កំពង់ស្ពឺ ៖ ជនជាប់ចោទជាឃាតក ដែលផ្សំគំនិតគ្នាប្រព្រឹត្តបទល្មើសប៉ុនប៉ងសម្លាប់មនុស្ស ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ឃាត់ខ្លួនបាន២នាក់តាមដីកាបង្គាប់ឲ្យចាប់ខ្លួន បន្ទាន់ពីរត់គេចខ្លួនរយៈពេល១០ឆ្នាំ។
នគរបាលនិយាយថា ជនជាប់ចោទទាំង២នាក់ ត្រូវបានកម្លាំងជំនាញអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៣៩៩ និង៣៩០ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ ចេញដោយលោក សុង ប៊ុណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើមនុស្សឃាត កាលពីឆ្នាំ២០០៩ កន្លងទៅ១០ឆ្នាំមុខ។
ប្រតិបត្តិការចាប់ខ្លួនមុខសញ្ញាជនសង្ស័យជាឃាតក ធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌ នៃស្នងការប៉ូលិសខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងសហការជាមួយអធិការដ្ឋាននគរបាលស្រុកសំរោងទង អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងធ្វើមនុស្សឃាត កាលពីឆ្នាំ២០០៩ ក្រោយធ្វើសកម្មភាពគឺគេចខ្លួនបាត់រហូត។
ជនសង្ស័យទី១-ឈ្មោះ ទូច ដាន ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ចាប់តាមដីកាលេខ ៣៩០ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២, ទី២.ឈ្មោះ ឆុំ ប៊ុននឿន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិត្បែស ឃុំវល្លិស ស្រុកសំរោងទង ចាប់តាមដីកាលេខ៣៨៨ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១២ របស់លោក សុង ប៊ុណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្ដកំពង់ស្ពឺ ពីបទប៉ុនប៉ងធ្វើមនុស្សឃាតដែលបានប្រព្រឹត្តិនៅភូមិត្បែស ឃុំវល្លិស ស្រុកសំរោងទង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៩ កន្លងទៅ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកចៅក្រមស៊ើបសួរ សុង ប៊ុណ្ណារិទ្ធ ជនទាំង២នាក់ ត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យពីបទៈ ប៉ុនប៉ងមនុស្សឃាត តាមមាត្រា៤ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ។
បច្ចុប្បន្នមុខសញ្ញាទាំងពីរនាក់ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments