Ad Code

ចម្លាក់​សេះក្បាល៥ មានប្រវតិ្ត​ តាំង​ពីពេលណាមក?

ចំពោះ​ចម្លាក់​ថ្មតំណាង​អោយសេះ​មួយ​តែ​មាន​ក្បាល៥នោះគេឃើញ​មានតែ​មួយកន្លែង​គត់ក្នុង​សម័យ​បុរាណ(មុនអង្គរ មកដល់​សម័យ​អង្គរ និងក្រោយសម័យអង្គរ) គឺគេឃើញ ​មានតែ​សម័យអង្គរ​ក្នុងរជ្ជកាលព្រះបាទ​ជ័យ​វរ្ម័នទី៧ ប៉ុណ្ណោះ ដែល​ចម្លាក់​នេះមាននៅ​តាមជញ្ជាំង​ចំហៀង​ខាងលិច​នៃ​ព្រះលាន​បញ្ជល់ដំរី។ តើសិល្បករ​ខ្មែរ​សម័យ​នោះ​បាន​ទទួល​ចំណេះ​​ដឹង​ប្រកបដោយ​ការច្នៃប្រឌិត​ បង្កើត​ជា​រូបារម្មណ៍នេះ​មាន​ប្រភព​មកពី​ណា?
ផ្អែក​តាមទំព័រ​ប្រវត្តិសាស្ត្រ​ កម្ពុជា​បានបញ្ជាក់​អោយ​ដឹងថា មរតកវប្បធម៌នៅទី​ព្រះលានបញ្ជល់​ដំរី​បាន​កសាងឡើង​ដោយព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុង​ចុង​សតវត្សរ៍ទី១២ និង​នៅដើម​សតវត្សរ៍ទី១៣ នៃគ្រិស្តសករាជ។ ដូចនេះ​គេអាច​ធ្វើការសន្និដ្ឋានដ៏ជាក់លាក់​ថា ចំពោះការ​កសាង​ចម្លាក់​សេះ​មួយតែមានក្បាល៥ នេះជា​ព្រះរាជតម្រិះ​របស់ព្រះ​មហាក្សត្រ​ជ័យវរ្ម័នទី៧ ពិតប្រាកដ។ បានសេចក្តីថា សិល្បករ​ឆ្លាក់​ថ្ម ឬជាជាង​ចម្លាក់​ទាំងនោះ​តែងបាន​ទទួលនូវព្រះ​រាជបញ្ជា​ក្នុងការ​កសាង​ឬឆ្លាក់ ​បដិមា​លើថ្ម​ឬរូប​ផ្សេងៗទាំងអស់​ទុកជាឧត្តមគតិ​ផ្តើម​ចេញពី​ទេវកថា ដ៏ល្បីល្បាញ​ណាមួយ​នោះដែល​មាន​ប្រ​ជាប្រិយ​ក្នុងស្រទាប់​មហាជនខ្មែរនា​សម័យ​ នោះផងដែរ។
មកដល់​ចំណុច​នេះយើង​អាចនិយាយ​ ជាទូទៅបានថា ចម្លាក់​នៅព្រះលានបញ្ជល់ដំរី​មានបដិមា​ពីរ​យ៉ាង​ដែលពិតជា​សិល្បករ​ខ្មែរ​ ដកស្រង់ពីទេវកថា​នៃ​ការកូរសមុទ្រទឹកដោះ គឺមាន​ចម្លាក់​ដំរីក្បាល៣ និង​ចម្លាក់​សេះ​ក្បាល៥។ លើសពីនោះទៀត​ក៏គេ​ឃើញ​ចម្លាក់​ក្បាលនាគ​វាសុគី (ក្បាល៩) និងអប្សរា​ផងដែរ។ ប៉ុន្តែ​ក្នុងខណៈនេះ​យើង​លើកបង្ហាញ​តែចំពោះ​សេះ​មួយមានក្បាល៥ ប៉ុណ្ណោះ ដែល​ជារឿង​ប្លែក​ពីសេះ​ធម្មតា​នៅលើ​លោកនេះ។
