កំពង់ឆ្នាំង ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ផល អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងថា «អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចត្រូវបញ្ឈប់ការធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណអោយជនបរទេស»ឯកឧត្តមបាន លើកឡើងបែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារជំរឿន ពិនិត្យអត្ថពលករបរទេសនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ដែលក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោកមេឃុំ មេប៉ុស្តិ៍ និងឯកឧត្តម ឈួរ ច័ន្ទឌឿន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តផងដែរ។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុទ្ធី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានរាយការណ៍ឲ្យដឹងថាការជំរឿនជនបរទេស អន្តោប្រវេសន៍នៅក្នុងខេត្តកំពង់ឆ្នាំងមានចំនួន២៤៧៨គ្រួសារ ក្នុងនោះមានមនុស្សរួម១០.៥១៨នាក់ ស្រី៥.០៦២នាក់ បានត្រួតពិនិត្យអត្ថពលករបាន២៥ក្រុមហ៊ុន មានមនុស្សរួម៤៦៨នាក់ មាន៤សញ្ជាតិ ក្នុងបានចាប់បញ្ជូនជនបរទេសខុសច្បាប់ចំនួន២៤នាក់ បញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងនោះបានពិន័យជនបរទេស ដែលពុំមានសៀវភៅការងារ និងប័ណ្ណការងារតាមរោងចក្រ សហគ្រាស បានចំនួន២២នាក់ និងបានផាកពិន័យក្នុងម្នាក់ៗ ៥០ម៉ឺនរៀល ស្មើនឹងទឹកប្រាក់១១លានរៀលចូលថវិការដ្ឋ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងបានថ្លែងឲ្យដឹងថា កន្លងមកគណៈកម្មការជំរឿនជនបរទេសថ្នាក់ខេត្ត មានការលំបាកស្មុគស្មាញមួយចំនួនដោយសារជនបរទេសភាគច្រើនរស់នៅលើផ្ទៃទន្លេ និងបានផ្លាស់ទីតាំងជាញឹកញាប់ធ្វើឲ្យប៉ះពាល់ ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋតាមរយៈការប្រើប្រាស់ទឹកយ៉ាងធ្ងន់ធ្ងរ។ ជនបរទេសមួយចំនួនបានលួចសម្ងំធ្វើការងារដោយគ្មានប័ណ្ណការងារ និងមិនគោរពច្បាប់អន្តោប្រវេសន៍។ កន្លងមកសមត្ថកិច្ចអាជ្ញាធរដែនដីមិនទាន់យល់ច្បាស់អំពីច្បាប់អន្តោប្រវេសន៍ ពេលខ្លះពួកគេឃុបឃិតលាក់បាំងដោយគិតថាបញ្ហានេះជាបញ្ហាធម្មតា។
ដោយឡែកឯកឧត្តម សុខ ផល បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចត្រូវបញ្ឈប់ការធ្វើសំបុត្រកំណើត សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណអោយជនបរទេស ព្រោះ ទង្វើទាំងនេះជាអំពើខុសច្បាប់ និងធ្វើអោយការងារគ្រប់គ្រងជនបរទេសមានផលលំបាក និងអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិដែលបង្កឡើងដោយភេរវកម្មបរទេសបើយើងមិនបាន។
ឯកឧត្តម បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់គ្រងអោយបាននូវការចេញចូលនិងស្នាក់អាស្រ័យរបស់ជនបរទេសនៅក្នុងមូលដ្ឋាន ត្រូវពង្រឹងការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ឲ្យបានម៉ឺងម៉ាត់ ដោយផ្សព្វផ្សាយអោយជនបរទេសអន្តោប្រវេសន៍ស្របច្បាប់អោយចូលបង់អាករប្រចាំឆ្នាំតាមគោលការណ៍ច្បាប់។នៅក្នុងពិធីនេះផងដែរ ឯកឧត្តម បានប្រគល់នូវកាណូតបាឡាស្មាច់២គ្រឿង កុំព្យូទ័រមួយគ្រឿង និងរថយន្ត១គ្រឿងដល់ការិយាល័យអន្តោប្រវេសន៍នៃ ស្នងការនគរបាលខេត្តដើម្បីប្រើប្រាស់ជាផ្លូវការ៕
0 Comments