Ad Code

ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​កាន់តែ​អាក្រក់ និង​ចាប់ផ្តើម​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ជា​បណ្តើរៗ



ព្រះសីហនុ ​៖ ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​តំបន់​មួយចំនួន​ក្នុងស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ និង​ស្រុក​ស្រែអំបិល ខេត្តកោះកុង កាន់តែ​អាក្រក់​ទៅៗ​ ខណៈ​មេឃ​កំពុង​ភ្លៀង​ធ្លាក់​ឥត​ឈប់​ហើយ​អាជ្ញាធរ​កំពុង​ជួយសង្គ្រោះ​ជម្លៀស​ចេញពី​លំនៅឋាន​ ដែល​រង​ការ​លិចលង់​ ទៅ​កាន់​ទីទួល​មាន សុវត្ថិភាព។

គិត​ត្រឹម​ម៉ោង​ប្រមាណ​ជាង ១៥​រសៀល ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ ជំនន់​ទឹកភ្លៀង​កាន់តែ​អាក្រក់​ឡើង​មិនមាន​សញ្ញា​នឹង​ស្រក​ចុះ​ឆាប់​ឡើយ ​បើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ខ្លាំង​បែបនេះ​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​ហូរ​លើ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់ចំណុច​ស្ពាន​ស្ទឹង​សំរោង ស្រុក​កំពង់​សិលា បាន​ឡើងដល់​កម្ពស់​ជិត ២​ម៉ែត្រ និង​មាន​ប្រវែង​រហូតដល់​ជាង ១០០០​ម៉ែត្រ​ឯណោះ។ ប្រភព​បាន បន្តទៀតថា បើ​អាកាសធាតុ​នៅតែ​អាប់អួរ និង​ភ្លៀង​មិន​រាំង​របៀបនេះ តទៅទៀត​នោះ ទឹកភ្លៀង និង​ហូរ​ធ្លាក់​មកពី ជើងភ្នំ​កំចាយ​ហូរ​ចូល​តាម​ស្ទឹង​សំរោង​មក​ជន​លិច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ កាន់តែ​យូរ​ជាក់​ជាមិនខាន​។​

ដើម្បី​រក្សា​សុវត្ថិភាព ក្រុម​សមត្ថកិច្ច​បាន​បញ្ចៀស​ចរាចរណ៍​ ដោយ​បិទ​បា​រ៉ា​ស់​នៅ​ដើមទី​ចុង​ទី និង​បង្វែរ​ទិស​ចរាចរណ៍​ឲ្យ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៣​ខេត្តកំពត​វិញ​។​

ដោយ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ហក់​ឡើង​គួរ​ឲ្យ​បារម្ភ​បែប​នេះ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ស្ពាន​អូរ​គគីរ​ ដែល​ជាប់​ព្រំប្រទល់​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពង់ស្ពឺ ព្រមទាំង​ធ្វើដំណើរ​បន្ត​ដល់​ចំណុច​ស្ពាន​ស្ទឹង​សំរោង​ ដែល​ទទួល​រង​ការ​លិច​ខ្លាំង​ផង​ដែរ។

ក្រុមការងារ​ដឹកនាំ​ដោយ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់ថា បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ (១១៥-១១៦) នៅ​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ជន់​លិច​ស្ពាន​ស្ទឹង​សំរោង​កម្ពស់​ប្រមាណ ជិត​ម៉ែត្រ ប្រវែង​ប្រមាណ​ជា ១​គីឡូម៉ែត្រ​។ ចំពោះ​ជំនន់​ទឹកភ្លៀង​នេះ​មួយផ្នែក​ បាន​ចុះ​ធ្លាក់​ចូលមក​ស្ទឹង​ព្រែក​ត្នោត​ផងដែរ​។​

