Ad Code

ភ្លាត់ជើង ​ដួល​បោក​ក្បាល​ចូលក្នុង​ខ្សែ​ពាន កៀប​ស្លាប់​យ៉ាង​អាណោចអាធ័ម



បាត់ដំបង​ ៖ ​ស្ត្រី​វ័យ​៥២​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ គួរ​អោយ​សង្វេគ​ជាទីបំផុត ខណៈ​ដែល​ស្ត្រី​រូប​នេះ​កំពុង​ដើរ​មើល​អាគុយ​ ដែល​ប្រជាពលរដ្ឋ​យក​មក​អោយ​បញ្ចូល​ភ្លើង ក៏​ស្រាប់តែ​រអិល​ជើង​ដួល​នៅ​ក្បែរ​ម៉ាស៊ីន​ភ្លើង និង​ធ្វើអោយ​ក្បាល​របស់​ស្ត្រី​រងគ្រោះ​រូប​នេះ ​ បោក​ចូល​ទៅ​ក្នុង​ចន្លោះ​ខ្សែ​ពាន​ម៉ាស៊ីន​ បណ្ដាល​អោយ​កៀប​លើ​ផ្ទៃមុខ​ស្លាប់​ភ្លាម​មួយ​រំពេច។

ហេតុការណ៍​ដ៏​កម្រ​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣៨​នាទី ល្ងាច ថ្ងៃទី​ ១៥ ​ខែកក្កដា ឆ្នាំ​២០១៨ ត្រង់ចំណុច​ក្រុមទី​១ ភូមិ​សូ​ភី ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដែល​ចំណុច​ខាងលើនេះ គឺជា​កន្លែង​ប្រកបមុខរបរ​សាក​អាគុយ ដោយ​គេ​មិនបាន​ទាញយក​ចរន្ត​ពី​អគ្គិសនី​រដ្ឋ​នោះទេ គឺ​គេ​បាន​ប្រើប្រាស់​ម៉ា​ស៊ីន​ភ្លើង​បញ្ឆេះ​យក​ចរន្ត​ដោយ​ខ្លួនឯង។​

បើតាម​ប្រភពពី​ក្រុមគ្រួសារ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​គឺ​មេឃ​បាន​ធ្លាក់ភ្លៀង​មួយ​មេ​ទៅហើយ ដែល​ធ្វើអោយ​ដី​មាន​សភាព​រអិល។ នៅពេល​នោះដែរ​ស្ត្រី​ម្នាក់ ឈ្មោះ​តើក ប៉ិច អាយុ​៥២​ឆ្នាំ ដែលជា​ម្ចាស់​ទីតាំង​នេះ បាន​ដើរ​មើល​អាគុយ​ដែល​អតិថិជន​យកមក​សាក ក្នុង​គោលបំណង​ចង់ដឹងថា​តើ​ភ្លើង​ចូលទៅក្នុង​អាគុយ​ពេញ​ហើយ​ឬ​នៅ។​

ប្រភព​ដដែល​បាន​បន្តថា នៅពេលនោះ​ស្រាប់តែ​ស្ត្រី​រងគ្រោះ​បាន​រអិល​ជើង​ដួល​បោក​ក្បាល​ចូលទៅ​កន្លែង​ម៉ាស៊ីន​ភ្លើង ព្រមទាំង​ធ្វើអោយ​ក្បាល​ស្ត្រី​រូបនេះ ស៊ក​ចូលទៅក្នុង​ខ្សែ​ពាន​ម៉ាស៊ីន​សាក​អាគុយ បណ្ដាល​អោយ​ស្លាប់​ភ្លាមៗ​តែម្តង ដោយសារតែ​ខ្សែ​ពាន បាន​រឹត​កៀប​ក្បាល និង​ផ្ទៃមុខ​យ៉ាង​ខ្លាំង។

ករណីនេះ​សមត្ថកិច្ច​ជំនាញ ក៏បាន​ចុះ​ត្រួតពិនិត្យ ព្រមទាំង​បាន​ប្រគល់​សព ទៅ​អោយ​ក្រុម​គ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ នៅ​នឹង​លំនៅដ្ឋាន​នោះ​តែម្តង ដែល​ករណីនេះ​វា​កម្រ​មាន​ជាទីបំផុត ព្រោះ​ក្បាល​គឺ​មិន​ងាយ​ចូល​ទៅក្នុង​ខ្សែ​ពាន​យ៉ាង​ស្រួល​បែបនេះ​នោះ​ឡើយ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu