Ad Code

សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​អា​និង​ស្តុក​ឈើ​ខុសច្បាប់ ​ដកហូត​បាន​ម៉ាស៊ីន​អា​ឈើ​ប្រភេទ​យក្ស​១​គ្រឿង​ដែល​ច្បាប់​ហាមឃាត់​

ភ្នំពេញ ៖ ទីតាំង​បើក​សិប្បកម្ម​ឈើ​ខុសច្បាប់​មួយ​កន្លែង​បំពាក់​ដោយ​ម៉ាស៊ីន​អា​ឈើ​ប្រភេទ​រៃ (​ម៉ាស៊ីន​យក្ស​)​ និង​ឈើ​បេង​ជាច្រើន​ម៉ែត្រគូប​ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​នៅ​រសៀល​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ​ស្ថិតនៅ​ដី​ឡូត៍​លេខ​២៩៧ ផ្លូវ​លេខ​១០៣ ភូមិ​៤ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន។​
មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ទីតាំង​សិប្បកម្ម​ឈើ​មួយ​កន្លែង​នេះ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ លឹម អ៊ី​វ៉ាន់ ឆេង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ បាន​ធ្វើ​អាជីវកម្ម​ផលិត​គ្រឿង​សង្ហារិម ដោយ​ប្រើ​ប្រាស់​ឈើ​ប្រណីត​ខុសច្បាប់ និង​អស់​សុពលភាព​ធ្វើ​អាជីវកម្ម​ជា​យូរ​មក​ហើយ។ លើស​ពី​នេះ​ទៀត ម្ចាស់​អាជីវកម្ម​បាន​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​មក​ផលិត​ជា​គ្រឿង​សង្ហារិម និង​សម្ភារៈ​ប្រើប្រាស់ ផ្សេងៗ​ទៀត​ផង ដូច្នេះហើយ​ទើប​កម្លាំង​របស់​លោក​សុំ​ការអនុញ្ញាត​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដឹកនាំ​កម្លាំង​បង្ក្រាប​នា​ពេល​នេះ​។​
លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ យើង​រឹបអូស​ឈើ​បេង​ចំនួន​១៥១​សន្លឹក ស្មើ​និង​៣,២៦០​ម៉ែត្រគូប ម៉ាស៊ីន​រណារ​ធំ​ឥត​ច្បាប់​១​គ្រឿង និង​រថយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ម៉ាក សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2N-7093 រួច​យក​ទៅ​កាន់​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្ដាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​។​ បច្ចុប្បន្ន​ទាំង​រថយន្ត និង​ប្រណីត​ទាំងនោះ ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កណ្ដាល ដែល​មាន​ទីតាំង​នៅក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​។​
ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បាន​ឲ្យ​ដឹង​ថា​ ទីតាំង​ស្តុក​និង​អា​ឈើ​ខុសច្បាប់​នេះ​បាន​បើក​ដំណើរការ​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​គ្មាន​ច្បាប់​អ្វី​ឡើយ​ ចំណែកឯ​សមត្ថកិច្ច​ជំនាញ​ក៏​មិនបាន​ត្រួត​ពិនិត្យ​អ្វី​ដែរ គឺ​សម្ងំ​សុខ​រាងៗ​ខ្លួន។ លុះ​ក្រោយមក​នៅ​ថ្ងៃទី​៣​ ខែ​កុម្ភៈ គេ​មិន​ដឹង​ថា​សមត្ថកិច្ច​និង​ម្ចាស់​ទីតាំង​ចរចា​គ្នា​មិន​ត្រូវ​ឬ​បែប​ណា​ទេ​ គេ​ឃើញ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក ជា ម៉េ​ត និង​លោក អ៊ុត សុវណ្ណារិទ្ធ នាយរង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រាជធានី ព្រមទាំង​មាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី​ផង​ដែរ​។​
ប្រជាពលរដ្ឋ​សង្ឃឹម​ថា ​សមត្ថកិច្ច​នឹង​បន្ត​ចុះ​បង្ក្រាប​បន្ត​ទៀត​ ព្រោះ​នៅ​ភូមិសាស្ត្រ​ខណ្ឌ​ចំការ​មន​មាន​ទីតាំង​ជាច្រើន​ទៀត​កំពុង​បើ​ដោយ​ខុសច្បាប់៕
ឌួង​វិ​រះ​ជ័យ​


Post a Comment

0 Comments

Close Menu