បាត់ដំបង ៖ មុខសញ្ញាសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ខណៈដែលពួកគេបានធ្វើសកម្មភាពចែកចាយថ្នាំញៀន ជាក់ស្តែង នៅក្នុងមូលដ្ឋាន ដោយគ្មានខ្លាចអំពីផ្លូវច្បាប់ទាល់តែសោះ។
កិច្ចប្រតិបត្តិការនេះដែរ គឺបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០ នាទី យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងក្រោយ វត្តថ្មី ស្ថិតក្នុងភូមិ ចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយកម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការ បង្ក្រាបករណី ជួញដូរគ្រឿងញៀន នេះដែរ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់ ក្នុងនោះគឺ ១. ឈ្មោះ ពៅ ពីតូ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ២. ឈ្មោះ ថា សុវណ្ណារ៉ា ហៅ នាង ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ ដាក់មេក្រូ មានទីលំនៅ ភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ៣. ឈ្មោះ ឌុល សំរេច ហៅ ក្រឹម ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរ ដាក់មេក្រូ មានទីលំនៅ ភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ៤. ឈ្មោះ វ៉ឺន វុទ្ធី ហៅ ឆក ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ជាងកាត់សក់ មានទីលំនៅ ភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង និង ៥. ឈ្មោះ ស៊ន វាសនា ហៅ ក្តឹប ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង ៥ នាក់ សមត្ថកិច្ចបានរកឃើញ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ០២ កញ្ចប់ ទម្ងន់ ២.៣០ ក្រាម ទូរស័ព្ទដៃ ០៣គ្រឿង ម៉ូតូ ០២ គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនថែមទៀត។ ដោយបច្ចុប្បន្នជំនាញបាន និងកំពុងរៀបចំឯកសារដើម្បីបញ្ជូនខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់សាលាដំបូងហើយ៕
Source: Kampuchea Thmey Daily
0 Comments