Ad Code

ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ​ប្រចណ្ឌ​ខឹង​ប្ដី​ចូល​ផឹក​ត្នោត​ជូរ​ជាមួយ​ស្រីៗ​ បាន​ផឹកថ្នាំ​កណ្ដុរ​ប៉ង​សម្លាប់​ខ្លួន​

កំពង់ឆ្នាំង ៖ ស្ត្រី​មាន​ផ្ទៃពោះ​៤​ខែ​ម្នាក់​ខូចចិត្ត​ប្រចណ្ឌ​នឹង​ប្ដី​បាន​ផឹកថ្នាំ​បំពុល​កណ្ដុរ​ប៉ង​សម្លាប់​ខ្លួន ប៉ុន្តែ​ពេល​ដឹង​ទាន់​ក្រុម​គ្រួសារ​បាន​ដឹក​យ៉ាង​ប្រញាប់ប្រញាល់​បញ្ជូន​មកកាន់​មណ្ឌល​សុខភាព​ស្រុក និង​បាន​ដឹក​បន្ត​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្ត​ជា​បន្ត​ទៀត​ដើម្បី​ជួយសង្គ្រោះ​ជីវិត​នាង។ ហេតុការណ៍​ខាង​លើ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​មេលំ ឃុំ​មេលំ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង។​
ស្ត្រី​ប៉ង​ធ្វើ​អត្តឃាត​រូប​នោះ​មានឈ្មោះ ចឹ​ម ស៊ីណា អាយុ​២៨​ឆ្នាំ មាន​ប្ដី​ឈ្មោះ សួង គឹម​សេង អាយុ​៣២​ឆ្នាំ គ្រួសារ​នេះ​មាន​ទីលំនៅ​ភូមិ​/ឃុំ​កើតហេតុ​ខាងលើ។ ចំពោះ​មូលហេតុ​នៃ​ការ​ប៉ង​សម្លាប់​ខ្លួន​នេះ​ក្រុម​គ្រួសារ​មិន​បានដឹង​នោះ​ទេ ប៉ុន្តែ​តាម​ការ​អះអាង​របស់​បុរស​ជា​ប្ដី​ដែល​បាន​ប្រាប់​លោក​មេឃុំ​មេលំ​នោះ​ថា​ មុន​ពេល​កើតហេតុ​ប្រពន្ធ​គាត់​ជាមួយ​ស្រីៗ​អ្នកភូមិ​ជាមួយគ្នា​៤-៥​នាក់​បាន​នាំគ្នា​ផឹក​ទឹកត្នោតជូរ​អស់​ច្រើន​ល្មម​ដែរ​នៅផ្ទះ​អ្នកជិតខាង​ក្នុងភូមិ។​
ក្នុងពេលនោះ​រូប​គាត់​ជា​ប្ដី​បាន​ត្រឡប់​មកពី​ស្រែ​វិញ ក៏​ត្រូវ​ស្រីៗ​ដែល​កំពុង​នៅ​ផឹក​ជាមួយ​ប្រពន្ធ​គាត់​បាន​ហៅ​គាត់​ឲ្យ​ចូល​ផឹក​ជាមួយគ្នា ហើយ​គាត់​ក៏​ចូល​ផឹក​ជាមួយ​បានតែ​មួយ​កែវ និង​កំពុង​និយាយ​គ្នា​លេង​ក៏​ស្រាប់តែ​បាត់​ប្រពន្ធ​គាត់​មិនដឹង​ទៅណា បន្តិចក្រោយមក​មាន​គេ​រត់​មក​ប្រាប់​គាត់​ថា​ ប្រពន្ធ​គាត់​បាន​ទៅ​ផឹក​ថ្នាំ​បំពុល​សត្វ​កណ្ដុរ​កំពុង​ប្រកាច់​នៅក្នុង​ផ្ទះ ភ្លាមៗ​នោះ​ដែរ​គាត់​ប្រញាប់​រត់​ទៅផ្ទះ និង​បាន​ស្រែក​អ្នកជិតខាង​ក្នុងភូមិ​ឲ្យ​ជួយ​ដឹក​នាង​យក​ទៅ​ពេទ្យ​ស្រុក​បរិបូណ៌​ជួយសង្គ្រោះ​នាង។ សមត្ថកិច្ច​មូលដ្ឋាន​បាន​និយាយ​ឲ្យ​ដឹង​ថា ពេល​ប្ដី​មក​ចូល​ផឹក​ជាមួយ​នោះ​ប្រពន្ធ​បាន​ខឹង​នឹង​ប្ដី ព្រម​ជា​មួយ​គ្នា​នោះ​មាន​ស្រីៗ​ញោះ​ឌឺដង​ដាក់​ប្ដី​លលេង​ផង​នោះ ទើប​នាង​ប្រចណ្ឌ ​ហើយ​បាន​គេច​ត្រឡប់​មក​ផ្ទះ​មុន និង​បាន​យក​ថ្នាំ​បំពុល​កណ្ដុរ​ផឹក​ប៉ុនប៉ង​ធ្វើ​អត្តឃាត​ខ្លួនឯង​តែម្តង ព្រោះ​ភ្លើង​ប្រចណ្ឌ។ ក្រុម​គ្រូពេទ្យ​ខេត្ត​ដែល​កំពុង​ជួយសង្គ្រោះ​បាញ់​ទឹក​បញ្ចូល​លាង​ក្រពះ​ឲ្យ​នាង​បាន​និយាយ​អោយ​ដឹង​ថា​ ស្ត្រី​ប៉ង​ធ្វើ​អត្តឃាត​រូប​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​ជីវិត​ជាបន្ទាន់ ចំណែក​ទារក​ក្នុង​ផ្ទៃពោះ​នាង​ដែល​ទើប​តែ​មាន​អាយុ​៤​ខែ​នោះ គេ​មិនអាច​សន្និដ្ឋាន​បាន​ថា​ទារក​នោះ​ជោគវាសនា​យ៉ាង​ណា​នោះ​ទេ ប្រហែលជា​សង្ឃឹម​ជួយសង្គ្រោះ​ទារក​នោះ​បាន​តិចតួច​ណាស់៕
( ឈៀង ថា​រិ​ទ្ធ ) ​

Post a Comment

0 Comments

Close Menu