Ad Code

គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត​៨​ម៉ឺន​នាក់ ដើម្បី​ចូលរួម​សង្កេតការណ៍​បោះឆ្នោត



ភ្នំពេញ​ ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត (​គឃ​-​សប​) បាន​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​នយោបាយ​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំ​ណា​រាស្ត្រ​នីតិ​កាល​ទី​៦ សរុប​មាន​ចំនួន​៧៩៧៨១ ក្នុង​នោះ​ភ្នាក់ងារ​ពេញ​សិទ្ធិ​មាន​ចំនួន​៥១៥០៦​នាក់ និង​ភ្នាក់ងារ​បំរុង​មាន​ចំនួន​២៨២៧៥​នាក់​។

តាម គ​.​ជ​.​ប ក្នុងចំណោម​គណបក្ស​នយោបាយ​ទាំង​២០ មាន​គណបក្ស​នយោបាយ​ចំនួន​៦ មិនបាន​ដាក់​ភ្នាក់ងារ​គណបក្ស​នយោបាយ​នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នោះ​ទេ​។



យោង​តាម​ប្រការ​៣.១.៤ នៃ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ក្នុង​មណ្ឌលបោះឆ្នោត​រាជធានី ខេត្ត ណាមួយ មាន​សិទ្ធិ​ចាត់តាំង​ភ្នាក់ងារ​ពេញ​សិទ្ធិ​របស់​ខ្លួន​មួយ​រូប និង​ភ្នាក់ងារ​បំរុង​មួយ​រូប ដើម្បី​សង្កេតមើល​ការបោះឆ្នោត និង​ការ​រាប់​សន្លឹកឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​នីមួយៗ​ក្នុង​ឃុំ​សង្កាត់ ហើយ​ភ្នាក់ងារ​គណបក្ស​នយោបាយ​មាន​សិទ្ធិ​ចុះហត្ថលេខា​លើ​ទំរង់​បែបបទ​កំណត់ហេតុ​នៃ​ការបោះឆ្នោត និង​ទម្រង់​បែបបទ​កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹកឆ្នោត ដើម្បី​ដឹង​ឮ​ថា​ គណបក្ស​របស់​ខ្លួន​ទទួល​បាន​សន្លឹកឆ្នោត តាម​ការ​រាប់​សន្លឹកឆ្នោត​ពិតប្រាកដ​មែន​។

គណបក្ស​នយោបាយ​ចំនួន​២០ ដែល​បាន​ចូលរួម​សង្កេត​ការណ៍​នោះ​រួមមាន ទី​១, គណបក្ស “​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​៤២៨២​នាក់ ក្នុងនោះ​ពេញសិទ្ធិ​ចំនួន​៣៨៥៩​នាក់​, គណបក្ស “​គណបក្ស​មាតុភូមិ​យើង​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​១១​នាក់ ក្នុង​នោះ​ពេញ​សិទ្ធិ​ចំនួន​១១​នាក់​, គណបក្ស “​គណបក្ស​ពន្លឺ​ថ្មី​” មិនបាន​ដាក់​ទេ​, គណបក្ស “​សញ្ជាតិ​កម្ពុជា​” មាន​អ្នកសង្កេតការណ៍​សរុប​ចំនួន​៥​នាក់ ក្នុងនោះ​ពេញ​សិទ្ធិ​ចំនួន​៥​នាក់​, គណបក្ស “​ខ្មែរ​ក្រោក​” មិនបាន​ដាក់​ទេ​, គណបក្ស “​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​៣៤៨​នាក់ ក្នុង​នោះ​ពេញសិទ្ធិ​ចំនួន​៣២១​នាក់​, គណបក្ស “​ប្រជាធិបតេយ្យ​មូលដ្ឋាន​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​៣៧១​នាក់ ក្នុង​នោះ​ពេញ​សិទ្ធិ​ចំនួន​៣៣៧​នាក់​, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​៥​នាក់ ក្នុងនោះ​ពេញ​សិទ្ធិ​ចំនួន​៥​នាក់​, គណបក្ស “​រស្មី​ខេមរា​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​៧​នាក់ ក្នុងនោះ​ពេញសិទ្ធិ​ចំនួន​៧​នាក់​, គណបក្ស “​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​១១៦៣១​នាក់ ក្នុង​នោះ​ពេញ​សិទ្ធិ​ចំនួន​១០៨០០​នាក់​, គណបក្ស “​ខ្មែរ​សាធារណរដ្ឋ​” មិនបាន​ដាក់​ទេ​, គណបក្ស “​ខ្មែរ​ឈប់​ក្រ​” មិនបាន​ដាក់​ទេ​, គណបក្ស “​ហ៊្វុនស៊ិនប៉ិច​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​១៦៦៨៤​នាក់ ក្នុងនោះ​ពេញសិ​ទ្ធិ​ចំនួន​១២៧៦៧​នាក់​, គណបក្ស “​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​២៩​នាក់ ក្នុង​នោះ​ពេញ​សិទ្ធិ​ចំនួន​២៨​នាក់​, គណបក្ស “​យុវជន​កម្ពុជា​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​១៥៦​នាក់ ក្នុង​នោះ​ពេញសិទ្ធិ​ចំនួន​១៤៦​នាក់​, គណបក្ស “​ធម្មាធិបតេយ្យ​” មិនបាន​ដាក់​ទេ​, គណបក្ស “​ឆ​ន្ទះ​ខ្មែរ​” មិនបាន​ដាក់​ទេ​, គណបក្ស “​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​៩៤​នាក់ ក្នុងនោះ​ពេញសិទ្ធិ​ចំនួន​៦៩​នាក់​, គណបក្ស “​ខ្មែរ​តែមួយ​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​២១០​នាក់ ក្នុងនោះ​ពេញសិទ្ធិ​ចំនួន​១៨៤​នាក់ និង​គណបក្ស “​ប្រជាជន​កម្ពុជា​” មាន​អ្នកសង្កេតការ​ណ៍​សរុប​ចំនួន​៤៥៩៤៨​នាក់ ក្នុងនោះ​ពេញសិទ្ធិ​ចំនួន​២២៩៦៧​នាក់​។

សូមបញ្ជាក់ថា ការដាក់​ភ្នាក់ងារ​គណបក្សនយោបាយ ដើម្បី​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត​នៅតាម​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត គឺជា​សិទ្ធ​របស់​គណបក្សនយោបាយ ហើយ​ការសម្រេច​ដាក់ ឬ​មិន​ដាក់​ភ្នាក់ងារ​គណបក្សនយោបាយ គឺ​អាស្រ័យទៅលើ​លទ្ធភាព​របស់​គណបក្ស​នយោបាយ​នីមួយៗ​។ បើទោះបីជា​អវត្តមាន​ភ្នាក់ងារ​គណបក្សនយោបាយ​មួយចំនួន​ក៏ដោយ ក៏​នៅមាន​គណបក្សនយោបាយ​ជាច្រើន​ផ្សេងទៀត​បានដាក់​ភ្នាក់ងារ​របស់ខ្លួន ដើម្បី​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu