានរថយន្ត២ទៅ៣គ្រឿងរង់ចាំដឹកពលករឆ្លងដែនពីប្រទេសថៃចូលមកស្រុកខ្មែរវិញផងដែរ។
ពាក់ព័ន្ធបញ្ហានេះលោក ជា សម្បត្តិអភិបាលស្រុកសំពៅលូនប្រាប់ឲ្យដឹងថា វិធានការរបស់អាជ្ញាធរស្រុក កន្លងមក បានដាក់ចេញឲ្យកងកម្លាំងឈរជើងតាមព្រំដែន ត្រូវតែធ្វើការទប់ស្កាត់ពលករ ឆ្លងដែន ដោយ ចាត់ឲ្យមានការអប់រំណែនាំពួកគាត់។ លោកអភិបាលស្រុកបានបដិសេធថា គ្មានសមត្ថកិច្ចណាយកប្រាក់ពីពលករខ្មែរម្នាក់៥ពាន់ ទៅ១ម៉ឺនរៀលនោះទេ បើមានយកប្រាក់គឺយក តែពលករចេញចូលទៅធ្វើការព្រឹកវិលល្ងាចក្នុងម្នាក់៥បាតទៅ១០បាតប៉ុណ្ណោះ។ លោកថាអាជ្ញាធរស្រុកនឹងបន្តខិតខំប្រឹងប្រែងចាត់វិធានការឲ្យសមត្ថកិច្ចធ្វើការទប់ស្កាត់ និងអប់រំពលករ ខ្មែរបន្ថែមទៀតបើសិនមានករណីឆ្លងដែនខុសច្បាប់នោះ។
រហូតមកដល់ពេលនេះមានពលករកម្ពុជា ដែលកំពុងធ្វើការនៅប្រទេសមានសរុបចំនួន៦៤ម៉ឺននាក់ក្នុងនោះមានពលករមិនស្របច្បាប់ចំនួនប្រមាណជា៥០ម៉ឺននាក់។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថារហូតមកដល់ពេលនេះមានពលករកម្ពុជាធ្វើការនៅប្រទេសថៃ បានចុះបញ្ជីនៅប្រទេសថៃជាង៦០ម៉ឺននាក់ហើយក្រុមការងារចំរុះរបស់យើង បានកំពុងខិតខំផ្តល់ឯកសារនានា ដើម្បីឲ្យពួកគេមានភាពស្របច្បាប់។
ប្រទេសថៃមានការខ្វះខាតកំលាំងពលកម្មច្រើននាពេលបច្ចុប្បន្ន ហើយព្រះរាជាណាចក្រថៃមានការពេញចិត្ត និងសូមអរគុណប្រទេសកម្ពុជា ដែលបានបញ្ជូនពលករកម្ពុជាទៅធ្វើការងារនៅប្រទេសថៃ។
ពលករកម្ពុជានៅប្រទេសថៃមាន២ប្រភេទ ទី១ពលករដែលចូលទៅធ្វើការនៅក្នុងប្រទេសថៃ និង២ធ្វើការនៅតាមព្រំដែន ហើយរាជរដ្ឋាភិបាលថៃមានគោលបំណងចង់ឱ្យពលករកម្ពុជាអាចទទួលបានសិទ្ធិនិងអត្ថប្រយោជន៍ការងារ ដូចជាប្រជាពលរដ្ឋថៃទូទៅដែរ៕

0 Comments