Ad Code

ល្បែងស៊ីសង​កើតឡើង​យ៉ាង​ពេញបន្ទុក​នៅ​ខេត្តកណ្តាល ពលរដ្ឋ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ជួយ​បិទ​


កណ្ដាល ៖ ល្បែងស៊ីសង​កំពុង​រីក​ដុះដាល​ដូច​ផ្សិត​នៅក្នុង​ទឹកដី​ខេត្តកណ្តាល ប្រជាពលរដ្ឋ​ស្នើ​សុំ​អាជ្ញាធរ​ឲ្យ​បិទ​។ តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ល្បែង​ស៊ីសង​ដែល​ពេញ​និយម​ជាងគេ គឺ​ល្បែង​កន្ទុយលេខ ល្បែងភ្នាល់​បាល់ទាត់ និង​ល្បែង​បៀរ​អាប៉ោង​តែម្តង នៅក្នុង​ទឹក​ដី​ខេត្តកណ្តាល បើក​លេង​ស្ទើរតែ​គ្រប់​ស្រុក ពិសេស​នៅ​ក្រុង​តាខ្មៅ ស្រុក​ស្អាង និង​ ស្រុក​កោះធំ​ ឃើញថា​មាន​បន​ល្បែង​រាប់​រយ​កន្លែង​បើក​ជា​ជំហាន​ដោយ​មិន​កោតក្រែង​សមត្ថកិច្ច​ឡើយ​។

ប្រជាពលរដ្ឋ​បន្ត​ថា ក្រុម​អ្នក​បើក​ល្បែង​ជាច្រើន​នាក់​គឺ​សុទ្ធតែ​ដើរ​អះអាង​អួត​ថា អាជ្ញាធរ​ពាក់ព័ន្ធ​តាំងពី​ថ្នាក់ក្រោម​រហូតដល់​ថ្នាក់​ខេត្ត​សុទ្ធតែ​បង់លុយ​ប្រចាំខែ​ជូន​គ្រប់ៗ​កន្លែង​អស់ហើយ ហើយ​ម្យ៉ាងទៀត​សមត្ថកិច្ច​អាជ្ញាធរ​ធំៗ​ជា​ខ្សែ​បណ្ដាញ​របស់​គេ ទើប​ហ៊ាន​បើក​មកទល់​សព្វ​ថ្ងៃ​នេះ ។ ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកណ្តាល​ក៏បាន​នាំគ្នា​សម្ដែង​នូវ​ការ​ព្រួយបារម្ភ​ភ័យ​ខ្លាច​លើ​បញ្ហា​ល្បែង​ស៊ីសង​ខាងលើ ​វា​អាច​កើត​មាន​នូវ​បទល្មើស​ចោរលួច ប្លន់ ប្រដាប់​អាវុធ​ផ្សេងៗ​ជាក់​ជាមិនខាន។ ដូច្នេះ ដើម្បី​រក្សាទុក​គោលនយោបាយ​ភូមិ/ឃុំ​មាន​សុវត្ថិភាព ពួកគាត់​សុំ​ឲ្យ​អាជ្ញាធរ​ថ្នាក់លើ ពិសេស​លោក​អភិបាលខេត្ត ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី មេត្តា​ដាក់​វិធានការ​លុបបំបាត់​នូវ​ល្បែង​ស៊ីសង​ក្នុង​អាណាចក្រ​ទឹកដី​របស់​ខ្លួន​ផង។

ទន្ទឹម​នោះ​ដែរ អ្នកយកព័ត៌មាន​យើង​មិនអាច​សុំ​ការ​បំភ្លឺ​អំពី​លោក ​ម៉ៅ ភិ​រុន អភិបាលខេត្ត​កណ្ដាល​បាន​ឡើយ ដោយ​ទូរស័ព្ទ​របស់​លោក​ឆ្លើយ​ជាប់រវល់​រហូត​៕

ភា​វុន​


Post a Comment

0 Comments

Close Menu