ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថា រហូតមកដល់ពេលនេះជាលទ្ធផលគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំនួន២៣ សរុបផ្ទៃដី៩០៦៨២ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចនិរាករណ៍(ដកហូត) សិទ្ធិវិនិយោគគម្រោងចំនួន២ ផ្ទៃដីសរុប ១០៣៨៩ហិកតា ត្រូវបានរាជរដ្ឋាភិបាលកាត់បន្ថយទំហំផ្ទៃដីវិនិយោគមកត្រឹម២៣៥ហិកតា គម្រោងចំនួន៤ ត្រូវបានរាជរដ្ឋាភិបាលទុកឲ្យពី៦ខែ ទៅ១ឆ្នាំ ដើម្បីបន្តនីតិវិធីស្ថិតក្រោមការតាមដាន ហើយគម្រោងចំនួន៣ទៀត ផ្ទៃដីសរុប២៥៨៥៥ហិកតា ត្រូវបានក្រុមហ៊ុនប្រគល់ដោយស្ម័គ្រចិត្តឲ្យរាជរដ្ឋាភិបាលគ្រប់គ្រងវិញ។
នៅក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥នេះ នៅទីស្ដីការក្រសួងបរិស្ថាន លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន សាយ សំអាល់ បានឲ្យដឹងបន្តថា គម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំនួន២៣ សរុបផ្ទៃដី៩០៦៨២ហិកតា ដែលត្រូវដកហូតមាននៅខេត្តព្រះសីហនុ កោះកុង កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ មណ្ឌលគីរី ឧត្តរមានជ័យ បាត់ដំបង បន្ទាយមានជ័យ រតនៈគីរី និងនៅខេត្តសៀមរាប។ ចំពោះក្រុមហ៊ុនដែលស្ម័គ្រចិត្តប្រគល់ដីវិនិយោគឲ្យរាជរដ្ឋាភិបាលគ្រប់គ្រង់វិញមានក្រុមហ៊ុនកសិឧស្សាហកម្ម (ទ្រីភាព អ៊ីមផត អិចផត នៅវិរៈជ័យ)ខេត្តរតនៈគីរីចំនួន៩៧០៩ហិកតា ក្រុមហ៊ុនកសិឧស្សាហកម្ម (MDS THMORDA S.E.Z Co.,Ltd វិរៈជ័យ)ខេត្តរតនៈគីរី ចំនួន៩១៤៦ហិកតា និងក្រុមហ៊ុនសិក្សារ៉ែ Future Environment ឱរ៉ាល់កំពង់ស្ពឺចំនួន ៧០០០ហិកតា។
លោក រដ្ឋមន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ថា ការដកហូតនេះ បន្ទាប់ពីក្រសួងបានពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគអភិវឌ្ឍន៍ទាំងអស់ចំនួន១១៣ ផ្ទៃដីសរុប៦៤៦២៩៦,៧៥ហិកតា ដែលក្នុងនោះគម្រោងចំនួន៣២ ត្រូវបានដាក់ឆ្លងអង្គប្រជុំគណៈកម្មាធិការអន្តរក្រសួងដើម្បីពិភាក្សា និងលើកសំណើជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
លោករដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេលមួយឆ្នាំមកនេះដែរ ក្រសួងបរិស្ថានបានបំពេញភារកិច្ចស្នូលដោយផ្ដោតលើគោលដៅសំខាន់ៗចំនួនបី គឺកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និង ការរស់នៅដោយចីរភាព។ ដើម្បីសម្រេចគោលដៅទាំងនេះ ក្រសួងបានកំណត់អាទិភាពចម្បងៗមួយចំនួនរួមមាន ការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ការកែលំអក្របខ័ណ្ឌគតិយុត្តិ ការកសាង និងពង្រឹងសមត្ថភាពមន្ត្រីរាជការ ការត្រួតពិនិត្យការបំពុល ការគ្រប់គ្រងសំណល់រឹង និងរាវ ការពង្រឹងសកម្មភាពការពារ អភិរក្សតំបន់ការពារ អភិរក្សតំបន់ធម្មជាតិ និងការគ្រប់គ្រងវិនិយោគអភិវឌ្ឍន៍ទាំងនេះឲ្យមានប្រសិទ្ធភាព៕ សុងយោ

0 Comments