បន្ទាប់​ពិនិត្យ​ស្ថានភាព​នៅ​ផ្លូវជាតិ​លេខ​៤​រួច លោក វ៉ី សំ ណា​ង ដឹកនាំ​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​ស្រុក​ភ្នំស្រួច ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​លំនៅឋាន​ទៅ​កន្លែង​ទីទួល​សុវត្ថិភាព នៅ​ឃុំ​ក្រាំ​ដី​វាយ និង តាំង​សំរោង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ក​កំពង់ស្ពឺ មិនអាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​អំពី​ ស្ថានភាព​ទំនប់​រលាំង​ជ្រៃ ក្នុងស្រុក​សំរោង​ទង​មាន​កម្ពស់ ប៉ុន្មាន អាច​ដល់​ចំណុច​ប្រកាស​អាសន្ន​ហើយ​ឬ​នៅ​នោះ​ទេ ព្រោះ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន​រហូត​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទួ​ច លីន មេបញ្ជាការ​រង នៃ​បញ្ជាការដ្ឋា​ន ការការពារ​កោះ​ឆ្នេរ ដែល​ឈរជើង​លើផ្លូវ​ជាតិ​លេខ​៤ បាន​ប្រាប់​ឲ្យ​ដឹង​​ នៅ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២ ០១៨ នេះ​ថា ជំនន់​ទឹកភ្លៀង​បាន​កំពុង​ជន់​លិច​ផ្លូវជាតិ​លេខ ៤​បន្តទៀត ត្រង់ចំណុច​ស្ពាន​ស្ទឹង​សំរោង ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ដែលមាន​កម្ពស់​ជាង​១​ម៉ែត្រ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​បន្តទៀតថា នៅ​ព្រឹក​មិញ​នេះ​គឺ​ទឹក​ចាប់ផ្តើម​ហក់​ឡើង​លិច​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច ស្ពាន​អូរ​គគីរ ដែល​ជាប់​ព្រំប្រទល់​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាមួយ​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ប៉ុន្តែ​រហូតដល់​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែកក្កដា​នេះ​ បាន​ស្រក​ទៅវិញ​។ លោក​បាន​បន្តទៀតថា ទោះបី​ទឹក​នៅ​ស្ពាន​អូរ​គគីរ​ចាប់ផ្តើម​ស្រក​ក៏​ពិតមែន តែ​ការធ្វើ​ចរាចរ​នៅ​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​បានទេ ព្រោះ​បង្វែរ​ឡើង​ជន់​លិច​ស្ពាន​ស្ទឹង​សំរោង​កម្ពស់​រហូត​ជាង ១​ម៉ែត្រ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទួ​ច លីន មេបញ្ជាការ​រង នៃ បញ្ជាការដ្ឋាន ​​ការពារ​កោះ​ឆ្នេរ បាន​បញ្ជាក់ថា ខណៈ​ពេលនេះ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​យ៉ាងខ្លាំង​តាម​ជួរ​ភ្នំ​គិរី​រម្យ ជួរ​ភ្នំ​កំចាយ និង​ជួរ​ភ្នំ​បូកគោ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ធ្លាក់​មក​ច្រើន​ប្រសិនបើ​ភ្លៀង​មិន​រាំង​ទេ​នោះ ​ជំនន់​ទឹកភ្លៀង​មិន​ស្រក​ឡើយ៕

​លោក ហុង ចាន់​សុខា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ស្ពឺ បានធ្វើការ​ជូនដំណឹង​ដល់​សា​ធារ​ណះ​ជន ដែល​ធ្វើដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ តាម​ផ្លូ​ជាតិ​លេខ​៤ ទាំងអស់​បង្កើន​ការ​ប្រុង ប្រយ័ត្ន រាល់​ការធ្វើដំណើរ​ត្រង់ចំណុច ភូមិសាស្ត្រ គីឡូម៉ែត្រ (116-117) ត្រង់​ស្ពាន​ស្ទឹង​សំរោង​ព្រោះ​ចាន់​ផ្តើម​លិច​ស្ពាន​ហើយ​។​

​ដើម្បី​ធានា​នៅ​សុវត្ថិភាព អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង មន្ទីរជំនាញ សូម​ធ្វើការ​ផ្អាក​ចរាចរ​ណ៏​បណ្តោះអាសន្ន រហូតដល់​ទឹក​ស្រក់​ចុះ​វិញ ហើយ​សូម​ធ្វើការ​ណែនាំ​បញ្ជៀ​សទិស​ចរាចរ​ណ៏​ទៅកាន់​ផ្លូវ​លេខ​៣ និង​លេខ​៤១ អ្នក​ត្រូវ​ធ្វើដំណើរ មេត្តា​អត់ធ្មត់ និង​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​។​

​តាម​របាយ​ពី​សមត្ថកិច្ច​ស្រុកស្រែ​អំបិល ខេត្តកោះកុង នារ​សៀ ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ឲ្យ​ដឹងថា ជំនន់​ទឹកភ្លៀង​លិច​ភូមិដ្ឋាន​ប្រជាពលរដ្ឋ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល​អស់​ឃា​ច្រើន​ខ្នង និង​កំពុង​ស​ង្គ្រៅ​ទៅកាន់​ទីទួល​មាន​សុ​វត្តិភាព ដើម្បី​ស្នាក់នៅ​ជា​បណ្តោះអាសន្ន​។​

​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ភ្លៀង​បាន​ធ្លាក់​ទាំងថ្ងៃទាំងយប់​ហើយ​ស្ថានភាព​ពេលនេះ​ទឹក​កំពុង​ឡើង​ខ្លាំង អជ្ញាធរ​ខេត្តកោះកុង បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​តាម​ដងព្រែក ក្នុងស្រុក​ស្រែអំបិល មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ព្រោះ​ស្ថានភាព​ទឹក​តាម​ដងព្រែក​កំពុងមាន​ការកើនឡើង​ខ្លាំង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu