Ad Code

ផ្ដន្ទាទោស​​​មន្ត្រី​នគរបាល​សក្ដិ​៤​ ដែល​ធាក់​មន្ត្រី​ជាប់កិច្ចសន្យា​​​ដាក់​ពន្ធនាគារ​៦​ខែ ​ពិន័យ​ប្រាក់​៤​លាន​រៀល



ភ្នំពេញ​ ៖​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កោ វណ្ឌី កាលពី​ព្រឹក​ថ្ងៃទី​០៧​ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​អតីតមន្ត្រី​នគរបាល​សក្ដិ​៤​ម្នាក់ ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ តែ​អនុវត្ត​ទណ្ឌកម្ម​ក្នុង​គុក​៦​ខែ ទោស​សល់​ពី​នេះ​ត្រូវ​ព្យួរ​ និង​ពិន័យ​ប្រាក់​ចំនួន​៤​លាន​រៀល​បង់​ចូល​ថវិការដ្ឋ ​ក្រោម​ការចោទប្រកាន់​ពី​បទ​ហិង្សា​​ ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់​ដែល​កំណត់​ដោយ​អាជ្ញាធរ​សាធារណៈ។

សេចក្ដីសម្រេច​នេះ​ បើកផ្លូវ​អោយ​ជនជាប់ចោទ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​ បើ​មិន​សុខចិត្ត​នឹង​សាលក្រម។

ជនជាប់ចោទ​ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។

សូម​បញ្ជាក់​ថា ​រឿងក្ដី​មន្ត្រី​ប៉ូលិស​សក្ដិ​៤​ធាក់​មន្ត្រី​ប៉ូលិស​ចរាចរណ៍​ជាប់កិច្ចសន្យា​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែឧសភា​ ឆ្នាំ​២០១៨​នេះ ​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​ព្រៃ​សម​១​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​បើកសវនាការ​កាត់ទោស​ពាក់ព័ន្ធ​បទល្មើស​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ទី​២.​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់ ដោយ​អាជ្ញាធរ​សាធារណៈ​។​

សវនាការ​នេះ​ដឹង​នាំ​ដោយ​លោក​ចៅក្រម កោ វណ្ឌី អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក កុល បុ​ន ជា​តំណាង​អយ្យការ។ ក្នុង​សវនាការ​ជនជាប់ចោទ​បាន​សារភាពថា ​ខ្លួនគេ​ពិតជា​បាន​ធាក់​មន្ត្រី​ប៉ូលិស​​ចរាចរណ៍​មែន​ ដោយសារ​ខឹង​ខ្លាំងពេក។

សូម​រំលឹក​ថា ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក ពេជ្រ វិជ្ជាធរ កាលពី​រសៀល​ថ្ងៃទី​១១ ​ខែមករា ​ឆ្នាំ​២០១៨​ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ ឈ្មោះ សៅ បញ្ញា អាយុ​៣៣​ឆ្នាំ បម្រើ​ការងារ​នៅ​ការិយាល័យ​រដ្ឋបាល​សរុប នៃ​នាយកដ្ឋាន​ប្រ​ឆាំង​បទល្មើស​បច្ចេកវិទ្យា របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ក្រោម​ការចោទប្រកាន់​របស់​លោក សៀង សុខ ព្រះរាជអាជ្ញារង ចំនួន​២​បទល្មើស ទី​១.​បទ ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​ទី​២.​បទ​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវ​សញ្ញា​សម្គាល់ ដែល​កំណត់ ដោយ​អាជ្ញាធរ​សាធារណៈ តាម​មាត្រា​២១៨ និង​មាត្រា​៦១៤ នៃ​ក្រមព្រហ្មទណ្ឌ​។​
កាលពី​រសៀល​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៨​មន្ដ្រីនគរបាល​ដែល​ប្រើ​ហិង្សា​លើកជើង​ធាក់​មន្ត្រីនគរបាល​ចរាចរណ៍​បណ្ដាលអោយ​ដួល​អុកគូទ ត្រូវបាន​កម្លាំង​នគរបាល​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ​​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​។

ពាក់ព័ន្ធ​នឹង​អំពើហិង្សា​នេះ​ដែល មន្ដ្រី​ដែល​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​ប្រើ​អំពើហិង្សា​ពី​សំណាក់​នគរបាល​ពាក់​ស័ក្តិ​៤​រូបនេះ បានកើត​ឡើង នៅ​ស្ដុ​ប​ត្រឡោកបែក ដោយ​នគរបាល​រូបនេះ បាន​បើករថយន្ដ​ម៉ាក Ford ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-9099 ដោយ​បើក​ខុសច្បាប់​ចរាចរណ៍ ក៏​ត្រូវបាន​ក្រុមមន្ដ្រី​ជាប់កិច្ចសន្យា​នោះ​ឃាត់​ដើម្បី​សួរនាំ​។ ប៉ុន្ដែ​ការអនុវត្ត​ច្បាប់​បែបនេះ ធ្វើ​ឲ្យ​នគរបាល​នោះ​ខឹង រហូត​ចុះ​ពីលើ​រថយន្ដ​ទាញ​កអាវ​អូស ថែមទាំង​ធាក់​ចំ​ដើមទ្រូង​មួយ​ជើង​ផ្ងារ​ទៅក្រោយ បើ​ទោះបី​ជនរងគ្រោះ បាន​លត់​ជង្គង់ និង​លើកដៃ​គោរព​ក្នុង​ន័យ​បង្ហាញថា សុំទោស​ក៏ដោយ​នោះ​។​

មន្ដ្រី​ជាប់កិច្ចសន្យា ដែល​រង​ការ​ធាក់​មួយ​ជើង​ចំ​កណ្ដាលដើមទ្រូង​បណ្ដាល​អោយ​ដួល​អុកគូទ​នោះ ឈ្មោះ អឿន ចំណាន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu