Ad Code

ប៉ូលិស​នាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ក្រុង​និង​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​សង្កាត់​ទួល​សង្កែ​

ភ្នំពេញ ៖ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងឆ្នាំ​២០១៤​និង​ដើមឆ្នាំ​២០១៥​នេះ​ប៉ូ​លិ​ស​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​និង​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការ​រាជធានី​ភ្នំពេញ សហការ​ជាមួយនឹង​សមត្ថកិច្ច​មូលដ្ឋាន បាន​ធ្វើ​ការងារ​របស់​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​ដោយ​ចេញ​ប្រតិបត្តិការ​ស្រាវជ្រាវ​រុករក​និង​ធ្វើ​រដ្ឋបាល​នៅ​ទីតាំង​សង្ស័យ​មួយចំនួន​នៅ​ទូទាំង​ប្រទេស​ក៏ដូចជា​នៅ​ហាង​កាហ្វេ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចាប់​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ ដែល​មកដល់​ម៉ោង​នេះ​បាន​ចំនួន​រាប់​ពាន់​នាក់​ហើយ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ ទី​៦ ខែមករា ឆ្នាំ​២០១៥ ផ្ទះ​លក់​កាហ្វេ និង​ផ្ទះ​ជួល​នៅ​ផ្លូវ​៧០​និង​ផ្លូវជាតិ​លេខ​៥​ចំនួន​៣​ទីតាំង​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ត្រូវ​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​សហការ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​ស្នងការ​រាជធានី​ភ្នំពេញ រួម​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឆ្មក់​ចុះ​ត្រួតពិនិត្យ​រក​លិខិតស្នាម ហើយ​ឃាត់​បាន​ស្ត្រី​ជនជាតិ​វៀតណាម​ដែល​មក​ស្នាក់នៅ​ខុសច្បាប់​សរុប​ចំនួន​៦​នាក់។
ហាង​កាហ្វេ​ដែល​ចុះ​ឆែកឆេរ​ទី​១​គឺ ហាង​កាហ្វេ​ង៉ុកងាន់​២ ទី​២​ផ្ទះ​ជួល​មួ​យ​កន្លែង​នៅ​ផ្លូវ​៧០​និង​ទី​៣​ហាង​កាហ្វេ យីហោ ង៉ុក​ងី​ង​៥​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ។ ការ​ចុះពិនិត្យ​រដ្ឋបាល​របស់​សមត្ថកិច្ច​ជា​លទ្ធផល​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​បាន​ចំនួន​៦​នាក់។ បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ទួល​សង្កែ​រួច​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​អន្តោប្រវេសន៍​ស្នងការ​ក្រុង ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់។
លោក​ឧត្តម​សេនីយ៍​ទោ អ៊ុក ហៃ​សីលា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍ប្រាប់​កាសែត​ក្នុងស្រុក​មួយ​កាលពី​ពេល​កន្លងមក​ថា កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ចាប់ខ្លួន​ជនជាតិ​វៀតណាម​និង​ជនបរទេស​ផ្សេងៗ​ទៀត​ដែល​មាន​លិខិតឆ្លងដែន ប៉ុន្តែ​ប្រើ​ខុស​ទិសដៅ និង​មាន​លិខិតឆ្លងដែន​ត្រឹម​ត្រូវតែ​ស្នាក់នៅ​ខុសច្បាប់ ហើយ​ចំពោះ​ជនជាតិ​វៀតណាម ដែល​គ្មាន​លិខិតឆ្លងដែន ខាង​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​តាម​នីតិវិធី នឹង​អនុវត្ត​ទៅតាម​ច្បាប់​អន្តោប្រវេសន៍ ហើយ​ប្រកាស​បណ្ដេញ​ពួកគេ​ចេញពី​ប្រទេស​កម្ពុជា។
លោក បន្ត​ថា ចំពោះ​ជនជាតិ​បរទេស​ណា​ដែល​មាន​លិខិតឆ្លងដែន ប៉ុន្តែ​ប្រើ​ខុស​ទិសដៅ នៅ​ពេល​ដែល​ពួកគេ​ប្រើ​អស់​ទិដ្ឋាការ ត្រូវ​ត្រឡប់​ទៅ​ប្រទេស​ខ្លួន​វិញ។
គួរ​រំលឹក​ថា កន្លងមក​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បាន​ចាប់ខ្លួន​ជនជាតិ​បរទេស ដែល​ចូល​មក​រស់នៅ​កម្ពុជា គ្មាន​ច្បាប់​ត្រឹមត្រូវ បញ្ជូន​ទៅ​ប្រទេស​កំណើត​វិញ​បាន​ចំនួន​ជាង ១២០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ច្រើន​ជាងគេ​ហើយ​ក្នុងចំណោម​ជនអន្តោប្រវេសន៍​ខុសច្បាប់​ជាង ១២០០​នាក់ គឺ​មាន​២៩​សញ្ជាតិ៕
ឌី​រៀ

Post a Comment

0 Comments

Close Menu