Ad Code

ការ​បង្កបង្កើន​ផល​បាន​លើស​ផែនការ​ក្នុង​ឆ្នាំ២០១៤

កំពង់ឆ្នាំង ៖ តុល្យភាព​ស្បៀង​ក្នុង​ឆ្នាំ​២០១៤​ ខេត្តកំពង់ឆ្នាំង​នៅសល់​ស្បៀង​ជា​ស្រូវ​៣២៥.៦៦៩​តោន​ស្មើ​និង​អង្ករ​២០៨.៤២៨​តោន នេះ​ជា​ការ​លើកឡើង​របស់​លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​នៅក្នុង​ពិធី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ​ចំនួន​៧៨០​គ្រួសារ នៅ​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវ​នីតិ​សម្បទា​ខេត្តកំពង់ឆ្នាំង កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១៥​។
លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​និយាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា តាម​ការ​ប៉ាន់ស្មាន​តុល្យភាព​ស្បៀង​ឆ្នាំ​២០១៥​នេះ ខេត្តកំពង់ឆ្នាំង​សល់​ស្បៀង​ជា​ស្រូវ​ចំនួន​៣០៩.៣៩៤​តោន ស្មើ​និង​អង្ករ​១៩៨.០១២​តោន។ ចំណែក​ការ​ប្រមូល​ផល​ស្រូវ​នៅក្នុង​ឆ្នាំ​២០១៥ បរិមាណ​ផល​សរុប​ទទួល​បាន​៣៧៤.៥៣២​តោន ទិន្នផល​គិត​ជា​មធ្យម​២,៨៧៤​តោន​ក្នុង​១​ហិកតា ថយ​ចុះ​ជាង​ឆ្នាំ​២០១៤ ក្នុង​ហិកតា​១៩៨​គីឡូ បញ្ហា​ថយ​ចុះ​នេះ​មកពី​ដើមរដូវ​ខ្វះខាត​ទឹក​ធ្វើ​ឲ្យ​ផល​ស្រូវ​ធ្លាក់ចុះ។​
ដោយឡែក​នៅក្នុង​របាយ​ការណ៍​ការងារ​បង្កបង្កើន​រដូវប្រាំង​ឆ្នាំ​២០១៤-២០១៥​គិត​ត្រឹម​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៥ ធ្វើ​បាន​ដំណាំ​ស្រូវ សាប​បាន​១.៣០០​ហិកតា ព្រោះ​និង​ស្ទូង​បាន​៣៣.៥០៩​ហិកតា ស្មើនិង​១០៧,៩៨%​ លើ​ផែនការ។ ដំណាំ​រួមផ្សំ​និង​ដំណាំ​ឧស្សាហកម្ម​ធ្វើ​បាន​៨.៧៧២​ហិកតា ស្មើនិង​១១២%​ លើ​ផែនការ ក្នុង​នោះ​ដាំពោត​បាន​៩៧០​ហិកតា ដំឡូងឈើ​១០៤​ហិកតា ដំឡូងជ្វា​១៦០​ហិកតា សណ្តែកបាយ​២.០៣០​ហិកតា ឪឡឹក​៤៧១​ហិកតា អំពៅ​៤៩​ហិកតា ល្ង​៩៤៥​ហិកតា ថ្នាំជក់​៨២​ហិកតា សណ្តែកដី​១៣៧​ហិកតា ក្រចៅ​២២​ហិកតា កត់​១៤២​ហិកតា ឈូក​១,០​២៦​ហិកតា និង​ដំណាំ​បន្លែ​គ្រប់មុខ​២.៦២៥​ហិកតា។​
ទាក់ទង​នឹង​ការងារ​បង្កបង្កើនផល​ក្នុង​វិស័យ​កសិកម្ម​នេះ លោក ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​លើក​ឡើង​ឲ្យ​ដឹង​ថា ក្រោម​ការដឹកនាំ​របស់​សម្ដេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដោយមាន​ការដឹកនាំ​ដ៏​ល្អ​របស់​មន្ទីរ​កសិកម្ម​ខេត្ត និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋ​ខេត្តកំពង់ឆ្នាំង​បង្កបង្កើនផល​បាន​លើស​ផែនការ ជាក់ស្តែង​តុល្យភាព​ស្បៀង​ក្នុង​ឆ្នាំ​២០១៣​ទូទាំង​ខេត្ត​នៅសល់​ស្បៀង​ជា​ស្រូវ​៣១៩.៨០០​តោន ហើយ​នៅ​ឆ្នាំ​២០១៤​ ខេត្តកំពង់ឆ្នាំង​ក្រៅពី​ការ​ហូបចុក ខេត្ត​នៅសល់​ស្បៀង​ជា​ស្រូវ​ចំនួន​៣២៥.៦៦៩​តោន ស្មើ​និង​អង្ករ​២០៨.៤២៨​តោន។​
នៅក្នុង​វិស័យ​ឧស្សាហកម្ម​វិញ ខេត្ត​មាន​មូលដ្ឋាន​ឧស្សាហកម្ម​ធុន​តូច និង​សិប្បកម្ម​សរុប​ចំនួន​១.៥០៥​មូលដ្ឋាន វិស័យ​វិនិយោគ​ខេត្ត​មាន​រោងចក្រ សហគ្រាស​ចំនួន​១៦​មូលដ្ឋាន បាន​និង​កំពុង​ដំណើរការ​ ដែល​បាន​ផ្តល់​ការងារ​ជូន​កូនចៅ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​២៦.៩៧៣​នាក់ នាំមក​នូវ​ប្រាក់ចំណូល​សរុប​ប្រមាណ​៣​លាន​ដុល្លារ​ក្នុង​១​ខែៗ ដែល​នេះ​គឺជា​ការ​ចូល​រួម​ចំណែក​លើ​ក​កំពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ធូរធារ​កាន់តែ​ប្រសើរ​ឡើង កាត់បន្ថយ​បាន​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល៕


Post a Comment

0 Comments

Close Menu