Ad Code

បរិយាយ ៖ គោលនយោបាយ​បើកប្រាក់​ខែ​ ២​សប្តាហ៍​ម្តង គឺជា​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គាំពារ​សង្គម



គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ឤទិភាព​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការ​គាំពារ​សង្គម​។ ពិសេស​ជំរុញ​កែលម្អ​ថែមទៀត​នូវ​ការ​បើកប្រាក់​ឈ្នួល​ការងារ​ប្រចាំខែ​ជូន​កម្មករ​-​និយោជិត​ដោយ​រៀបចំ​ឲ្យ​បើក​ក្នុង​រយៈពេល ២ សប្តាហ៍​ម្តង​ដូច​នៅ បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​នៅក្នុង​តំបន់​ចាប់ពី​ឆ្នាំ ២០១៩ ទៅ។



«​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​ដោយមាន​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​នឹង ជំរុញ​កែលម្អ​ថែមទៀត​នូវ​ការបើកប្រាក់​ឈ្នួល​ការងារ​ប្រចាំខែ​ជូន​កម្មករ និ​យោ ជិត​រយៈពេល​២​សប្តាហ៍​ម្តង ដូច​នៅ​បណ្តា​ប្រទេស​ជឿនលឿន​មួយចំនួន​ក្នុង​តំបន់ ចាប់ពី​ឆ្នាំ ២០១៩ ទៅ​ដើម្បី​ធានា​ឲ្យ​កម្មករ​-​និយោជិត យើង​ទាំងអស់​គ្នា​ទទួល​បាន​នូវ​ប្រាក់​ឈ្នួល​ពលកម្ម​ដែល​នឹងត្រូវ​បាន​បន្ត​បង្កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​កម្រិត​សមរម្យ​ផង ហើយ​បើកប្រាក់​ឈ្នួល​ពលកម្ម​នេះ​បានជា​ប្រចាំ ដោយ​ទៀងទាត់ និង ទាន់ពេល​សម្រាប់​បម្រើ​សេចក្តី​ត្រូវការ​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព​របស់​ខ្លួន​ផង »​។ នេះ​ជាការ​ប្រកាស​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៧ ខែកក្កដា នៅឯ​កោះ​ពេជ្រ ដែលជា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​គណបក្សនយោបាយ​។



សម្រាប់​នីតិកាល​ទី ៦ នៃ​រដ្ឋសភា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​ឤ​ទិ​ភាព​មួយចំនួន​ដើម្បី​សម្រេច​ជោគជ័យ​នូវ​កម្មវិធី​នយោបាយ​និង​គោលដៅ​ធំ ៗ ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស។ ក្នុងចំណោម​គោលនយោបាយ​ជា​ឤ​ទិ​ភាពជា​ច្រើន​គឺ​មាន​ការដំឡើង​ប្រាក់​ឈ្នួល​របស់​កម្មករ​-​និយោជិត ជា​រៀងរាល់​ឆ្នាំ​បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​លើកកម្ពស់​ជីវភាព​លក្ខ​ខណ្ឌ​ការងារ និង​ការពារ​ឤ​ជីព​របស់​កម្មករ​-​និយោជិត​។



ការកែលម្អ ការបើកប្រាក់​បៀវត្សរ៍​នេះ នឹងមិន​ត្រូវអនុវត្ត​តែ​សម្រាប់​កម្មករ និយោជិត​នោះឡើយ​។ មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ ក៏​នឹង​ទទួលបាន​ការ​ដំឡើង​ប្រាក់បៀវត្សរ៍ នឹង​ត្រូវ​ទទួល​បាន​ប្រាក់​នេះ ពីរ​សប្តាហ៍​ម្តង ដូចគ្នា​ជា​បន្តបន្ទាប់​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​យើង​នឹង​ចាប់ផ្តើម​អនុវត្ត​បើកប្រាក់​បៀវត្សរ៍ និង​ប្រាក់​សោធន​ក្នុង​រយៈពេល ២ សប្តាហ៍​ម្តងនេះ ជូន​មន្ត្រីរាជការ​ស៊ីវិល និង​ជូន​និវត្តជន និង​អតីតយុទ្ធជន​ជាមុន​ដោយ​ចាប់ផ្តើម​នៅក្នុង​ឆ្នាំ​២០១៩ ខាងមុខ។ ដោយឡែក ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​យើង​នឹង​រៀបចំ​ធ្វើការ​សិក្សា​ដាក់​ឲ្យ​អនុវត្ត​ជា​បន្តបន្ទាប់​ទៀត ដោយសារ​លក្ខណៈពិសេស​នៃ​ទីកន្លែង​ការងារ​ដាច់ស្រយាល​រប​ស់​កងកម្លាំងប្រដាប់អាវុធ​ដែល​មិនទាន់មាន​សេវា​ធនាគារ​ទៅដល់​គ្រប់គ្រាន់​»។



