ភ្នំពេញ ៖ ជនជាតិចិនម្នាក់ពេលបើករថយន្តចេញពីក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្រាប់តែជ្រុលបុកម៉ូតូមួយគ្រឿងបណ្ដាលឱ្យអ្នកជិះរងរបួស ហើយមិនព្រមឈប់ទទួលខុសត្រូវ បែរជាខំព្យាយាមបើករត់បានប្រមាណ១០០ម៉ែត្រ ទើបត្រូវបានសមត្ថកិច្ចដេញឃាត់បាននៅខាងលិចរង្វង់មូលសម្ដេចព្រះ សង្ឃរាជជួន ណាត កាលពីវេលាម៉ោង២១និង៤០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ តាមបណ្តោយផ្លូវព្រះសីហនុ កែងនឹងផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1BQ-4703 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត ស្រាប់តែមានបុរសជនជាតិចិនបានបើករថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2Y-5008 ចេញពីមជ្ឈមណ្ឌលកោះពេជ្រ ក្នុងទិសដៅពីកើតទៅលិច ក៏ជ្រុលទៅបុកម៉ូតូបណ្ដាលឱ្យអ្នកជិះរងរបួស ហើយរថយន្តព្យាយាមបើករត់ប្រមាណ១០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចដេញឃាត់បាននៅខាងលិចរង្វង់មូលសម្ដេចព្រះសង្ឃរាជ ជួន ណាត។
ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ ធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាង ដោយភាគីខាងរថយន្តបានយល់ព្រមសងនូវថ្លៃខូចខាតចំនួន៣០ដុល្លារ ចំណែកភាគីខាងម៉ូតូក៏ព្រមទទួលដើម្បីបញ្ចប់រឿងព្រោះមិនចង់វែងឆ្ងាយ៕ រស្មី
0 Comments