ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានឯកភាពរួចហើយថា នឹងដាក់អោយសាកល្បងនូវអំពូលភ្លើងLEDដ៏ទំនើប និងទាន់សម័យនៅលើមហាវិថីសំខាន់ៗចំនួន៣ខ្សែក្នុងរាជធានីភ្នំពេញ។
ការឯកភាពបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើង ក្នុងជំនួបសំណេះសំណាលជាមួយលោកយូស៊ី ហីកៃនូម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ និងជា ក្រុមហ៊ុនជប៉ុនដ៏ធំដែលកំពុងវិនិយោគនៅកម្ពុជាកាលពីរសៀលថ្ងៃទី៦ ខែមិថុនានៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកយូស៊ី ហីសាកៃនូម៉ា បានប្រាប់ឲ្យដឹងពីគោលបំណងរបស់ក្រុមហ៊ុនមីនីបៀ លើការនាំយកអំពូលភ្លើងLEDសម្រាប់ដាក់បំភ្លឺផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញម៉ាកមីនីបៀ Mitsumi Smart ដែលជាអំពូលភ្លើងឆ្លាត ទំនើបទាន់សម័យ តាមបច្ចេកវិទ្យាខ្ពស់របស់ជប៉ុនសន្សំសំចៃឋាមពលបានច្រើន កាត់បន្ថយកម្លាំងពលកម្ម អាចបិទបើក ឬដំឡើង និងបន្ថយពន្លឺតាមការចង់បាន និងអាចបញ្ជាតាមរយៈទូរបញ្ជាពីចម្ងាយទៅតាមចំណុចដែលត្រូវបានដាក់អំពូលថែមទៀតផង។
លោកឃួង ស្រេង បានស្វាគមន៍ចំពោះគោលបំណងរបស់ក្រុមហ៊ុនមីនីបៀ ដែលចង់នាំយកនូវអំពូលភ្លើងឆ្លាតLED សម្រាប់បំភ្លឺសាធារណៈក្នុងរាជធានីភ្នំពេញ។
លោកឃួង ស្រេង ក៏បានណែនាំឲ្យមានការសិក្សាបន្ថែមលើផ្នែកបច្ចេកទេស និងតម្លៃនៃការដាក់អំពូលភ្លើងថ្មីនេះ ដែលអាចជំនួសអំពូលភ្លើងចាស់បានកម្រិតណា។
លោកអភិបាលបានឯកភាពចំពោះការដាក់សាកល្បងនូវអំពូលភ្លើងទំនើបនេះនៅតាម វិថីសំខាន់ៗចំនួន៣ខ្សែក្នុងរាជធានីភ្នំពេញគឺមហាវិថីសហព័ន្ធរុស្ស៊ី ,មហាវិថីព្រះនរោត្តម និងវិថីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ។ នៅពេលនេះដែរ ក្រុមហ៊ុនមីនីបៀ កំពុងរៀបចំឲ្យShowroomមួយកន្លែងនៅសាលពិព័រណ៍កោះពេជ្រ ដើម្បីបង្ហាញអំពូលប្រភេទថ្មីនេះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments