Ad Code

សិក្សា​ច្បាប់​ស្ដីពី​ពលករ​ធ្វើ​ការងារ​ផ្ទះ​

ភ្នំពេញ ៖ ក្នុង​គោលដៅ​ធ្វើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៅ​ប្រទេស​កម្ពុជា​យល់​ច្បាស់​អំពី​បទប្បញ្ញត្តិ នៃ​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ​លេខ​១៨៩ ស្ដីពី​កម្មករ​ធ្វើ​ការងារ​ផ្ទះ និង​ដើម្បី​ឱ្យ​ពួកគេ​ផ្តល់​នូវ​ធាតុ​ចូល​ឆ្ពោះ​ទៅដល់​ការ​ធ្វើ​សេចក្ដីព្រាង​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ការ​ផ្តល់​សច្ចាប័ន​នៃ​អនុសញ្ញា​នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រោម​ជំនួយ​បច្ចេកទេស​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​(​គម្រោង​ILO-TRIANGLE) អង្គការ​ស្ត្រី​សហប្រជាជាតិ​(UNWOMEN) និង​ជំនួយ​របស់​រដ្ឋាភិបាល​ស្វីស បាន​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​រយៈពេល​ពីរ​ថ្ងៃ​(២៥-២៦) ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​អី​ម​ភើ​រៀល​។​
លោក ហ៊ូ វុ​ឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថ្លែង​ថា នៅ​កម្ពុជា​ទន្ទឹម​នឹង​វិសាលភាព​នៃ​ច្បាប់​ស្ដីពី​ការងារ​មិនបាន​គ្របដណ្ដប់​លើ​កម្មករ​ការងារ​ផ្ទះ ក៏​នៅ​មិន​ទាន់​មានច្បាប់ ឬ​បទបញ្ជា​ណាមួយ​សម្រាប់​គ្រប់គ្រង​កម្មករ​ការងារ​ផ្ទះ​ដោយ​ចំពោះមុខ​នៅឡើយ លើកលែងតែ​ការអនុវត្ត​នូវ​បទប្បញ្ញត្តិ​នៃ​ច្បាប់​ជាតិ​ជា​ធរមាន ដែល​ជាប់​ទាក់ទិន​នឹង​សកម្មភាព​នានា​ក្នុងករណី​ជាក់ស្តែង​នីមួយៗ​តែប៉ុណ្ណោះ​។ អាស្រ័យហេតុនេះ ការ​កសាង​ឱ្យ​មាន ឬ​ការ​ទទួល​យក​បទប្បញ្ញត្តិ​ណាមួយ​សម្រាប់​កម្ពុជា គឺ​ពិតជា​ការងារ​ចាំបាច់​ណាស់​សម្រាប់​ការគ្រប់គ្រង ក៏​ជា​ការ​ការពារ​សិទ្ធិ ផលប្រយោជន៍ និង​ភាព​ថ្លៃថ្នូរ​របស់​ពលរដ្ឋ​ខ្មែរ ក៏ដូចជា​ពលរដ្ឋ​ផ្សេងទៀត ដែល​ប្រកប​មុខរបរ​ជា​ការងារ​ផ្ទះ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​។ តែ​ទន្ទឹម​នឹង​ការ​មើល​ឃើញ​នូវ​ភាព​ចាំ​បាច់ ​ជា​ពិសេស​បែបនេះ អ្នក​តាក់តែង​ធ្វើ​ច្បាប់ និង​បទបញ្ជា ឬ​ពិនិត្យ​ទទួលយក​ឧបករណ៍​ណាមួយ​សម្រាប់​កម្ពុជា ក៏​ត្រូវ​តែ​មើល​ឱ្យ​ឃើញ​ដោយ​ជាក់លាក់​ផង​ដែរ នូវ​លក្ខណៈ​ពិសេស​នៃ​ទំនាក់ទំនង​ការងារ​រវាង​កម្មករ​ការងារ​ផ្ទះ និង​និយោជក ដែល​ជា​ម្ចាស់ផ្ទះ ដែល​ទំនាក់ទំនង​នោះ​វា​ពិតជា​ស្ថិត​នៅ​ក្នុង​ទីកន្លែង​មួយ ឬ​បរិវេណ​មួយ​ដែល​បិទ​ជិត​ដាច់​ផុត​ពី​ភ្នែក​ពី​ត្រចៀក​របស់​អ្នកដទៃ ឬ​ជន​ដែល​មាន​សមត្ថកិច្ច​។ នេះ​គឺជា​លក្ខណៈ​ពិសេស​នៃ​ប្រភេទ​មុខរបរ​មួយ​នេះ ដែល​ទាមទារ​នូវ​ច្បាប់ ឬ​បទបញ្ជា​ដែល​មាន​លក្ខណៈ​ពិសេស​ស្រប​ទៅ​តាម​នោះ​ផង​ដែរ​។ ឯកា​ដាក់​ឱ្យ​អនុវត្ត និង​តាម​ការ​ឃ្លាំ​មើល​ការ​អនុវត្ត ក៏ដូចជា​ការ​ចាត់​វិធានការ​ ជាក់ស្តែង​ចំពោះ​ការអនុវត្ត​មិន​ប្រក្រតី​ក៏​ត្រូវ​មាន​លក្ខណៈ​ពិសេស​ឱ្យ​បាន​សមស្រប​ទៅតាម​ប្រភេទ​មុខរបរ​មួយ​នេះ​ដែរ​។
យោង​តាម​ក្របខ័ណ្ឌ​អន្តរជាតិ CEDAW ផ្តល់​សច្ចាប័ន​នៅក្នុង​ឆ្នាំ​១៩៩២ ត្រង់​មាត្រា​១១() ចែង​ថា បៀវត្សរ៍ អត្ថប្រយោជន៍ លក្ខខណ្ឌ​ការងារ និង​សិទ្ធិ​ទទួល​បាន​ការ​ឈប់​សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​ដូចគ្នា ហើយ​មាត្រា​១៥​នៃ​ក្របខ័ណ្ឌ​អន្តរជាតិ​នេះ​ក៏បាន​ចែង​ដែរ​ថា បុរស និង​ស្ត្រី​មាន​សិទ្ធិ​ដូចគ្នា​ក្រោម​ច្បាប់​ពាក់ព័ន្ធ​នឹង​សេរីភាព ដើម្បី​ជ្រើសរើស​កន្លែង​រស់នៅ ​និង​កន្លែង​ស្នាក់នៅ​របស់​ខ្លួន។ បើ​យោង​តាម​មាត្រា​២៤​នៃ​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ចែងថា គ្រប់គ្នា​មាន​សិទ្ធិ​សម្រាក និង​កម្សាន្ត រួម​ទាំង​ការកំណត់​ចំនួន​ម៉ោង​ធ្វើការ​សមស្រប និង​ការ​សម្រាក​តាម​ពេល​កំណត់ ដោយមាន​ប្រាក់​ឈ្នួល​។​
តាម​ឯកសារ​អនុ​គម្រោង​ស្រាវជ្រាវ​ ទី​១-ពលកម្ម​កុមារ​បម្រើ​តាម​ផ្ទះ​របស់​កម្មវិធី​អ៊ិចសែល​នៃ​អង្គការ​ទស្សនៈ​ពិភពលោក ដោយ​ក្រសួង​ការងារ​សហ​អាមេរិក​បាន​បង្ហាញ​ថា ទូទាំង​ពិភពលោក ការងារ​កុមារ​តាម​ផ្ទះ​មាន​ចំនួន​ប្រហែល​១៥.៥​លាន​នាក់ ដែល​ក្នុង​នោះ​៦០% ស្ថិត​ក្នុង​ទ្វីបអាស៊ី និង​៩០%​ជា​កុមារី​។ ដោយឡែក​នៅ​កម្ពុជា​មាន​ប្រហែល​២៨.០០០​នាក់ មាន​អាយុ​ចាប់ពី​៧​ទៅ​១៧​ឆ្នាំ និង​ប្រហែល​១០% ស្ថិត​ក្នុង​ទីក្រុង​ភ្នំពេញ​៕
សុង​យោ​

Post a Comment

0 Comments

Close Menu