ភ្នំពេញ ៖ ដើម្បីពង្រឹងសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌព្រែក ព្នៅ តែងតែដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំរៀងរាល់យប់ មិនដែលខកខានឡើយ ដែលមានមន្ត្រីសាលាខណ្ឌ កម្លាំងប៉ូលិស កម្លាំងកងរាជអាវុធហត្ថ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចូលរួមផងដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ដូចកាលពីកន្លងមកនោះទេ។
ជាក់ស្តែង កាលពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោក ជា ខេមា អភិបាលរងខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ កម្លាំងចូលរួមសរុបចំនួន ៥៣នាក់ ចុះត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរផ្លូវគោក និងឆែកអាវុធជាតិផ្ទុះ នៅគោលដៅមុខសាលាអនុវិទ្យាល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
លោក ជា ខេមា បានប្រាប់ឱ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌខណ្ឌព្រែកព្នៅ លោកនិងមន្ត្រីសាលាខណ្ឌជាច្រើននាក់ទៀត បានដឹកនាំកម្លាំងចម្រុះសរុបចំនួន ៥៣នាក់ ក្នុងនោះកម្លាំងប៉ូលិសសង្កាត់-ខណ្ឌចំនួន២៧នាក់ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០នាក់ មន្ត្រីសាលាខណ្ឌចំនួន ០៨នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ-សង្កាត់ចំនួន ០៨នាក់ កាលពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង ១៩ និង០០នាទី រហូតវេលាម៉ោង ២០ និង៣០នាទី ទើបត្រូវបានបញ្ចប់។ ជាលទ្ធផល ត្រួតពិនិត្យរថយន្តធុនធំឆ្លងកាត់ចំនួន ២០គ្រឿង រថយន្តធុនតូចឆ្លងកាត់ចំនួន ៣០គ្រឿង និងម៉ូតូឆ្លងកាត់ ៤គ្រឿង អាវុធជាតិផ្ទុះឆ្លងកាត់គ្មាន បទល្មើសគ្រឿងញៀន គ្មាន។
លោក អភិបាលរងខណ្ឌព្រែកព្នៅ ប្រាប់ឲ្យដឹងទៀតថា សកម្មភាពដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ របស់រដ្ឋបាលខណ្ឌព្រែកព្នៅ មានជារៀងរាល់យប់តែម្តង ដើម្បីត្រួតពិនិត្យបទល្មើសគ្រប់ប្រភេទ ធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ ហើយពីមួយថ្ងៃទៅមួយថ្ងៃបទល្មើសឆ្លងកាត់ មិនមានអ្វីគួរឲ្យចាប់អារម្មណ៍ដូចកាលពីកន្លងមកនោះទេ៕
Source: Kampuchea Thmey Daily
0 Comments