តាកែវ ៖ នៅទូទាំងស្រុកសំរោងប្រជាពលរដ្ឋស្ទើរតែគ្រប់ឃុំសុទ្ធតែទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ប៉ុន្តែនៅសល់តែ៣ឃុំប៉ុណ្ណោះ ដែលមិនទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី ធ្វើឲ្យប្រជាពលរដ្ឋមានទំនាស់គ្នាជារៀងរាល់ថ្ងៃ។ អាជ្ញាធរឃុំស្រុក និងការិយាល័យសុរិយោដីស្រុកដោះស្រាយមិនចេះចប់ មិនហើយ មានករណីខ្លះដោះមិនចេញបានបញ្ជូនទៅតុលាការទៀតផង។ ជាក់ស្តែងដូចជានៅឃុំទ្រា ឃុំជើងគួន និងឃុំស្លា ពីមួយថ្ងៃទៅមួយថ្ងៃនៅតាមសាលាឃុំទាំងបីគឺគ្មានដោះស្រាយរឿងអ្វីក្រៅពីដោះស្រាយទំនាស់ដីធ្លីនោះទេ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសការិយាល័យភូមិបាលស្រុក និងមន្ទីរសុរិយោដីខេត្តតែម្តងដែលទុកចោលដី៣ឃុំមិនព្រមដោះស្រាយធ្វើប្លង់ជូនពួកគាត់។ ប្រជាពលរដ្ឋទាំង៣ឃុំមានចម្ងល់ខ្លាំងណាស់បាននិយាយថា នៅទូទាំងប្រទេសលឺតែសម្ដេចហ៊ុន សែនឲ្យក្រុមនិស្សិតចុះដើរវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិប្រគល់ឲ្យប្រជាពលរដ្ឋដូចជានៅខេត្តដាច់ស្រយាលឆ្ងាយ។ ចុះហេតុអ្វីបានជាពួកគាត់មិនទទួលប័ណ្ណកម្មសិទ្ធិដូចជាពួកគេទាំងនោះ សូម្បីតែនៅជុំវិញឃុំទាំង៣នេះគេមានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីនេះជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋម្នាក់ឈ្មោះ សឺ នាង រស់នៅក្នុងភូមិដូង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ បាននិយាយថា គាត់មានទំនាស់ដីជាមួយបងប្អូនបង្កើត បងគាត់បានមកសុំដីគាត់នៅកាលពីឆ្នាំ១៩៨៨ ឥឡូវគាត់បានឈ្លោះយក។ គាត់បានប្ដឹងចុះឡើងៗតែនៅតែមិនព្រមឈ្នះចាញ់ ពីព្រោះគ្មានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី។ ប៉ុន្តែឥឡូវនេះគាត់សុខចិត្តប្រគល់ដីនេះឲ្យបងគាត់ទាំងឈឺចាប់។ ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ស៊ន សយ រស់នៅភូមិដូង ឃុំទ្រាំបាននិយាយថា ឥឡូវនេះដីផ្លូវទៅស្រែប្រាំងត្រូវបានឈ្មោះ ញ៉េន នៅភូមិសំរោងវាទិញយកផ្លូវចង់អស់ទៅហើយ អ្នកខ្លះទៀតវាទិញយកដីចំណីវត្ត ដីទួលធ្វើស្រែ ប្ដឹងមេភូមិ មេឃុំគាត់ថា ចាំឲ្យថ្នាក់លើភូមិបាលស្រុកចុះមកធ្វើប្លង់សិន ប៉ុន្តែរង់ចាំហើយចាំទៀត មិនដឹងជាថ្ងៃណា ខែណា ឆ្នាំណាមកនោះទេ។ ប្រជាពលរដ្ឋឈ្មោះ វ៉ែន វៃ នៅភូមិត្នោតទេ ឃុំទ្រា បាននិយាយថា ប្រជាពលរដ្ឋបានចាក់ដីលប់ព្រែកចាស់ធ្វើផ្ទះអស់ទៅហើយ ដោយឃុបឃិតជាមួយអាជ្ញាធរភូមិឃុំស្រុក និងសុរិយោដីពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងភូមិរបស់គាត់កាន់តែការរំលោភយក និងឈ្លោះប្រកែកដោះស្រាយស្ទើរតែរាល់ថ្ងៃ ដោយសំអាងតែគ្មានប័ណ្ណកម្មសិទ្ធិនេះឯង។ ប្រជាពលរដ្ឋឈ្មោះ ដែក រី នៅភូមិក្រាំងឡង ឃុំជើងគួន បាននិយាយថា សព្វថ្ងៃនេះគាត់មានដីចំនួនពីហិកតាសម្រាប់ធ្វើស្រែ និងដាំដំណាំផ្សេងៗ។ គាត់ចង់ធ្វើប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីទៅសួរភូមិបាលស្រុកគេធ្វើឲ្យ ប៉ុន្តែគេយកលុយច្រើនគាត់គ្មានលទ្ធភាពទេ មានតែទុកចោលរង់ចាំដល់ពេលក្រសួងមកចុះធ្វើពេលណាគាត់ធ្វើពេលនោះទៅ។ ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ យឹម សាមិត្តនៅភូមិស្លាបាននិយាយថា គាត់រង់ចាំការធ្វើប្លង់ប័ណ្ណកម្មសិទ្ធិនេះ ដូចជារង់ចាំទឹកភ្លៀងទៅហើយ ឮតែឆ្នាំនេះ ឆ្នាំនោះមកធ្វើ ប៉ុន្តែគ្មានសង្ឃឹមសោះ។ គាត់មានដីភូមិជាប់ជាមួយអ្នកជិតខាងបានឈ្លោះប្រកែកគ្នាដោះស្រាយរហូតដល់តុលាការខេត្តមិនចេញធ្វើឲ្យអស់លុយគាត់ជាច្រើន ប៉ុន្តែមិនទទួលបានលទ្ធផលសោះ។ ប្រជាពលរដ្ឋជាច្រើននាក់ទៀតនៅក្នុងឃុំទាំង៣នេះសុទ្ធតែមានរឿងរ៉ាវជាច្រើនស្រដៀងគ្នា សូមអំពាវនាវដល់ក្រសួងសុរិយោដី និងសំណង់មេត្តាចុះមកធ្វើប្លង់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីជូនឃុំទាំង៣នេះផង កុំទុកឲ្យប្រជាពលរដ្ឋមានទំនាស់គ្នាតទៅទៀត។ ទាក់ទងបញ្ហាខាងលើមន្ត្រីសុរិយោដីស្រុកបាននិយាយថា បញ្ហាដីទាំង៣ឃុំនេះមកពីមានដីស្រែប្រាំងច្រើនពេកប្រជាពលរដ្ឋលក់ចេញលក់ចូលស្រេចតែចិត្ត ដោយគ្រាន់តែស៊ីញេមេភូមិ និងមេឃុំតែប៉ុណ្ណោះ។ ម្យ៉ាងទៀតវាមានដីសម្បទារដ្ឋជាច្រើនដែលប្រជាពលរដ្ឋទន្ទ្រានកាន់កាប់ ប៉ុន្តែគាត់នឹងស្នើទៅក្រសួងដើម្បីវាស់ជូនឲ្យបានឆាប់ៗនៅពេលខាងមុខ៕
0 Comments