ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យក្រុមហ៊ុនជ្រើសរើសពលករខ្មែរទៅធ្វើការនៅបរទេស ត្រូវសុំច្បាប់ជាមុនសិនមុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានផ្សេងៗនៅតាមបណ្តាសារព័ត៌មាននានាដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបង្ហោះនៅលើផេកហ្វេហ៊ុកក្រសួងបានឲ្យដឹងថា ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានខុសដែលអាចនាំឲ្យប្រជាពលរដ្ឋរងគ្រោះទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងការេជ្រើសរើស ឬផ្តល់សេវារកការងារធ្វើដល់ដល់ពលករខ្មែរនៅតាមបណ្តាញសារព័ត៌មានណាមួយពិសេសនៅតាមបណ្តាស្ថានីយវិទ្យុត្រូវមានលិខិតអនុញ្ញាត ដែលចេញដោយអគ្គនាយកដ្ឋានការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការធ្វើដូចនេះដើម្បីកុំឲ្យព័ត៌មានដែលផ្សព្វផ្សាយទៅមានការខុសឆ្គងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការភ័ន្តច្រឡំ និងដើម្បីលុបបំបាត់កុំឲ្យក្រុមហ៊ុន ដែលអត់ច្បាប់ធ្វើការផ្សព្វផ្សាយផ្ដេសផ្ដាសនិងគោរពអនុវត្តទៅតាមច្បាប់។
យោងតាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ ចំនួនក្រុមហ៊ុនជ្រើសរើសពលករស្របច្បាប់ទៅធ្វើការនៅបរទេស បានកើនពីចំនួន៨៥ដល់៩៣ក្រុមហ៊ុនហើយក្នុងនោះមានក្រុមហ៊ុនជ្រើសរើសពលករប្រមាណចំនួន៦៧ទទួលបានការអនុញ្ញាតធ្វើការជ្រើសរើសបណ្តុះបណ្តាលបញ្ជូន និងគ្រប់គ្រងពលករខ្មែរទៅធ្វើការនៅប្រទេសថៃ។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់សាធារណជនត្រូវប្រុងប្រយ័ត្នចំពោះជនខិលខូច ជនឆ្លៀតឱកាស ជាពិសេសក្រុមហ៊ុន ឬអង្គការមួយចំនួនដែលមិនមានឈ្មោះក្នុងបញ្ជីឈ្មោះរបស់ក្រសួង។ ប្រសិនបើបានជួបករណីនេះ គេអាចផ្ដល់ព័ត៌មានមកនាយកដ្ឋានមុខរបរ និងហត្ថពលកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទលេខ ០២៣ ៨៨០ ៤៧៤ ឬ ០១១ ៨៩៨ ៩១២ ឬ ០៩៨ ៧៦៥ ៤១១ ឬទាក់ទងដោយផ្ទាល់ទៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី ខេត្តទាំង២៥។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានពលករខ្មែរធ្វើការនៅក្រៅប្រទេសប្រមាណ១លាន២សែននាក់ក្នុងនោះពលករជាង១លាន៥ម៉ឺននាក់ធ្វើការនៅប្រទេសថៃ ហើយក្រៅពីនេះមាននៅប្រទេសកូរ៉េ ម៉ាឡេស៊ី សិង្ហបុរី ហុងកុងនិងប្រទេសជប៉ុនដោយក្នុងមួយឆ្នាំៗពួកគេបានផ្ញើលុយត្រឡប់មកស្រុកកំណើតវិញប្រមាណជាង២ពាន់លានដុល្លាអាមេរិកដែលជួយធ្វើឲ្យជីវភាពរស់នៅរបស់ក្រុមគ្រួសារមានភាពធូរធារឡើងៗពិសេសបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ៕
Source: Kampuchea Thmey Daily
0 Comments