តាមរយៈ​ចម្លាក់​ថ្មតំណាង​សេះក្បាល​ ៥នេះ​គេ​ឃើញ​តួខ្លួន​ខាងមុខ​តែមួយ​ហើយ​មានជើង​ពីរ​មុខ​ដែល​អមសងខាងសេះ​ មានឆត្ររួត និងមាន​ចម្លាក់​រូប​មនុស្ស​និងទេព្តាជាច្រើន​ នៅខាង​លើ​និង​នៅខាង​ក្រោម​បដិមា​សេះនោះ​ផង។ បើតាម​ដំណើរ​រឿងនៃ​ការ​កូរសមុទ្រទឹកដោះបានបង្ហាញ​អោយដឹងថា ក្នុង​លទ្ធផល​ទី៤ នៃការ​ផុស​ឡើង​​ពី​ការកូរសមុទ្រនោះ​គឺមាន​សេះ​មួយឈ្មោះ​ ឧច្ច័យស្វរៈដែល​ជាសេះ​តែមួយមាន​ក្បាល​ដល់ទៅ​ប្រាំ។ បើតាម​ការរៀបរាប់​ក្នុង​សៀវភៅ​មានចំណងជើងថា កំណើត​អប្សរារៀប​រៀងដោយ ញ៉េប.សែ និង​ចក់​.ឫទ្ធី ​ទំព័រ ៣៤បាន​អោយដឹងថា ៈ សេះក្បាល៥ ឬឧច្ច័យស្វរៈ នេះ​​ជាវត្ថុទិព្វ​ ដែល​ភាគី​ទាំងពីរ​ជាអ្នក​បំពេញ​ពលកម្មនៃ​ការកូរសមុទ្រនោះមិន​បានប្រគល់​ ទៅអោយ​ខាង​ណានោះទេ។ វត្ថុទិព្វ​នេះ​សម្រាប់​​ទុក​ជានិមិត្តរូបដល់​កិច្ច​គោរព​យ៉ាង​ខ្ជាប​់​ ខ្ជួន​ហៅថា​បញ្ចសីលា ឬហៅថា ជាសីល​៥របស់​ឋាន​ទាំងបី គឺឋាន​ទេវលោក, ឋាន​មនុស្ស​លោក និង ឋានបាតាលលោក។
ដូចនេះ​សេះ​ដែលមាន​ក្បាល​៥ នេះគឺ​ក្បាល​ទាំង៥នោះ តំណាង​អោយ​សីល៥នោះ​ដែរ។ បើយើង​គិតអំពី​សីល៥ នៅក្នុង​សីលធម៌ដែល​ជាការ​ប្រតិបត្តិ​ក្នុង​សង្គម​ខ្មែរយើង​តាមទ្រីស្តីព្រះ​ ពុទ្ធ​សាសនានោះគឺ មាន​: ទី១ មិន​សម្លាប់សត្វ, ទី២ មិន​លួច​ទ្រព្យសម្បត្តិគេ​, ទី៣ មិន​និយាយ​ភូតកុហក, ទី៤ មិន​ប្រព្រឹត្តតាមកាមតណ្ហាទៅ​លើ​ស្រ្តី​ដែលមាន​ម្ចាស់​ហួងហែង​និងទី៥ មិន​សេព​សុរា ។ បានសេចក្តីថា អ្នក​ណាដែល​មាន​សីល៥ ប្រកាន់​ខ្ជាប់​នៅ​នឹងខ្លួន​ដោយ​រាល់​កិច្ចការ​រស់នៅ​នោះនឹង​នាំមកនូវ​ សេចក្តី​សុខចម្រើន​ដល់​អ្នកនោះមែនហើយ។
ដូចនេះ​ចំពោះ​ចម្លាក់​បដិមា​សេះដែល​ មាន​ក្បាល៥ នៅ​ព្រះលាន​បញ្ជល់ដំរី​នោះគឺជា ព្រះ​រាជតម្រិះ​របស់​ព្រះបាទ ជ័យវរ្ម័នទី៧ បាន​ដក​ស្រង់​ជារូបភាព​ចេញ​ពីទេវកថា កូរសមុទ្រទឹក​ដោះ ហើយ​ដែល​សម្រាប់​ជាមរតក​នៃសីលធម៌​តំណាង​អោយ​សីល៥ ក្នុង​មាគ៌ាដ៏ប្រសើរនៃ​ពុទ្ធ​សាសនា​ទុក​ជាឧត្តមគតិ​នៃសង្គម​បន្ត​តាំងពី​ បុរាណមកទល់​នឹងបច្ចុប្ប​ន្ននេះ៕ 

http://kampucheathmey.com/kpt/?p=27675

Post a Comment

0 Comments

Close Menu