Ad Code

លោក ប៊ុន ហួរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បើកឡាន​បុក​ម៉ូតូ​ដឹក​ទឹកកក​ផ្អើល​មនុស្សម្នា​ទាំង​ព្រឹក​

ព្រះសីហនុ ៖ ម៉ូតូ​ដឹក​ទឹកកក​មួយ​គ្រឿង​បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ ខណៈ​ពេល​បើក​បុក​ជា​មួយ​នឹង​រថយន្ត​កា​ម៉ា​រី​ឆ្លាម​របស់​លោក ប៊ុន ហួរ​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ប៉ុន្តែ​សំណាងល្អ​ក្នុង​ហេតុការ​ណ៍​នេះ​មិន​មាន​នណា​ម្នាក់​របួស​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ។ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក​ ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ត្រង់​ចំណុច​ផ្លូវ​បំបែក​ស្តុ​ប​ខាងមុខ​អតីត​មន្ទីរ​សុខាភិបាល​ខេត្ត​ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ​។​
ទាក់ទិន​នឹង​ហេតុការណ៍​ខាង​លើ​នេះ​ បើ​តាម​សាក្សី​ជាច្រើន​នៅ​ក្បែរៗ​កន្លែង​កើតហេតុ​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ជនរងគ្រោះ​ដឹក​ទឹកកក​ពេញ​ពី​ក្រោយ​ បើកបរ​ក្នុង​ល្បឿន​យឺតៗ ​លុះ​មកដល់​ចំណុច​ភ្លើងស្តុប​កើតហេតុ​ ក៏​ស្រាប់តែ​ឃើញ​រថយន្ត​កាមរី​ឆ្លាម​ខាងលើ​បើក​យ៉ាង​លឿន​ពី​ទិសដៅ​មកពី​ផ្លូវ​ភោជនីយដ្ឋាន​"ជាង​លីម​" បាន​បើក​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង​តែម្ដង ​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ខ្ទាត​ចេញពី​ម៉ូតូ និង​ទឹកកក​ធ្លាក់​រាយ​ពាសពេញ​ផ្លូវ​ ចំណែក​ម៉ូតូ​ជាប់​នឹង​កាង​រថយន្ត​តែម្ដង​ ធ្វើ​ឲ្យ​រថយន្ត​បើក​ទៅមុខ​លែង​រួច​ទើប​ឈប់​។ សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ហេតុ​ម៉ាក​កា​ម៉ា​រី​ឆ្លាម ​ពណ៌​ស្ករ ​ពាក់​ស្លាក​លេខ 2A 3529 ព្រះសីហនុ​ បើកបរ​ដោយ​ឈ្មោះ ​ប៊ុន ហួរ អតីត​អភិបាលស្រុក​ព្រៃនប់​បច្ចុប្បន្ន​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាង​មុខជា​ដំណំ។ ចំពោះ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មានឈ្មោះ បុ​ត ធឿន អាយុ​២២​ឆ្នាំ ​មុខរបរ​ជា​កម្មករ​ដឹក​ទឹកកក​ឲ្យ​ថៅកែ​ឈ្មោះ កុង សែ (​អូរ​១) រង​របួស​ជើង ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០​ស៊េរី​ចាស់​ ពណ៌​ខ្មៅ​ រង​ការខូចខាត​ធ្ងន់ធ្ងរ​។​
ជុំវិញ​ករណី​ខាង​លើ​នេះ​ ដោយសារតែ​ភាគី​ថៅកែ​ទឹកកក​ទំនង​ខ្លាច​បុណ្យសក្តិ​អំណាច​លោក​ប៊ុន ហួរ ក៏​សុខចិត្ត​ចេញថ្លៃ​ជួសជុល​សង​ការខូចខាត​រថយន្ត​ទាំង​ស្រុង​ដើម្បី​បញ្ចប់​បញ្ហា ​ចំណែកឯ​ប៉ូលិស​ចរាចរណ៍​បាន​ត្រឹមតែ​ធ្វើការ​វាស់វែង​ធ្វើ​កំណត់ហេតុ​តែប៉ុណ្ណោះ៕
កោះពស់

Post a Comment

0 Comments

Close Menu