ភ្នំពេញ ៖ លោក ប៊ុត លន ប្រធានផ្នែកលក់ និងចែកចាយស្រោមអនាម័យ របស់អង្គការខ្មែរបម្រើសុខភាពប្រជាជន (Population Services Khmer) បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៤នេះ ស្រោមអនាម័យប្រភេទ Number One និង OK Condom ជាង ១១ លាន ត្រូវបានលក់ និងចែកចាយ នៅតាមផ្ទះសំណាក់ សណ្ឋាគារ និងឱសថស្ថាននានានៅ ទូទាំងប្រទេសកម្ពុជា។ ចំនួននេះមិនត្រូវបានគេបូកបញ្ចូលចំនួនស្រោមអនាម័យដែលលក់ក្រៅពី អង្គការ PSK នោះទេ។
លោក ប៊ុន លាន បានមានប្រសាសន៍ថា «ចាប់ពីដើមខែមករា ដល់ចុងខែធ្នូ ឆ្នាំ២០១៤នេះ យើងបានលក់ និងចែកចាយស្រោមជាង ១១លាន តាមផ្ទះសំណាក់ សណ្ឋាគារ ឱសថស្ថាន និងគោលដៅរបស់យើងមួយចំនួនទៀត»។ លោកបាន បន្តថា ស្រោមអនាម័យដែល PSK បានលក់ និងចែកចាយនោះ មានពីរប្រភេទគឺ ប្រភេទ Number One និង OK Condom ហើយស្រោមសម្រាប់ប្រជាជនអាស៊ីទាំងពីរ ប្រភេទនេះ មានទំហំ ៤៩ មីលីម៉ែត្រ។កាលពីឆ្នាំ២០១៣ កន្លងមក បានលក់និងចែកចាយស្រោមអនាម័យចំនួន១៣លានស្រោម។
លោករំពឹងទុកថា នៅក្នុងឆ្នាំ ២០១៥ នេះ លោក ការលក់ និងចែកចាយស្រោម អនាម័យនឹងកើនដល់ជាង ១២លាន ដោយសារ PSK បានពង្រីកតំបន់ចែកចាយ ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ស្រោមផងដែរ។ ចំនួន១២លាន ឬ១៣លានស្រោមនេះ គឺជាចំនួនដែលអង្គការ PSK លក់ និងចែកចាយតែប៉ុណ្ណោះ។ ចំនួនស្រោមអនាម័យលក់ពិតប្រាកដនៅលើទីផ្សារអាចមានចំនួនច្រើនជាងនេះ ពីព្រោះ ស្រោមអនាម័យច្រើនប្រភេទផ្សេងទៀត ត្រូវបានលក់នៅលើទីផ្សារផងដែរ៕

0 Comments