Ad Code

ប្រជុំ​បូក​សរុប​ការងារ​នគរបាល​ចរាចរណ៍​ឆ្នាំ​២០១៤​ និង​រក​វិធី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥​ឲ្យ​ថយចុះ​


កំពង់ឆ្នាំង ៖ លោក​អធិការ​និង​លោក​អធិការ​ង​តាម​ស្រុក​ បាន​លើកឡើងថា​ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ ត្រូវបង្កើន​ការ​ផ្សព្វផ្សាយ​ច្បាប់​ដល់​ប្រជាពលរដ្ឋ អនុវត្ត​ការ​រឹតបន្តឹង​ច្បាប់​ចរា​ចរណ៍​ ដោយ​ធ្វើការ​ផាកពិន័យ​ឲ្យបាន​ម៉ឺងម៉ាត់ និង​លុបបំបាត់​ឲ្យបាន​វប្បធម៌​អន្តនាគម។​ការលើកឡើង​បែបនេះ ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​នគរបាល​ចរាចរណ៍​ឆ្នាំ​២០១៤ និង​ដៅ​ការងារ​ចរាចរណ៍​ឆ្នាំ​២០១៥ នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៨​ខែមករា ឆ្នាំ​២០១៥ ដែលមាន​ការចូលរួម​ពី​លោក​អធិការ អធិការរង និង​មន្ត្រីនគរបាល​ចរាចរ​ណ៍​មកពី​ស្រុក​ទាំង​៨​ក្នុង​ខេត្តកំពង់ឆ្នាំង។

លោក អៀ ប៊ុនធឿន នាយការិយាល័យ​នគរបាល​ចរាចណ៍​ផ្លូវគោក​ខេត្ត​ បាន​រាយការណ៍​អំពី​សភាពការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ឆ្នាំ​២០១៥​ឲ្យដឹងថា នៅក្នុង​ឆ្នាំ​២០១៤​គិតពី​ថ្ងៃទី​១១ ខែវិច្ឆិ​កា ឆ្នាំ​២០១៣​ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្នុង​ខេត្តកំពង់ឆ្នាំង​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៣០​លើក កើន​លើស​ឆ្នាំ​២០១៣​ចំនួន​៥២​លើក បង្ក​អោយ​មនុស្ស​ស្លាប់​១០៣​នាក់​លើស​ឆ្នាំមុន​២១​នាក់ របួស​សរុប​៤៥៦​នាក់​លើស​ឆ្នាំ​មុន​១០៩​នាក់ របួសធ្ងន់​២១៧​នាក់​លើស​ឆ្នាំមុន​៤៥​នាក់របួស​ស្រាល​២៣៩​នាក់​លើស​ឆ្នាំមុន​៦៥​នាក់។ខូចខាត​រថយន្ត​១០១​គ្រឿង ខូច​ម៉ូតូ​២៤៧​គ្រឿង ខូច​យាន​យន្ត​កែច្នៃ​១០​គ្រឿង ខូច​កង់​៦​គ្រឿង បាក់​ស្លាក​គណៈបក្ស​១​ផ្លាក បាក់​របង​ស៊ីម៉ង់​ និង​ក្លោងទ្វារ​៣០​ម៉ែត្រ បាក​ស្ពានថ្ម​៥​ម​គុណ​២,៣៥​ម និង​ខូច​បង្គោល​ភ្លើង​១​ដើម។ នៅ​ក្នុង​គ្រោះថ្នាក់​នេះ​រកឃើញ​អ្នកបើក​ម៉ូតូ​មិន​ពាក់មួក​សុ​វត្តិភាព​២២៤​នាក់ អ្នកបើក​ម៉ូតូ​ពាក់មួក​សុ​វត្តិភាព តែ​៣៤​នាក់ ដែល​អាច​វាយតម្លៃ​បាន​ថា អ្នកបើកបរ​ម៉ូតូ​ភាគ​ច្រោះ​ន​មិន​គោរព​ច្បាប់​ឬ​មិន​យល់​ច្បាប់​ចរាចរណ៍។

លោក អៀ ប៊ុនធឿន បាន​លើកឡើងថា មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​មកពី​កត្តា​មនុស្ស​មាន​២០៧​លើក កត្តា​យានយន្ត​១២​លើក និង​កក្តា​ផ្លូវ​តែ​៣​លើក​ប៉ុណ្ណោះ។

