សៀមរាប ៖ គ្លីនិករស្មីអង្គរជាកម្មសិទ្ធិរបស់ជនជាតិចិនម្នាក់ ស្ថិតនៅក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានអាជ្ញាធរជំនាញពាក់ព័ន្ធធ្វើការចុះដកហូតនូវឱសថហួសកាលបរិច្ឆេទនិងឱសថគ្មានគុណភាពជាច្រើនលើកដើម្បីធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់ ប៉ុន្តែ
មជ្ឈពលរដ្ឋនៅក្នុងក្រុងសៀមរាបរិះគន់ថា មន្ទីរជំនាញពាក់ព័ន្ធគួរតែមានវិធានការក្តៅណាមួយបន្ថែមទៀត ដើម្បីព្រមានដល់គ្លីនិកដ៏ទៃទៀត កុំឲ្យធ្វើតម្រាប់តាម។
ហេតុការចុះបង្ក្រាបឈានដល់ឆែកឆេនេះធ្វើឡើងកាលពីថ្ងៃទី១៥ ខែ មករា ឆ្នាំ ២០១៥នៅត្រង់ចំណុចក្នុងគ្លីនិកឯកជន(យីហោ រស្មីអង្គរ)ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មន្ត្រីសុខាភិបាលបានឲ្យដឹងថា ជាក់ស្តែងមន្ទីរសុខាភិបាលខេត្តបានចូលរួមសហការណ៍គ្នាធ្វើការត្រួតពិនិត្យនិងឈានដល់ធ្វើការឆែកឆេររកឃើញនូវប្រភេទឱសថហួសការបរិច្ឆេទចំនួន៧មុខស្មើ៣១០គ្រាប់ និងប្រភេទស៊ីរ៉ូមអត់ចុះបញ្ជីបានចំនួន៨២ដប ដែលម្ចាស់ទុកសម្រាប់យកមកលក់ និងដាក់ស៊ីរ៉ូមឲ្យអ្នកជម្ងឺដែលមកព្យាបាលនៅក្នុងគ្លីនិកនេះ ប៉ុន្តែគ្លីនិក(យីហោរស្មីអង្គរនេះមានច្បាប់ពិនិត្យព្យាបាលត្រឹមត្រូវ តែមិនទាន់បានចុះបញ្ជីការនិងលេខប្រវេទន៍ពីក្រសួងសុខាភិបាលទេបន្ទាប់ពីសមត្ថកិច្ចជំនាញត្រួតពិនិត្យរកឃើញបែបនេះក៏បាននាំយកវត្ថុតាងមកកាន់ការិយាល័យជំនាញតែម្តង។ មន្ត្រីដដែលបន្ថែមថា បច្ចុប្បន្នម្ចាស់គ្លីនិកឯកជន(យីហោរស្មីអង្គរត្រូវបានសមត្ថកិច្ចធ្វើការផាកពិន័យចំនួន១០លានរៀលទៅតាមច្បាប់អន្តរកាលដែលមិនទាន់បានចុះបញ្ជីការនិងលេខប្រវេទន៍ស្តីពីការគ្រប់គ្រងឱសថដើម្បីកុំឲ្យអ្នកលក់ឱសថ ឬអ្នកព្យាបាលផ្សេងទៀតយកគំរូតាមគ្លីនិកមួយនេះ។ មន្ត្រីដដែលបានបន្តទៀតថា មន្ទីរសុខាភិបាលខេត្តនិងប្រមូលវត្ថុតាងទាំងអស់នេះទៅដុតកំទេចចោល។
សូមរំលឹកផងដែរថា គ្លីនិករស្មីអង្គរនេះ ត្រូវបានសមត្ថកិច្ចជំនាញនិងមន្ទីរពាក់ព័ន្ធធ្វើការដកហូតយកឱសថជាច្រើនលើកយកមកធ្វើការផាកពិន័យ ជាងនេះទៅទៀតកន្លងទៅគ្លីនិកនេះធ្លាប់បានព្យាបាលអ្នកជម្ងឺបណ្តាលឲ្យស្លាប់ផងដែរ។ សូមរំលឹកបន្ថែមទៀតថា នៅក្នុងខេត្តសៀមរាបមានសេវាកម្មទទួលព្យាបាលអ្នកជម្ងឺជាច្រើនកន្លែងដែលគេពុំទាន់ដឹងថា គ្លីនិកទាំងនោះមានច្បាប់ទម្លាប់ត្រឹមត្រូវដែរឬទេ ព្រោះកន្លងទៅមានគ្រូពេទ្យគ្មានជំនាញត្រឹមត្រូវព្យាបាលអ្នកជម្ងឺបណ្តាលឲ្យស្លាប់ ប៉ុន្តែមន្ទីរសុខាភិបាលខេត្តគ្រាន់តែធ្វើការផាកពិន័យប៉ុណ្ណោះ។
ជុំវិញករណីនេះដែរ លោក ក្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបមិនអាចសុំការពន្យល់បានទេ នៅរសៀលថ្ងៃទី១៦ខែមករានេះ ដោយលោកឆ្លើយតាមទូរស័ព្ទថា លោកកំពុងរវល់ជាប់ប្រជុំ៕
0 Comments