Ad Code

ក្រុមហ៊ុន ​៖ ​ការ​ធ្លាក់​យន្តហោះ​នៅ​គុយបា​គឺ​បង្កឡើង​ដោយ​កំហុស​របស់​មនុស្ស



ក្រុមហ៊ុន​អាកាសចរណ៍​ម៉ិ​ក​ស៊ិ​ក​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​របស់​ខ្លួន ​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​១១២​នាក់​នៅក្នុង​ប្រទេស​គុយ​បា ​កាលពី​ថ្ងៃទី​១៨​ ខែឧសភា​គឺ​បណ្តាលមកពី​កំហុស​របស់​មនុស្ស។

ក្រុមហ៊ុន Global Air ដែល​ប្រតិបត្តិការ​របស់ខ្លួន​ត្រូវបាន​ផ្អាក​ដោយ​អាជ្ញាធរ​ម៉ិ​ក​ស៊ិ​ក​ដោយសារ​ឧបទ្ទវ​ហេតុនេះ​បាន​និយាយថា ការសិក្សា​មួយ​ដោយ​អ្នកជំនាញ​អន្តរជាតិ​លើ​ប្រអប់​ខ្មៅ​ពី​យន្តហោះ Boeing 737 បាន​រកឃើញថា ការបើកបរ​របស់​អា​កាស​យានិក​គឺ​ហួសហេតុ​ពេក​។​

ក្រុមហ៊ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ Twitter ថា “​ទិន្នន័យ​បានបង្ហាញ​ថា អាកាសយានិក​បាន​ហោះ​ឡើង​នៅ​ផ្លូវ​ចំហៀង​ពេក​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ហោះ​ឡើង​ហើយ​បណ្តាល​ឲ្យ​យន្តហោះ​ជួប​គ្រោះថ្នាក់​”​។​

ក្រុមហ៊ុន​ដ៏​តូច​មួយ​នេះ​ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩០​បាន​និយាយថា ខ្លួន​ទទួលខុសត្រូវ​ចំពោះ​ជនរងគ្រោះ​នៃ​ឧបទ្ទវហេតុ​សោកនាដកម្ម​នេះ​។​

អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​ចោទប្រកាន់ថា ក្រុមហ៊ុន​នេះ​បាន​ប្រតិបត្តិការ​យន្តហោះ​គ្មាន​ដែន​កំណត់ដោយ​មិនបាន​ថែរក្សា​ឲ្យ​បាន​គ្រប់គ្រាន់​និង​ដាក់​ជីវិត​ស្ថិតក្នុង​គ្រោះថ្នាក់​ជាមួយនឹង​ការអនុវត្ត​នានា​ដូចជា​ជើងហោះហើរ​ពេលយប់​ដោយ​គ្មាន​រ៉ា​ដា​ជាដើម​។​

ទោះបីជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​នេះ​បាន​និយាយថា ការចោទប្រកាន់​បែបនេះ​ត្រូវបាន​បង្កើតឡើង​ដោយ​បុគ្គលិក​ដែល​មិនមាន​ការពេញចិត្ត​ហើយ​បាន​អំពាវនាវ​ស្នើសុំ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​របស់ខ្លួន​មកវិញ​។​

យន្តហោះ​ដែលមាន​អាយុកាល​៣៩​ឆ្នាំ​មួយគ្រឿង​នេះ​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ដោយ​អាជ្ញាធរ​អាកាសចរណ៍​ម៉ិ​ក​ស៊ិ​កនៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៧​។​

ក្រុមហ៊ុន Global Air បាន​ជួល​វា​ទៅ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Cubana de Aviacion សម្រាប់​ជើងហោះហើរ​ក្នុងស្រុក​មួយ​ពី​ទីក្រុង Havana ទៅកាន់​ទីក្រុង Holguin ភាគ​ខាងកើត​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu