ការពន្យារពេលការដេញថ្លៃប្រេងថៃ គឺជាការដើរថយក្រោយ
កាសែត The Nation បានឲ្យដឹងថា មន្ដ្រីថាមពលជាន់ខ្ពស់របស់ថៃម្នាក់បាននិយាយថា ការពន្យារពេលជុំទី២១ នៃការដេញថ្លៃចំពោះការធ្វើសម្បទានប្រេងនោះ នឹងប៉ះពាល់អវិជ្ជមានដល់ការជឿទុកចិត្ដរបស់អ្នកវិនិយោគទុន។
លោក Kurujit Nakornthop អនុរដ្ឋមន្ដ្រីអចិន្ដ្រៃយ៍ក្រសួងថាមពលថៃ និងជាសមាជិកគណៈកម្មាធិការកែទម្រង់ថាមពលរបស់ក្រុមប្រឹក្សាកែទម្រង់ជាតិ (NRC) បាននិយាយថា ការសម្រេចអំពីថា តើថៃត្រូវធ្វើដំណើរទៅមុខជាមួយនឹងការដេញថ្លៃ ឥឡូវនេះស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាល និងក្រសួងថាមពលនោះឬក៏យ៉ាងណា?
លោក Kurujit បានបន្ដថា ភារកិច្ចរបស់គណៈកម្មាធិការត្រូវបានបំពេញ។ យើងបានទទួលរ៉ាប់រងធ្វើការសិក្សាអំពីថា តើត្រូវចាប់ផ្ដើមនូវការដេញថ្លៃការធ្វើសម្បទាននេះយ៉ាងណា? ឬក៏យ៉ាងដូចម្ដេច? ពីព្រោះរដ្ឋាភិបាលបានស្នើសុំយោបល់យើង។
ភាគច្រើននៃសមាជិករបស់ NRC កាលពីថ្ងៃអង្គារ មិនបានយល់ព្រមជាមួយសេចក្ដីសម្រេចរបស់គណៈកម្មាធិការកែទម្រង់ថាមពលដើម្បីធ្វើចលនាទៅមុខជាមួយការដេញថ្លៃនៅជុំទី២១នេះទេ ស្របជាមួយនឹងផែនការបច្ចុប្បន្ន និងដើម្បីសិក្សាអំពីប្រព័ន្ធបែងចែកការផលិតដែលស័ក្ដិសមចំពោះសក្ដានុពលនៃធនធានប្រេង។
លោក Kurujit បានបន្ថែមថា មានសមាជិកចំនួន២៥នាក់នៅក្នុងគណៈកម្មាធិការកែទម្រង់ថាមពល ២២នាក់នៅក្នុងចំណោមពួកគេបានយល់ព្រមជាមួយនឹងការបើកការដេញថ្លៃការធ្វើសម្បទានប្រេងជុំទី២១ ចំណែកសមាជិក៣នាក់បានរក្សាយោបល់របស់ពួកគេ។
លោក Kurujit បានបន្ដទៀតថា នៅក្នុងអំឡុងសម័យពិភាក្សាទូទៅរបស់ NRC វាគ្មិនភាគច្រើនបានសម្ដែងចេញការគាំទ្រចំពោះជុំទី២១នេះ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីការបោះឆ្នោតនៅពេលខាងក្រោយមកអំពីបញ្ហានេះបានធ្លាក់ទៅលើភាគីផ្សេងទៀត ឥឡូវនេះគឺស្រេចទៅលើរដ្ឋាភិបាលដើម្បីធ្វើការសម្រេចថា តើនឹងធ្វើតាមហេតុផលរបស់សំឡេងភាគច្រើនរបស់សមាជិកគណៈកម្មាធិការ ឬក៏សំឡេងភាគច្រើនរបស់ NRC។ លោក Kurujit បានសង្កត់ថា ការពន្យារពេលនៅក្នុងជុំដេញថ្លៃនឹងប៉ះពាល់ជាអវិជ្ជមានដល់ការជឿទុកចិត្ដរបស់អ្នកវិនិយោគទុន ដោយសាររដ្ឋាភិបាលប្រកាសរួចហើយថា ខ្លួននឹងបើកការដេញ ថ្លៃនៅជុំថ្មីនោះ។
លោក Kurujit បានបញ្ជាក់ថា ប្រទេសថៃបាននាំចូលប្រភពថាមពលមានតម្លៃជាង១លានលានបាតក្នុងមួយឆ្នាំ ដោយប្រេងឆៅមានចំនួន៨៥ភាគរយនៃការនាំចូល និងឧស្ម័នធម្មជាតិសម្រាប់ចំនួនដែលនៅសល់៕
ថាលីយ៉ាន
0 Comments