Ad Code

គោយន្ត​កែច្នៃ​បែក​កង់​មិនបាន​ដាក់​សញ្ញា​សម្គាល់ ត្រូវ​ម៉ូតូ​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ



រតនគិរី ​៖​ បុរស​ម្នាក់​ ជិះ​ម៉ូតូ​ទៅបុក​គូថ​គោយន្ត​កែច្នៃ​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ខណៈ​គោយន្ត​កែច្នៃ​បែក​កង់​ឈប់​នៅ​ចិញ្ចើម​ផ្លូវជាតិ​មិនបាន​ដាក់​ជា​សញ្ញា​​សម្គាល់​​ឲ្យ​ដឹង​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត។

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់​ចំណុច​មុខ​សាលារៀន​បុរី​កម្មករ​១ ស្ថិតនៅ​ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​។​

​មេ​ប៉ុស្តិ៍​កាចា​ញ​លោក សួន សាវុធ បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ចាន់ រិទ្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្រូបង្រៀន រងរបួស​ធ្ងន់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វី វ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត​.1.B.5932 មាន​ទីលំនៅ​ភូមិ​អូរ​កន្សែង​ សង្កាត់​បឹង​កន្សែង​ ក្រុង​បាន​លុង​។​

លោក​មេ​ប៉ុស្តិ៍​កា​ចាញ បន្តថា ម្ចាស់​គោយន្ត​កែច្នៃ​ក្រោយ​កើតហេតុ​បាន​រត់គេចខ្លួន​បាត់​បន្សល់​ទុក​គោយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង​ និង​បាន​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះ​របស់​ស្នងការ​នគរបាល​ខេត្ត​ដឹកបញ្ជូន​ជនរងគ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ​។​

​ដោយឡែក​មធ្យោបាយ​ទាំងពីរ​គ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរណ៍​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ធ្វើការ​ការដោះស្រាយ​នៅពេល​ក្រោយ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu