កណ្តាល ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវចំពោះពលរដ្ឋកម្ពុជាឲ្យរក្សានូវសុខដុមបនិយកម្មសាសនាបន្តទៀត។ ពិសេសសម្តេចបានស្នើចំពោះពុទ្ធសាសនិកទាំងអស់ មិនត្រូវមានការបែងចែក ឬ រើសអើងអំពីគណៈធម្មយុត្តិកនិកាយ ឬគណៈមហានិកាយនោះទេ ព្រោះសុទ្ធតែជាព្រះពុទ្ធសាសនាតែមួយខុសគ្នាបន្តិចបន្តួចត្រង់និកាយតែប៉ុណ្ណោះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវបែបនេះនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ សម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ និង ពិធីស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករង ចំនួន ២ព្រះអង្គនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងឋានៈសម្តេចជានាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចត្រូវធ្វើយ៉ាងណាឲ្យមានសុខដុមរមនា នៅក្នុងវិស័យសាសនាមិនត្រឹមតែពុទ្ធសាសនាប៉ុណ្ណោះទេ គឺគ្រប់សាសនាទាំងអស់នៅកម្ពុជា។ សម្តេចតេជោបានបន្តថា សម្រាប់ព្រះពុទ្ធសាសនារបស់យើងមានពីរគណៈ គឺគណៈមហានិកាយដែលមានចំនួនច្រើន និងគណៈធម្មយុត្តិកនិកាយ ដែលមានចំនួនតិចជាង។ ប៉ុន្តែសម្តេចបានបញ្ជាក់ថា នៅទីនេះតិចឬច្រើនក៏ជាព្រះពុទ្ធសាសនាតែមួយគ្រាន់តែនិកាយខុសគ្នាតែប៉ុណ្ណោះ។
សម្តេចតេជោបន្តថា នោះមិនមែនជាឧបសគ្គរារាំងចំពោះការប្រណិប័តន៍សាសនា ឬ ការអភិវឌ្ឍប្រទេសជាតិនោះទេ។ ព្រោះថ្ងៃនេះ ព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈបានយាងនិមន្តមកចូលរួមដែលបង្ហាញពីភាពសុខដុមរមនានៃព្រះពុទ្ធសាសនាផងដែរ។
ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានធ្វើការបញ្ជាក់ឲ្យកាន់តែច្បាស់ដល់ពុទ្ធបរិស័ទទាំងអស់ថា សូមមើលក្នុងរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជាឲ្យបានច្បាស់ មើលនៅត្រង់ចំណុចការជ្រើសរើសអង្គព្រះមហាក្សត្រដើម្បីសោយរាជ្យ។ គេបានដឹងថា ប្រទេសរបស់យើងមានចែងនៅក្នុងរដ្ឋធម្មនុញ្ញដែលកំណត់ឲ្យមានគណៈសង្ឃពីរតែម្ដង នៅក្នុងក្រុមប្រឹក្សារាជ្យសម្បត្តិដែលមានតួនាទីបោះឆ្នោតជ្រើសរើសព្រះមហាក្សត្រដែលមានចែងក្នុងរដ្ឋធម្មនុញ្ញហើយបន្ទាប់ទៅក៏មានចែងនៅក្នុងច្បាប់ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិ។ ក្នុងច្បាប់នោះបានចែងថា ក្រុមប្រឹក្សារាជ្យសម្បត្តិមានប្រធានព្រឹទ្ធសភានិង អនុប្រធានព្រឹទ្ធសភា ២ រូប,ប្រធានរដ្ឋសភានិងអនុប្រធានរដ្ឋសភា២រូប ,នាយករដ្ឋមន្ត្រី ហើយបន្ទាប់មកមានកថាខណ្ឌមួយ (ព្រះសង្ឃរាជទាំងពីរគណៈ) ។ សម្តេចតេជោបានបន្តថា សម្តេចមានហេតុមានផលដើម្បីពន្យល់ជនរួមជាតិឲ្យបានយល់ថា ចំពោះអ្នកគោរពមហានិកាយ ហើយមិនគោរពចំពោះធម្មយុត្តិកនិកាយឬ អ្នកគោរពធម្មយុត្តិកនិកាយ តែមិនគោរពមហានិកាយ សូមកុំមានការបែងចែកព្រោះជាព្រះពុទ្ធ សាសនាតែមួយនោះទេ។ ម្យ៉ាងទៀតរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា ពុទ្ធសាសនានៅកម្ពុជាមានពីរគណៈ ដូច្នេះមិនមានអ្វីដែលធំជាងរដ្ឋធម្មនុញ្ញទៀតនោះទេ។
ពាក់ព័ន្ធនឹងការតែងតាំងសម្តេចសង្ឃ២អង្គនៅក្នុងគណៈធម្មយុត្តិកនិកាយ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិនិកាយនៃព្រះរាជាណាចក្រកម្ពុជាបានស្នើជាមួយរដ្ឋមន្ត្រី ក្រសួងធម្មការ និង សាសនា ដើម្បីតែងតាំងសម្ដេចសង្ឃពីរអង្គនៅក្នុងនៅក្នុងគណៈធម្មយុត្តិកនិកាយ។ សម្តេចក៏បានឯកភាពទៅតាមសំណើហើយស្នើសុំទៅព្រះមហាក្សត្រដើម្បីតែងតែងគោរមងារប្រគេន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា នេះគ្រាន់តែជាការបញ្ជាក់ដើម្បីជៀសវាងការភ័ន្តច្រឡំណាមួយនៅក្នុងព្រះសង្ឃ ឬ គ្រហស្ថរបស់យើង។ សម្តេចតេជោបានបន្តថា បើគិតជាវត្តវត្តធម្មយុត្តិកនិកាយមានប្រមាណ ១០ ភាគរយប៉ុណ្ណោះ បើប្រៀបជាមួយនឹងវត្តមហានិកាយ។ ក៏ប៉ុន្ដែ ១០ ភាគរយ ក៏ដោយមួយភាគរយក៏ដោយ យើងត្រូវផ្ដល់ការគោរពសម្រាប់ទាំងអស់គ្នា។ សម្តេចបានសូមយកឱកាសនេះ ដើម្បីបកស្រាយព្រោះមានការភាន់ច្រឡំខ្លះចំពោះអ្នកនិយមមហានិកាយ ឬ អ្នកនិយមធម្មយុត្តិកនិកាយ។
នៅក្នុងឱកាសនោះ សម្ដេចតេជោហ៊ុន សែន ក៏បានស្ងើចសរសើរជាមួយនឹងការខិតខំរបស់សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី គឺនៅត្រង់ថា ព្រះអង្គបានជាវដីនៅកន្លែងនេះហើយក៏រៀបចំឡើងនិងដោយមានការមកគ្រប់គ្រងនៅទីនេះដោយ សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ដែលបានខិតខំកសាងវត្តនេះឡើង។ សម្តេចបានបន្តថា សម្តេចបានមកកាន់វត្តនេះនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៧ ។ នៅពេលមកដល់អ្វីដែលសម្តេចកោតសរសើរនៅត្រង់ថា នេះជាទីអារាមក៏ប៉ុន្តែបម្រើឲ្យអាណាចក្រច្រើនជាង គឺព្រះសង្ឃរកកន្លែងសឹងស្ទើរមិនបានផង ប៉ុន្តែបែរជាផ្តល់កន្លែងឲ្យកូនសិស្សអាចរៀននិងស្នាក់នៅបានល្អជាងព្រះអង្គ។ ចំណែកគ្រូបង្រៀននៅទីនេះទាំងអស់ត្រូវបានទទួលប្រាក់ឧបត្ថម្ភពីព្រះសង្ឃតែម្ដង។
សម្តេចតេជោបន្តថា ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចពិតជាមិនអាចឲ្យព្រះសង្ឃត្រូវចំណាយលុយបើកឲ្យគ្រូបង្រៀន ដែលនេះជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។ នៅពេលនោះសម្តេចក៏បានសម្រេចបញ្ចូលគ្រូនៅទីនេះចំនួន៣៣នាក់ ទៅក្នុងក្របខ័ណ្ឌក្រសួងអប់រំ ដើម្បីកាត់បន្ថយការចំណាយរបស់ព្រះសង្ឃនៅទីនេះ។ សម្តេចបន្តថា សម្តេចពិតជាវាយតម្លៃខ្ពស់ទៅលើព្រះសង្ឃនៅទីនេះ។
សម្តេចតេជោបានបន្តថា ពាក្យដែលហៅថាវត្តព្រះឥន្ទសាមគ្គីធម៌ គឺ ត្រឹមត្រូវណាស់ព្រោះព្រះឥន្ទសាមគ្គីជាមួយនឹងប្រជាជនទាំងអស់គ្នា ហើយក៏បាននាំទាំងនាយករដ្ឋមន្ត្រីមកចូលរួមសាមគ្គីនៅទីនេះដែរ តែនេះប្រហែលជាព្រះវិញ្ញាណក្ខន្ធរបស់ព្រះបរមរតនកោដ្ឋបាននាំសម្តេចមកកាន់ទីនេះ។
សមិទ្ធផល ដែលសម្តេចបានកសាងនៅទីវត្តអារាមមួយនេះ អស់ទឹកប្រាក់ជាង ១ លានដុល្លារ ដោយរួមមានការកសាងព្រះវិហារមួយមានទំហំបណ្តោយ ១៧,៥ ម៉ែត្រ និង ទទឹង ៨,៥ ម៉ែត្រ។ អគារសិក្សាមួយខ្នងកម្ពស់ ៣ជាន់ស្មើ១៨ បន្ទប់។ អគារអន្តេវាសិកសម្រាប់ព្រះសង្ឃនិងចាក់ដីបំពេញទីធ្លា។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបញ្ចូលក្របខណ្ឌគ្រូជាប់កិច្ចសន្យា និង គ្រូស្ម័គ្រចិត្តចំនួន ២៧នាក់បន្ថែមទៀត ទៅក្នុងក្របខណ្ឌក្រសួងអប់រំ ដើម្បីកាត់បន្ថយនូវប្រាក់ចំណាយរបស់ព្រះសង្ឃ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសម្រេចផ្តល់អគារស្នាក់នៅសម្រាប់ព្រះសង្ឃ ១ ខ្នង ៣ ជាន់មាន ១២ បន្ទប់ និង អាគារសិក្សាមួយខ្នង ៤ ជាន់មាន ៣២ បន្ទប់បន្ថែមទៀតនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ និងរៀបចំធ្វើរបងព្រមទាំងចាក់ដីនៅក្នុងទីធ្លាវត្តបន្ថែមទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា សមិទ្ធផលនៅទីនេះ ដែលយើងសម្ពោធនិងកាត់ឫសសីមា ដោយការកសាងសមិទ្ធផលបន្ថែមទៀត ដែលសម្តេចជាអ្នកទ្រទ្រង់ថវិកានោះនឹងកសាងទីអារាមនេះឲ្យទៅជាកន្លែងមួយ ដែលបម្រើឲ្យវិស័យពុទ្ធចក្រផង និង បម្រើវិស័យអាណាចក្រផង រាប់ទាំងការបំពេញក្របខណ្ឌគ្រូនៅទីនេះ ដើម្បីបម្រើឲ្យសេចក្តីត្រូវការរបស់កូនចៅប្រជាជននៅទីនេះហើយក៏មិនមែនជាបញ្ហាដាច់ដោយឡែកដែរ គឺជាការដោះស្រាយចំពោះប្រជាពលរដ្ឋរបស់យើងដែលរស់នៅក្នុងតំបន់នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា ការតែងតាំងសម្ដេចសង្ឃទាំង ២អង្គ នៅក្នុងគណៈធម្មយុត្តិកនិកាយមិនមែនជាការស្នើនូវអ្វីដែលខុសពីគុណសម្បត្តិនិងលក្ខណៈសម្បត្តិ ដែលមិនសមនឹងទទួលនោះទេ។
វត្តព្រះឥន្ទសាមគ្គីធម៌ ត្រូវបានបង្កើតជាផ្លូវការនៅក្នុងឆ្នាំ២០០៩ ក្រោមព្រះរាជតម្រិះ និង ការចំណាយព្រះរាជទ្រព្យផ្ទាល់សម្រាប់ជាវដីស្រែពីប្រជាពលរដ្ឋរបស់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាដើម្បីកសាងជាទីវត្តអារាម សម្រាប់ប្រគេនព្រះសង្ឃ និងទុកជូនពុទ្ធបរិស័ទទូទៅ បានចូលមកគោរពប្រតិបត្តិធម៌ ដោយដាក់ឈ្មោះថា វត្តព្រះឥន្ទសាមគ្គីធម៌។
បច្ចុប្បន្ន វត្តព្រះឥន្ទសាមគ្គីធម៌ មានព្រះសង្ឃគង់នៅចំនួន ១៥៤ អង្គ និង សិស្សានុសិស្សស្នាក់ នៅក្នុងវត្តចំនួន៧៦នាក់។ ក្នុងបរិវេណវត្ត ក៏មានសាលាបឋមសិក្សានិងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលមានអគារសិក្សា១ខ្នង កម្ពស់ ៣ ជាន់ មាន ១៨បន្ទប់ មានសិស្សានុសិស្សសរុបចំនួន ១,៩០៧នាក់ នារី ៦៧០នាក់។ មានគណៈគ្រប់គ្រងចំនួន ១១ អង្គ/នាក់ ស្រី ៣នាក់ និងគ្រូបង្រៀន ៤៩នាក់ ស្រី ២៥នាក់។
សមិទ្ធផលរួមមាន ព្រះវិហារ ១ខ្នង និងអគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ១៨បន្ទប់ និងអគារអន្តេវាសិកដ្ឋាន ១ខ្នង កំពុងដំណើរការសាងសង់ ក៏ដូចជាផ្លូវបេតុងចូលវត្ត ១ខ្សែ ប្រវែងជិត ៤០០ម៉ែត្រ ចាក់ដីក្នុងបរិវេណវត្ត ដោះស្រាយថ្លៃជាវស្រះទឹកប្រគេនវត្ត និងរៀបចំប្រព័ន្ធលូក្នុងវត្ត ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កសាងឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនា ក៏ដូចជាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទធ្វើសង្ឃកម្ម និងប្រារព្ធពិធីបុណ្យផ្សេងៗតាមបែបព្រះពុទ្ធសាសនា និងទុកជាកេរ្តិ៍ដំណែលរបស់ព្រះពុទ្ធសាសនា និងសង្គមជាតិ។
ក្រៅពីកាត់ឫស្សីសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះសង្ឃនាយករងចំនួន ២ព្រះអង្គនៃគណៈធម្មយុត្តិកនិកាយផងដែរ។ ព្រះសង្ឃទាំងពីរអង្គដែលនឹងត្រូវស្រោចស្រពព្រះសុគន្ធវារីនោះ រួមមាន សម្តេចព្រះពុទ្ធាចារ្យ ទូច សុខវោហា និងសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា៕
Source: Kampuchea Thmey Daily
0 Comments