ភ្នំពេញ ៖ ស្របពេលមហាជនជាច្រើនកំពុងតែមានការចែករំលែកយ៉ាងព្រោងព្រាតលើករណីពោតស្ងោ បន្ទាប់ពីបែកធ្លាយរូបថតសង្ឃកំហូចឆាន់ពោត និងស្រីក្មេងមកនោះ បច្ចុប្បន្នរឿងរ៉ាវមួយនេះបានក្លាយជាប្រធានបទដ៏រសើបចំពោះអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក។ មិនតែប៉ុណ្ណោះក៏មានទស្សនិកជនមួយចំនួន បានស្នើឲ្យតារាកំប្លែងនាយ ពែកមី លេងកំប្លែងទាក់ទងនឹងរឿងពោតនេះទៀតផង។
តាមរយៈវីដេអូ ដែលត្រូវបានតារាកំប្លែងនាយ ពែកមី សរសេរបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានលើកឡើងថា រឿងពោតល្បីណាស់ ជួយស៊ែរផងបងប្អូន។ ប៉ុន្មានថ្ងៃនេះពេលខ្ញុំបើកហ្វេសប៊ុកឡើងគឺឃើញតែរឿងពោត ហើយក្នុងនោះក៏មានបងប្អូនមួយចំនួនបានឆាតស្នើឲ្យខ្ញុំលេងកំប្លែងរឿងពោតនេះទៅនឹងល្បីហើយ មានការគាំទ្រច្រើន។
តារាកំប្លែងនាយពែកមី បន្តថា ក្រោយពីមានការស្នើសុំបែបនេះ នាយក៏បានតបទៅវិញថាអរគុណចំពោះបងប្អូនដែលបានផ្តល់ជាយោបល់ ប៉ុន្តែអារឿងស៊ីពោតហ្នឹងវាជាប់ពាក់ព័ន្ធទៅនឹងសាសនាដែលព្រះសង្ឃរបស់ខ្មែរបានប្រព្រឹត្តខុសវិន័យ។ ម្យ៉ាងទៀតករណីនេះគឺជារឿងអាស្រូវ តែបែរជាបងប្អូនខ្មែរគ្រប់គ្នាសប្បាយចំពោះរឿងរ៉ាវស៊ីពោតនេះទៅវិញ។
នាយ ពែកមី និយាយទៀតថា ឲ្យតែបើកហ្វេសប៊ុកពេលណាឃើញតែផុតរឿងពោត ហើយក៏ក្លាយជាប្រធានបទក្តៅតាមរយៈការបង្ហោះប្រៀបធៀបទៅហ្នឹងរឿងអាសអាភាស បន្ទោះបង្អាប់ លេងសើចសប្បាយមានលក្ខណៈជាន់ពន្លិចជាដើម។ ចំណែកខ្លះខំប្រឹងនិពន្ធចម្រៀងពីពោត និងផុតនិយាយអីពោត ខ្ញុំអត់យល់សោះហ្មង។
នាយ ពែកមី បន្ថែមថា ចំពោះការស្នើឲ្យនាយលេងកំប្លែងពាក់ព័ន្ធអំពីពោតនេះ គឺនាយសូមឆ្លើយបដិសេធមិនលេងនោះទេ ព្រោះនេះករណីមួយដែលប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនារបស់ខ្មែរក៏ដូចជាព្រះសង្ឃមួយចំនួនដែលប្រកាន់ភ្ជាប់នូវវិន័យបានល្អ។ មិនតែប៉ុណ្ណោះរឿងដែលសង្ឃល្មើសវិស័យឆាន់ស្រីកំពុងកក្រើកនៅលើបណ្តាញសង្គមហ្វេសប៊ុកនោះគឺជារឿងបុគ្គលពីរនាក់តែប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments