កំពង់ស្ពឺ ៖ ក្រុមចោរជំនាញខាងដើរគាស់តូបលក់ទូរស័ព្ទ និងគាស់ផ្ទះប្រជាពលរដ្ឋដ៏សកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើឲ្យនគរបាលវិលមុខនោះ ត្រូវអស់លក្ខណ៍ជាបអន្ទាក់៤នាក់។
ក្រុមចោរជាមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីគាស់ផ្ទះ យកទ្រព្យសម្បត្តិនាពេលរាត្រី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវរហូតបង្ក្រាបបានចំនួនបួននាក់រួមជាមួយវត្ថុតាងមួយចំនួនទៀត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។
ក្រុមចោររាត្រីទាំង៤នាក់ខាងលើ ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តបន្ទាប់គ្នាចាប់ពីថ្ងៃទី២៨-២៨-៣០ ខែតុលា ឆ្នាំ២០១៨នេះ ដោយពួកគេសារភាពថា ធ្លាប់បានធ្វើសកម្មភាពគាស់តូបលក់ទូរស័ព្ទ និងផ្ទះជាច្រើនលើកនៅស្រុកសំរោងទង និងក្រុងច្បារមនតែម្តង។
បន្ទាប់កើតមានបទល្មើសចោរកម្មគាស់តូប និងផ្ទះប្រជាពលរដ្ឋញឹកញាប់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាកម្លាំងជំនាញចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង និងក្រុងច្បារមនដើម្បីបំបែកមុខសញ្ញាទាំងនោះឲ្យបាន។
ក្រោយពីការស្រាវជ្រាវស៊ើបអង្កេតរហូតរកមុខសញ្ញាក្រុមលួចគាស់ផ្ទះនាពេលរាត្រីឈានដល់ការបង្ក្រាប និងឃាត់ខ្លួនមនុស្ស៤នាក់បន្តបន្ទាប់គ្នា រួមមាន៖ ១-ឈ្មោះ ឡឹម ង៉ុកខាយ ហៅភាក់ ហៅអាយួន ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរ មិនពិតប្រាកដ, ២-ឈ្មោះ ភឹម គឹមហេង ហៅអេង ភេទស្រី អាយុ ៣២ឆ្នាំ ស្នាក់នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរមិនពិតប្រាកដ, ៣-ឈ្មោះ ម៉ៅ វីត ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង មុខរបរមិនពិតប្រាកដ និង៤-ឈ្មោះ នី ពិសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង។
នគរបាលបានបញ្ជាក់ថា តាមរយៈភស្ដុតាងចម្លើយសារភាពស៊ីចង្វាក់គ្នារបស់ជនសង្ស័យទាំងបួននាក់ និងទទួលស្គាល់ថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាពដើរលួចគាសផ្ទះ តូបយកទ្រព្យសម្បត្តិប្រជាពលរដ្ឋពិតប្រាកដមែននៅក្នុងច្បារមន និងស្រុកសំរោងទងនាពេលកន្លងមកនោះ។
បច្ចុប្បន្នមុខសញ្ញាប្រព្រឹត្តិបទល្មើសទាំងបួននាក់ ត្រូវបានកម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការ តាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments