បាត់ដំបង ៖ ឈើចម្រុះដែលក្នុងនោះមាន ធ្នង់ បេង នាងនួន ប្រមាណ ជិត ៥ ម៉ែត្រគូបត្រូវបានកម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្ក្រាប នៅក្នុងដែនបរិស្ថាន ភ្នំសំកុះ ខណៈដែលរថយន្តនេះ បានដឹកចេញពីទឹកដីខេត្ត ពោធិ៍សាត់ ឆ្ពោះចូលមកក្នុងទឹកដី ខេត្តបាត់ដំបង ដោយគ្មានច្បាប់អនុញ្ញាត។
កិច្ចប្រតិបត្តិការ ដែលបានធ្វើឡើងដោយកម្លាំងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំឡូត គឺបានប្រព្រឹត្តនៅវេលាម៉ោង៧និង២០នាទី ព្រលប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចច្រកចង្អៀត ក្បែរខ្សែបន្ទាត់ព្រំដែនខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់ ស្ថិតនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
នៅក្នុងកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់រថយន្តប្រភេទដំរីទឹកកែច្នៃ១ គ្រឿង ដែលបានដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាត ដោយជនសង្ស័យដែលជាអ្នកបើកបរ បានរត់គេចខ្លួនបាត់ទៅហើយ មុនពេលកម្លាំងឃាត់រថយន្តបាន ដែលនៅក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន រថយន្តដំរីទឹក ១ គ្រឿង ឈើធ្នង់ មានចំនួន ១០០ ដុំ ស្មើ១,៣៦៦ ម៉ែត្រគូប ឈើបេង មានចំនួន ៧៨ ដុំ ស្មើ ២,៥៦៥ ម៉ែត្រគូប និង ឈើនាងនួនមានចំនួន ៤ ដុំ ស្មើ ០,១៣៤ ម៉ែត្រគូប សរុបទាំងអស់មានចំនួន ៤,០៦៤ ម៉ែត្រគូប។
បច្ចុប្បន្ន ក្រោយពេលបង្ក្រាប គឺដោយសារតែទីតាំងបង្ក្រាប ស្ថិតក្នុងទឹកដីនៃដែនបរិស្ថាន ភ្នំសំកុះ ដូច្នេះរាល់វត្ថុតាងដែលដកហូតបានត្រូវបានប្រគល់អោយទៅបរិស្ថានជាអ្នករក្សាទុក និងចាត់ការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments