កំពង់ឆ្នាំង ៖ ពួកអ្នកល្បែងប្រជល់មាន់ និងអាប៉ោងជាច្រើននាក់ បានរត់យករួចខ្លួនទុកម៉ូតូចោលជាច្រើនគ្រឿង នៅពេលកម្លាំងនគរបាលស្រុកកំពង់ត្រឡាចសហការជាមួយនគរបាលខេត្តចុះទៅបង្ក្រាប។ ការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ នៅចំណុចបូមខ្សាច់ ស្ថិតក្នុងភូមិទា ឃុំឈូកស ស្រុកកំពង់ត្រឡាច។
លោក ប៉ុល វុទ្ឋី ស្នងការរងនគរបាលខេត្តទទួលបន្ទុកប្រធានការិយាល័យកណ្ដាលយុត្តិធម៌បានឲ្យដឹងថា ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋប្រាប់ថា មានការជល់មាន់ដាក់លុយ និងមានលេងអាប៉ោងនៅចំណុចខាងលើ លោកស្នងការនគរបាលខេត្តបានបញ្ជាឲ្យលោកដឹកនាំកម្លាំងនគរបាលខេត្តសហការគ្នាជាមួយនគរបាលស្រុកកំពង់ត្រឡាចទៅព័ទ្ធចាប់អ្នកលេងល្បែងខាងលើនេះ។ ប៉ុន្តែដោយសារភូមិសាស្ត្រខាងលើនេះមិនអំណោយផល ព្រោះព្រៃច្រើនពេកធ្វើឲ្យអ្នកលេងល្បែងទាំងនោះដឹងខ្លួនទាន់នាំគ្នារត់គេចខ្លួនអស់សល់តែវត្ថុតាងមួយចំនួន ត្រូវបានដកហូតមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
វត្ថុតាងដែលដកហូតបានរួមមាន មាន់ជល់៣ក្បាល ចានអាប៉ោង១ ម៉ូតូចម្រុះ២០គ្រឿង និងសម្ភារៈមួយចំនួនទៀតដែលបម្រើឲ្យល្បែងស៊ីសងនេះ។ វត្ថុតាងទាំងនេះ ត្រូវបានលោកស្នងការរងបញ្ជាក់ឲ្យដឹងថា នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី និងសុំដីកាតាមចាប់ខ្លួនម្ចាស់សង្វៀនមាន់ខាងលើនេះដែរ។
មន្ត្រីនគរបាលស្រុកកំពង់ត្រឡាចបាននិយាយឲ្យដឹងថា ម្ចាស់សង្វៀនមាន់ខាងលើនេះមាន
ឈ្មោះ បូ ដែលពេលនេះកំពង់រត់គេចខ្លួន។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលលេងល្បែងស៊ីសងខាងលើមានការសប្បាយចិត្ត និងសាទរយ៉ាងខ្លាំងចំពោះចំណាត់ការបង្ក្រាបល្បែងស៊ីសងខាងលើនេះរបស់សមត្ថកិច្ច តែពួកគាត់សូមសំណូមពរឲ្យបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ទាំងអស់ មិនត្រូវដោះលែងដោយត្រឹមតែធ្វើការផាកពិន័យយកលុយដូចមុនៗទៀតនោះ គឺពួកគេមិនរាងចាលឡើយ៕ ឈៀង ថារិទ្ធ
0 Comments