ឧត្តរមានជ័យ ៖ សកម្មភាពកម្លាំងសមត្ថកិច្ចចម្រុះចាប់បង្ក្រាបជើងមាន់ សាច់មាន់ជាប់ឆ្អឹងនិងប្រហិតចម្រុះជាច្រើនមុខ ខូចគុណភាព និងនំស្ពោតគ្មានស្លាកសញ្ញា រាប់រយគីឡូក្រាមនោះរួមមានមន្ត្រីកាំកុងត្រូល មន្ត្រីគយ មន្ត្រីប៉ូលិសអន្តោប្រវេសន៍ និងមន្ត្រីទីស្នាក់ការច្រកអន្តរជាតិជាំនោះបានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០១៥នៅចំណុចច្រកអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិលើភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
លោក ឃីវ ចាន់សុខុម ប្រធានសាខាកាំកុងត្រូលខេត្តប្រចាំនៅច្រកអន្តរជាតិជាំបានឲ្យដឹងថា ជើងមាន់ សាច់មាន់និងប្រហិតជាច្រើនមុខ ខូចគុណភាពនិងនំស្ពោតគ្មានស្លាកសញ្ញានោះ ត្រូវបានប្រជាពលរដ្ឋជាអាជីវកទៅទិញពីផ្សារថៃ រួចហើយលួចលាកបង្កប់តាមរថយន្ត តាមរទេះ និងម៉ូតូជាដើម ហើយយកទៅលក់ចែកចាយតាមផ្សារនៅតាមបណ្តាលស្រុកឆ្ងាយៗ ហើយប្រជាពលរដ្ឋមិនដឹងចេះតែទិញយកទៅហូបមិនដឹងថា ប៉ះពាល់ដល់សុខភាពយ៉ាងណានោះទេ ពីព្រោះជើងមាន់ សាច់មាន់ជាប់ឆ្អឹងនិងប្រហិតខូចគុណភាពទាំងនោះមានតម្លៃថោក ហើយនំស្ពោតដែលគ្មានស្លាកសញ្ញាភាគច្រើនគេយកទៅលក់នៅតាមសាលារៀន ដែលសិស្សសាលាមានលុយតិចតួចក៏អាចទិញហូបបានដែរ។
លោក ឃីវ ចាន់សុខុម ប្រធានសាខាកាំកុងត្រូលខេត្តបានបន្តទៀតថា ជើងមាន់ សាច់មាន់ជាប់ឆ្អឹង និងប្រហិតទាំងនោះសិតតែគេដាក់សារជាតិគីមី និងជាតិប៉ារ៉តទៀតផងដើម្បីកុំឲ្យស្អុយរលួយរក្សាទុកបានយូរ ហើយបើយើងហូបទៅ បណ្តាលឲ្យប៉ះពាល់ដល់សុខភាព ហើយជើងមាន់ សាច់មាន់ជាប់ឆ្អឹង ប្រហិតចម្រុះនិងនំស្ពោតគ្មានស្លាកសញ្ញាសរុបចំនួន៣៦៥គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ចចំរុះធ្វើការដុតកំទេចចោលនៅជិតទីស្នាកការច្រកអន្តរជាតិជាំ៕
0 Comments