នៅក្នុង​ពិធី​ប្រជុំ​បូកសរុប​ការងារ​ចរាចរណ៍​នេះ លោក​អធិការ លោក​អធិការនគរបាល​ទទួល​កិច្ចការងារ​ចរាចរណ៍​តាម​ស្រុក​ បានលើកឡើង​អំពី​វិធានការណ៍​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចារ​ចរណ៍​នៅក្នុង​ឆ្នាំ​២០១៥​ថា ត្រូវ​បង្កើន​ឲ្យបាន​ខ្លាំងក្លា​ការផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​នៅ​គ្រប់​មូលដ្ឋាន​ភូមិ​ឃុំ សាលារៀន​ និង​តាម​រោងចក្រ​។ ត្រូវ​បង្កើន​ការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ដោយ​អនុវត្ត​ការផាកពិន័យ​តាម​កំណត់​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់ ដូចជា​ត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចំពោះ​បទល្មើស​ចរាចរណ៍​ធំៗ​ដែល​បង្ក​អោយ​មនុស្ស​ស្លាប់​។ ត្រូវតែ​លប់បំបាត់​វប្បធម៌​អន្តរា​គម​ឲ្យបាន​ជាដាច់ខាត ដោយ​មិនត្រូវ​ចាត់ទុកថា​ច្បាប់​សំរាប់តែ​អ្នកតូច​ និង​ប្រជាពលរដ្ឋ​គោរព​នោះ​ឡើយ ដែល​កន្លងមក​ប្រជាពលរដ្ឋ​ស្រួល​ផាកពិន័យ​ និង​អប់រំ​ទេ តែ​កូន​អ្នកធំ មន្ត្រី​រាជការ និង​អ្នក​មាន​សក្ត័ធំៗ​ តែម្តង​ដែល​ពិបាក និង​យក​ច្បាប់​មក​ជាន់ឈ្លី​មិន​ខ្ចី​គោរព​។

សំណូមពរ បច្ចុប្បន្ន​មន្ត្រីនគរបាល​ចរាចរណ៍​នៅតាម​ក្រុង និង​ស្រុក​មាន​មាន​កម្លាំង​តិច​ពី​៤​នាក់​ទៅ​៧​នាក់​តែប៉ុណ្ណោះ មិនអាច​រាប់​រង​ការងារ​បាន​គ្រប់​ជ្រុងជ្រោយ​តាម​ផែនការ​ថ្នាក់លើ​ឡើយ។លោក​អធិការ​គ្រប់​ស្រុក​ស្នើសុំ​ថ្នាក់លើ​ជួយ​បំពេញបន្ថែម​ទៅតាម​ក្របខណ្ឌ សំណូមពរ​បំពាក់​ឧប​ករណ៍​ចាប់​ល្បឿន​នៅតាម​ស្រុក​ និង​សំណូមពរ​មន្ត្រីនគរបាល​ទាំងអស់​ត្រូវ​ធ្វើជា​គំរូ​ឈានមុខ​គេ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍។

លោក ឡុ​ច វណ្ណា​រា ស្នងការរង​នគរបាល​ខេត្ត និង​ជា​ប្រធានការិយាល័យ​កណ្តាល​សណ្តាប់​ធ្នាប់​នៃស្នងការដ្ឋាន​បគរបាល​ខេត្ត ដែល​បាន​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​នេះ បាន​ថ្លែងថា លោក​និង​ធ្វើការ​បូកសរុប​លទ្ធផល​នៃ​ការប្រជុំ​នេះ និង​សំណូមពរ​របស់លោក​អធិការ​គ្រប់​ស្រុក​ជូន​លោក​ស្នងការ​និង​ថ្នាក់លើ ដើម្បី​សំដៅ​បង្កើន​កិច្ចប្រតិបត្តិការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៥​នៅក្នុង​ខេត្តកំពង់ឆ្នាំង​អោយ​ថយចុះ​ និង​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​មាន​ប្រសិទ្ធភាព​ខ្ពស់៕




Post a Comment

0 Comments

Close Menu