នេះ​ជា​ការ​បង្ហាញ​ការ​យកចិត្តទុកដាក់​ប​ន្ថែ​ម​ពីលើ​ការ​ផ្តល់​កិច្ច​គាំពារ​សង្គម​ពី​សំណាក់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ជានា​យក រដ្ឋមន្ត្រី​ដល់ក​ម្មករ​-​និយោជិត ក្នុងពេល​កន្លងមក​ថ្មីៗ​នេះ​រួមមាន ការកំណត់​ផ្តល់ជូន​នូវ​របប​ថែទាំ​សុខភាព​ដល់ក​ម្មករ​ដោយ​និយោជក​ជា​អ្នក​បង់ថ្លៃ​ជួស​,​ការផ្តល់​នូវ​របប​ឧបត្ថម្ភ​មាតុភាព​ចំពោះ​កម្មការិនី​ដែល​សម្រាល​បានកូន​មួយចំនួន ៤០ ម៉ឺន​រៀល​,​កើត​បានកូន​ភ្លោះ​ពីរ​ចំនួន ៨០ ម៉ឺន​រៀល​និង​កូនភ្លោះ​បី​ចំនួន ១២០ ម៉ឺន​រៀល​និង​ការអនុញ្ញាត​ឈប់​លំហែ​មាតុភាព​រយៈពេល​៣​ខែ ដោយ​ទទួលបាន​ប្រាក់​ឈ្មួ​ល​ពលកម្ម ១២០ % ជាដើម ។



ការជំរុញ​ឲ្យ​មានការ​អនុវត្ត​ការ​បើកប្រាក់​ឈ្នួល​កម្មករ រៀងរាល់​ពីរ​សប្តាហ៍​ម្តង ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​ហានិភ័យ​មួយចំនួន​នៅពេល​រោងចក្រ​បិទ ឬ​ថៅកែ​បោះបង់ចោល​។

ជា​ការ​ផ្តួចផ្តើម​គំនិត​ដ៏​ល្អ​ដើម្បី​ផលប្រយោជន៍​របស់​កម្ម​ករ និយោជិត ។ វិធានការ​ខាងលើ​ជា​ផ្នែក​មួយ​នៃ​ការកាត់បន្ថយ​ហានិភ័យ​នៃ​ប្រាក់​ឈ្នួល​។



គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្តល់​អាទិភាព​ទៅលើ​ការ​គោលនយោបាយ​គាំពារ​សង្គម​ដូចនេះ អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ក៏​ដើម្បី​តែ​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ។ នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​អ្វី​ដែល​ប្រជាពលរដ្ឋ​ចង់បាន គឺ​ប្រមុខ​រាជរដ្ឋាភិបាល​តែង​បាន​គិតគូរ​ពីអ្វី​ដែលជា​សំណូមពរ ដូចជា ការ​បើ​បៀវត្សរ៍​នា​ពេល​កន្លងមក​មានរ​យៈ​ពេល ១ ខែ ម្តង វា​ដូច​យូរ​ពេក​សម្រាប់​ប្រជាពលរដ្ឋ​ដែលជា​កម្មករ កម្មការិនី និង មន្ត្រីរាជការ​ស៊ីវិល ដែលមាន​តម្រូវការ​ប្រចាំថ្ងៃ​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាព​មានការ​ចាំបាច់​ត្រូវការ​ថវិកា​ចាយវាយ។ ដូចនេះ​ការ​បើក​ប្រាក់ខែ ២សប្តាហ៍​ម្តង ជា​ការ​ចាំបាច់​ណាស់​អាច​ជួយ​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ថវិកា​ប្រើប្រាស់​ប្រចាំថ្ងៃ ពីមុន​ពួកគេ​ត្រូវ​ទន្ទឹងរង់ចាំ​ប្រាក់ខែ ១ ខែម្តង តែ​ឥឡូវ​ពួកគាត់​មិនបាច់​ទន្ទឹង​ទៀត​នោះទេ​គឺ​ប្រាក់ខែ​នឹង​ទទួលបាន​ក្នុង​រយៈពេល ២​សប្តាហ៍​ម្តង វាយ​អាចជួយ​កាត់បន្ថយ​ការខ្ចី​បុល​នៅពេលដែល​ពលរដ្ឋ​ខ្វះ​លុយ​ចាយ​បាន​ផងដែរ។ កន្លងមក​មាន​បាតុភាព​ជាច្រើន​បាន​កើត​ឡើង​ទាំង​នៅក្នុង​ចំណោម​មន្ត្រីរាជការ​ថ្នាក់​កណ្តាល និង កម្មករ កម្មការិនី និយោជិត តែង​ជួបប្រទះ​ជាមួយ​ការបោកប្រាស់​ទាក់ទង​និង​ការ​លេង​តុងទីន ឬ ការខ្ចី​បុល។ ការ​លេង​តុងទីន​គឺជា​មធ្យោបាយ​ខ្ចី​គ្នា​ចាយ​មួយ ក្នុង​គ្រា​ដែល​បុគ្គល​ណា​ម្នាក់​ត្រូវការ​ថវិកា​ជាបន្ទាន់ ក្នុង​កាល​ទេសៈ​ដែល​ប្រាក់ខែ​មិនទាន់​បាន​បើក​ប្រចាំខែ។ ដូចនេះ ការ​បើក​ប្រាក់ខែ ២​សប្តាហ៍​ម្តង ក៏​ជាការ​រួមចំណែក​កាត់បន្ថយ​ការខ្ចី​បុល​ផងដែរ។



អាច​និយាយ​បាន​ថា គោលនយោបាយ​នេះ​ជា​រឿង​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​មកដល់ពេលនេះ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណាមួយ​បើ​បៀវត្ស​រិ៍​ប្រចាំខែ ក្នុង​២​សប្តាហ៍​ម្តង​នោះទេ។

ក៏ប៉ុន្តែ​នៅក្នុង​វិស័យ​សំណង់​កម្មករ​ត្រូវ​បើក​លុយ​មួយ​សប្តាហ៍​ម្តង។ នេះ​ជា​រឿង​គួរ​ឲ្យ​អបអរសាទរ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ ​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​នេះ​គឺ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គាំពារ​សង្គម​សម្រាប់​ប្រជា​ពលរដ្ឋ៕

       



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu