ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោមអាយុ១៨ឆ្នាំ (U18) បានធ្វើដំណើរទៅហ្វឹកហាត់រយៈពេល១សប្ដាហ៍នៅប្រទេសវៀតណាម ដើម្បីពង្រឹងសមត្ថភាពនៅក្រៅប្រទេសបន្ថែមមុនបន្តដំណើរទៅប្រកួតក្នុងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) 2018 AFF U-18 Youth Championship ដែលធ្វើឡើងនៅប្រទេសឥណ្ឌូណេស៊ី នៅដើមខែក្រោយ។
ក្នុងចំណោមកីឡាករ២៣នាក់ឃើញថាមានកីឡាករខ្លះបានធ្វើដំណើរទៅមុនហើយកីឡាករខ្លះធ្វើដំណើរតាមក្រោយ ព្រោះតែជាប់បេសកកម្មនៅតាមក្លិបក្នុងយុទ្ធនាការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា។ កីឡាករដែលធ្វើដំណើរទៅតាមក្រោយមានគ្នា៩នាក់។ ចំណែកបញ្ជីកីឡាករសរុបដែលបង្ហាញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានដូចជា សៀង ចន្ធា, សៀន សុភត្រា, ហេង ទីណា,ថា ច័ន្ទឬទ្ធី, សឿត ណាវ៉ា, ឡុង ម៉េងហាវ, ហ៊ុល គឹមហ៊ុយ, លន ថេន, ឈឿង វិស៊ីនុ, ផាច សុជាវីឡា, ទេស សម្បត្តិ, ណារ៉ុង កក្កដា, សាន គឹមហេង, ជា វ៉ាន់សាក់, សាន បូរ៉ា, ត្រាយ វិចិត្រ, ឃាង ម៉េងហួរ, ណុប ដេវីដ, ពេជ្រ សុវណ្ណារ័ត្ន, យ៉េត ចិត្រា, ចន្ថា ធនធាន, ឪ ភារ៉ុណ, ឃុន សេងថៃ។
ក្រុម U18កម្ពុជា ក្រោមការដឹកនាំពីសំណាក់លោក Musashi MIZUSHIMA គ្រូបង្វឹករបស់ក្រុមសាលាបាល់ទាត់ជាតិ នៅបាទី។ ការធ្វើដំណើរទៅហ្វឹកហាត់នេះគឺនៅទីក្រុងហូជីមិញ ហើយក្រុម U18 កម្ពុជា មិនធ្វើដំណើរត្រឡប់មកមាតុភូមិវិញនោះទេ ក្រោយបញ្ចប់ការហ្វឹកហាត់រយៈពេល១សប្ដាហ៍នេះ ពោលគឺបន្តដំណើរឆ្ពោះទៅកាន់ទីក្រុង Gresik ប្រទេសឥណ្ឌូណេស៊ី តែម្តង។
ពានរង្វាន់ 2018 AFF U-18 Youth Championship ក្រុមកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយក្រុមមីយ៉ាន់ម៉ា, ទីម័រខាងកើត, ម៉ាឡេស៊ីនិងប្រ៊ុយណេ ខណៈពូល A មានថៃ, វៀតណាម, សិង្ហបុរី, ហ្វីលីពីន និងឡាវ។ ក្រុមដែលប្រកួតសន្សំពិន្ទុបានច្រើនជាងគេប្រចាំពូលនីមួយៗមានឈ្មោះឡើងទៅប្រកួតក្នុងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ និងបន្តទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯកប្រចាំតំបន់ ក្នុងឆ្នាំ២០១៨ នេះផងដែរ។
ពានរង្វាន់2018 AFF U-18 Youth Championship រៀបចំនៅប្រទេសឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០១៨ ខណៈម្ចាស់ផ្ទះបានរៀបចំទីក្រុងចំនួន២គឺ Gresik និងSidoarjo សម្រាប់ដំណើរការការប្រកួត។ ពានរង្វាន់នេះរៀបចំឡើងតាំងពីឆ្នាំ២០០២ មកម្ល៉េះ ដោយធ្វើឡើងនៅរៀងរាល់ឆ្នាំ ខណៈថៃ ជាក្រុមដែលឈ្នះជើងឯកពានរង្វាន់នេះបានច្រើនជាងគេគឺរហូតដល់៥លើក។
មុនចេញដំណើរលោក Musashi Mizushima គ្រូក្រុម U18កម្ពុជា បានលើកឡើងថា «សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់នៅក្រៅប្រទេសលើកនេះ គឺធ្វើឲ្យសមាជិកក្រុមទាំងអស់កាន់តែស្និទ្ធស្នាលនឹងគ្នា មានន័យថា កីឡាករមកពីក្លិបផ្សេងៗគ្នា។ ពេលគាត់នៅជាមួយគ្នា ហូបបាយជាមួយគ្នា វាកាន់តែធ្វើឲ្យពួកគាត់កាន់តែយល់ចិត្តគ្នា។ ជាមួយគ្នានេះដែរ យើងក៏នឹងប្រកួតមិត្តភាពជាមួយក្រុម U18 នៅទីនោះ ហើយយើងក៏រកក្រុមអាជីពនៅវៀតណាមដើម្បីសមជើងបន្ថែមទៀតឲ្យកាន់តែល្អមុនទៅប្រកួត AFF»។
តាមគម្រោងប្រកួតវគ្គជម្រុះតាមពូល ក្រុមកម្ពុជា ត្រូវប្រកួតបើកឆាកប៉ះក្រុមទីម័រខាងកើត នៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន Gelora Joko Samudro Stadium ក្នុងទីក្រុង Gresik ខណៈ២ថ្ងៃបន្ទាប់កម្ពុជា បន្តប៉ះក្រុមម៉ាឡេស៊ី វេលាម៉ោងដំណាលគ្នានៅលើទីលានជាមួយគ្នា។ នៅថ្ងៃទី៦ កក្កដា វិញកម្ពុជា ត្រូវប៉ះក្រុមមីយ៉ាន់ម៉ា នៅវេលាម៉ោង៧ល្ងាច លើទីលានជាមួយគ្នា និងចុងក្រោយកម្ពុជា ជួបក្រុមទីម័រខាងកើត នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ លើទីលានជាមួយគ្នា៕
Source: Kampuchea Thmey Daily
0 Comments