Ad Code

មគ្គទេសក៍​ទេសចរណ៍​ភាសា​ជប៉ុន ទស្សនកិច្ច​ទៅកាន់​តំបន់​ព្រំដែន

សៀមរាប ៖ សមាគមន៍ មគ្គទេសក៍​ទេសចរណ៍​ភាសា​ជប៉ុន​-​អង្គរ ប្រមាណ​ជា ជាង​២០០​នាក់ បាន​ចេញ​ធ្វើដំណើរ​ពី​ក្រុង​សៀមរាប ឆ្ពោះ​ទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ នា​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០១៥។
ពួកគេ​បាន​និយាយ​ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​សិក្សា ស្វែងយល់​ចំណេះដឹង​ទូទៅ ស្តី​ពី​ការ​រីកចម្រើន​នៅ​តាម​តំបន់​ព្រំដែន ដែល​ជា​ពិសេស​នោះ​គឺ​ចង់​ឃើញ ចង់​ស្គាល់ ប្រាសាទ​បូរាណ​ខ្មែរ​នានា ដែល​នៅ​ជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ និង​បាន​ផ្សារភ្ជាប់​ផង​ដែរ សុខទុក្ខ​កងទ័ព​កម្ពុជា ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​នៅ​ទីនោះ។
គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ឆ្ពោះទៅ​ប្រាសាទ​តា​ក្របី ប្រាសាទ​តាមាន់ធំ នៅក្នុង​ដែន​ភូមិសាស្ត្រ​របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ប្រាសាទបន្ទាយឆ្មា នៅក្នុង​ខេត្តបន្ទាយមានជ័យ។
តាម​ការ​បញ្ជាក់ របស់ លោក មុំ សុធី ប្រធាន​សមាគម មគ្គទេសក៍​ទេសចរណ៍​ភាសា​ជប៉ុន​-​អង្គរ បាន​ឲ្យ​ដឹង​ថា គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​ធ្វើ​ទស្សនកិច្ច​នេះ។
សម្រាប់​ឆ្នាំ​២០១៥​នេះ សមាជិក សមាជិកា​នៃ​សមាគមន៍​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ជប៉ុន​-​អង្គរ បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​តាម​តំបន់​ព្រំដែន​បាន​ចំនួន ២​លើក ក្នុង​ន័យ​ដើម្បី​ពង្រីក​វង់​ខ្សែ​ទស្សនាចរ ត​ភ្ជាប់​ពី​តំបន់​អង្គរ នៃ​ខេត្តសៀមរាប ឆ្ពោះ​ទៅ​កាន់​តំបន់​ព្រំដែន​នា​ពេល​អនាគត។ លោក ​បាន​បន្ត​ថា ចក្ខុវិស័យ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​មាន​គោលដៅ​ចូលរួម​ធ្វើ​ឲ្យ​ជីវភាព​ រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រំដែន បាន​ទទួល​នូវ​លំហូរ​សេដ្ឋកិច្ច​គ្រួសារ តាមរយៈ​នៃ​វិស័យ ទេសចរណ៍​ផង​ដែរ ហើយ​សមរភូមិ​ព្រំដែន ពិត​ត្រូវ​បាន​ស្ថិត​នៅ​ក្នុង​សមរភូមិ​នៃ​ការអភិវឌ្ឍន៍​យ៉ាង​ពេញលេញ ស្របតាម​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចង្អុល​ទិសដៅ​ថា ប្រែក្លាយ​តំបន់​ព្រំដែន ពី​សមរភូមិ​ប្រយុទ្ធ​ដោយ​អាវុធ ទៅជា​សមរភូមិ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។
តាមរយៈ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ លោក មុំ សុធី បាន​សំណូមពរ​ផង​ដែរ ដល់​បណ្តា​សាកលវិទ្យាល័យ​នានា​ទូទាំង​ប្រទេស គួរតែ​ត្រូវ​បាន​ផ្តល់​ឱកាស​ឲ្យ​និស្សិត បាន​ជ្រើសរើស​តំបន់​គោលដៅ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នានា​នៅ​តាម​តំបន់​ ព្រំដែន ដើម្បី​បំពេញ​ទស្សនកិច្ច​សិក្សា​ស្វែងយល់ បណ្ដុះ​ពុទ្ធិ​កូន​ខ្មែរ ឲ្យ​មានចំណេះ​ជ្រៅជ្រះ អំពី​សម្បត្តិ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ជាតិ​របស់ខ្លួន។
លោក​បាន​បញ្ជាក់​បន្ថែម​ថា សម្រាប់​បច្ចុប្បន្ន​នៅ​ចំពោះមុខ តាម​បណ្តា​ខ្សែបន្ទាត់​ព្រំដែន កងកម្លាំង​នគរបាល និង កងទ័ព កំពុង​បន្ត​បំពេញភារកិច្ច​ដ៏​ឧត្តុង្គឧត្តម ការពារ​បូរណភាព​ដែនដី​នៃ​មាតុ​ភូមិ វត្តមាន​របស់​ពួក​យើង​នៅ​ព្រំដែន តាមរយៈ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការ​លើក​ទឹក​ដ៏​សំខាន់​ជូន​ដល់​វីរ​កងទ័ព និង​កង​នគរបាល​ការពារ​ព្រំដែន ដើម្បី​អធិបតេយ្យភាព​ជាតិ និង​សេចក្តីសុខ​ក្សេមក្សាន្ត​របស់​ប្រជាជន​កម្ពុជា​យើង​៕

http://kampucheathmey.com/kpt/?p=27678 

Post a Comment

0 Comments

Close Menu