កំពង់ឆ្នាំង ៖ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង និងជាប្រធានស្តីទីសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងសហការី នៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ បាននាំយកថវិកាចំនួន៥០ម៉ឺនរៀលទៅចូលបុណ្យសពស្ត្រីឈ្មោះ សាធ មុត អាយុ៥២ឆ្នាំ ជាសមាជិកសមាគមអតីតយុទ្ធជន ដែលបានទទួលមរណៈភាពនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ដោយជំងឺនៅក្នុងខ្ទមកំសត់មួយ ដែលស្ថិតក្នុងវត្តក្តីត្នោត ក្នុងភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ។
លោក ថោង ចំរើន បានឲ្យដឹងថា ស្ត្រីឈ្មោះ សាធ មុត ជាគ្រួសារអតីតយុទ្ធជន ប្ដីគាត់មានឈ្មោះ ហ៊ឹម ហឿន បានស្លាប់កាលពីពេលកន្លងទៅ។ ស្ត្រីរូបនោះមានជំងឺពោះធំ (ទាចទឹក) បានលក់ដី លក់ស្រែមើលខ្លួនអស់ធ្លាក់ខ្លួនក្រគ្មានដីគ្មានផ្ទះសំបែងនៅ បានមកសុំខ្ទមព្រះសង្ឃក្នុងវត្តក្តីត្នោតរស់នៅ ហើយថែមទាំងឧបត្ថម្ភបាយទឹកជារៀងរាល់ថ្ងៃទៀតផង។ កន្លងមកក្នុងនាមលោកជាប្រធានសមាគមស្តីទីក៏ធ្លាប់បានជួយឧបត្ថម្ភនូវថវិកាជាច្រើនលើកដល់ស្ត្រីខាងលើនេះផងដែរ។ តែជីវិតមិនទៀង ស្ត្រីរូបនោះមានជំងឺឈឺធ្ងន់ធ្ងរពេក ហើយក៏បានស្លាប់នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ហើយនៅពេលនាងស្លាប់ព្រះសង្ឃ អាចារ្យវត្ត និងអ្នកភូមិក៏បានជួយរៀបចំធ្វើបុណ្យសមរម្យទៅតាមប្រពៃណីខ្មែរនៅក្នុងវត្ត។
លោកបន្តថា ថវិកា៥០ម៉ឺនរៀលដែលបានយកមកឧបត្ថម្ភបុណ្យសពនៅពេលនេះ គឺថវិកា ផ្ទាល់ខ្លួនរបស់លោក និងមួយចំណែកទៀតបានមកពីការរ៉ៃអង្គាសគ្នានៅក្នុងមន្ទីរសង្គមកិច្ចខេត្ត ដើម្បីជួយគ្នាក្នុងគ្រាមានធុរៈ។ លោកបានបញ្ជាក់ថា ស្ត្រីខាងលើនេះ បានបន្សល់ទុកកូនប្រុសម្នាក់ដែលរស់នៅជាមួយគេក្នុងភូមិ ហើយប្រាក់សមាគមត្រូវនឹងប្រគល់ជូនកូនប្រុសម្នាក់នោះ នៅពេលធ្វើឯកសារលិខិតស្នាមត្រឹមត្រូវតាមផ្លូវច្បាប់៕ ឈៀង ថារិទ្ធ

0 Comments