ភ្នំពេញ ៖ ជនបរទេស២នាក់បានរបួសធ្ងន់ធ្ងរ បន្ទាប់ពីបើកម៉ូតូបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង០១និង១០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចផ្លូវនរោត្តមកែងផ្លូវលេខ២១៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូបង្កប្រភេទធំពាក់ស្លាកលេខភ្នំពេញ១BV១៣៣៥ បើកបរដោយឈ្មោះ Ham Zakisac ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិទួរគី។ ចំណែកជនរងគ្រោះឈ្មោះ Stevy Pettie ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាគ្រូបង្រៀន ស្នាក់នៅផ្ទះលេខ១៩E២ ផ្លូវលេខ២៦៤ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ បើកម៉ូតូម៉ាកឆាលី ពណ៌ទឹកប៊ិច។ ភាគីទាំងសងខាងបានរងរបួសធ្ងន់ធ្ងរដូចគ្នា ចំណែកម៉ូតូរក្សាទុកនៅអធិការនគរបាលខណ្ឌដូនពេញ។ សមត្ថកិច្ចបញ្ជាក់ថា ជនបរទេសបើកម៉ូតូធំហូបជាតិស្រវឹង បើកក្នុងល្បឿនលឿន ហើយក៏បុកម៉ូតូឆាលីដែលបើកបរដោយជនបរទេសដូចគ្នា បណ្ដាលឲ្យរបួសធ្ងន់ទាំងអស់គ្នាតែម្តង។
ដោយឡែក ករណីគ្រោះថ្នាក់មួយទៀតបានកើតឡើងកាលពីវេលាម៉ោង២៣និង១០នាទីយប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅចំណុចផ្លូវមុនីវង្ស កែងផ្លូវលេខ១១០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ រថយន្តបង្កជារថយន្តសំរាមក្រុមហ៊ុនស៊ិនទ្រី បើកបរដោយឈ្មោះ ជា សុភ័ក្រ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរជាអ្នកបើកឡានដឹកសំរាម ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ បានជិះបុកម៉ូតូម៉ូតូធំម៉ាក CBR ពាក់ស្លាកលេខភ្នំពេញ ១AY១១៦៣ បើកបរដោយយុវជនម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ពីព្រោះរបួសធ្ងន់ធ្ងរបញ្ជូនទៅមន្ទីរពេទ្យ៕
រស្មី
0 Comments