បាត់ដំបង ៖ ទីតាំងឡឆ្អើរត្រីមួយកន្លែង ដែលក្នុងនោះមានត្រីឆ្អើររាប់តោន ដែលមានតម្លៃសរុបប្រមាណ៣៥លានរៀល ត្រូវបានអគ្គិភ័យបំផ្លាញគ្មានសល់ តែក្នុងមួយប៉ប្រិចភ្នែក ខណៈដែលម្ចាស់ដាក់ឆ្អើរត្រីចោល រួចដេកលក់មួយភាំងដោយខ្វះការប្រុងប្រយ័ត្ន ។
ហេតុការណ៍នេះ បានកើតឡើង នៅ វេលាម៉ាង ៧ យប់ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៨ នៅចំណុច ក្រុម៣ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយរោងឆ្អើត្រី ១ ខ្នងនេះ បានសាងសង់ឡើងអំពីឈើ ប្រក់ស័ង្កសី មាន ទំហំ ៥ x ៧ ម៉ែត្រ។
បើតាមការរៀបរាប់ពីម្ចាស់ ឈ្មោះ យីម ពុយ ភេទប្រុស អាយុ ៤៩ ឆ្នាំ ( មុខរបរលក់ត្រី ) រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ បានអះអាងថា មូលហេតុគឺមកពីគាត់ ឆ្អើរត្រីហើយទុកចោល មិនបានមើលអោយបានដិតដល់ មានន័យថាខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយអណ្តាតភ្លើងឆាបឆេះរោងទំាងមូលតែម្តង ព្រោះពេលឆ្អើរ គឺខ្លាញ់របស់ត្រីតែងតែស្រក់ទៅលើរងើកភ្លើង។
ការ ខូចខាតនេះ បើសរុបជាទឹកប្រាក់អស់ចំនួន ៣៥ ០០០ ០០០ ៛ ( សាមសិបប្រាំលានរៀល ដោយនៅពេលនោះដែរ ក៏មានការជួយអន្តរាគមន៍ ក្នុងការជួយពន្លត់ពីសំណាក់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋានផងដែរ៕
Source: Kampuchea Thmey Daily
0 Comments