Ad Code

នី សុ​ភី ជួប​សងសឹក Chai Suo ខណៈ​ចាន់ ប៊ុន​លាភ ជួប Phetch Nam Ek



នី សុ​ភី អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា និង ចាន់ ប៊ុន​លាភ​អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុង​កម្មវិធី​ប្រដាល់​គូ​បូ​តា នា​យប់​សុក្រ​ថ្ងៃទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៨ នេះ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។

នី សុ​ភី នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គ​.​ក្រ ជាមួយ​អ្នក​ប្រដាល់​ថៃ​Chai Suo។ Chai Suo​នេះ ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​២-៣​លើក​ហើយ​កន្លងមក ដែល​ក្នុងនោះ​២​លើក ជួប​ប្រកួត​ជាមួយ​នី សុ​ភី​នេះឯង ហើយ​ក្នុង​ការជួប​២​ដង​នេះ នី សុ​ភី បាន​ត្រឹម​ស្មើ​១​លើក​និង​ចាញ់​ពិន្ទុ​១​លើក។

អ្នក​ប្រដាល់​ថៃ​រូបនេះ មានកំ​រិត​សមត្ថភាព​និង​បច្ចេកទេស​ល្អ​ហើយ​រឹងមាំ គេ​ជា​ជើង​ខ្លាំង​ម្នាក់​ប្រចាំ​នៅ​ស្រុកថៃ។ Chai Suo​មាន​កម្ពស់​១,៧២​ម៉ែត្រ ខណៈ នី សុ​ភី ១,៧២​ម៉ែត្រ​ដែរ ហើយ​កំណត់ត្រា​ប្រកួត​លើ​រេញ​របស់ Chai Suo គឺ​បាន​ចំនួន​១០៣​លើក ដោយ​ឈ្នះ​៩០​លើក ចាញ់​១១​លើក និង ស្មើ​០១​លើក បើ​ធៀប​ជាមួយ​នី សុ​ភី មាន​ប្រវត្តិ​ប្រកួត​១៦១​លើក ឈ្នះ​១២៣​លើក ចាញ់​២៨​លើក ស្មើ​១០​លើក និង ធ្លាប់​ផ្តួល​ដៃគូ​អោយ​សន្លប់​ចំនួន ២៧ លើក។

នី សុ​ភី គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ក្នុងចំណោម​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ។ គេ​ធ្លាប់​ជួប​អ្នក​ប្រដាល់​បរទេស​រាប់មិនអស់​នោះទេ ដែល​ការប្រកួត​ចុងក្រោយ​របស់គេ​នោះ គឺ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Phach Aruon ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​៣០​មិថុនា​២០១៨។

សម្រាប់​ការប្រកួត​លើក​នេះ ពុំ​ដឹងថា នី សុ​ភី គេ​អាច​សងសឹក​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Chai Suo​បាន​ឬ​អត់​នោះទេ ។ ព្រោះថា សុ​ភី ជួប​ថៃ Chai Suo២​លើក​កន្លងមក​នោះ គឺ​បានតែ​ស្មើ​ពិន្ទុ​និង​ចាញ់​ពិន្ទុ​ប៉ុណ្ណោះ។

ចំពោះ អ្នក​ប្រដាល់​ជើងចាស់ ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្តល់​ឪ​កាស​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phetch Nam Ek ដោយ​ជួប​ប្រកួត​ក្នុង​ទម្ងន់ ៦៥ គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនលើក​ហើយ​កន្លងមក។

Phetch Nam Ek គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​តែ​៩០​លើក​ប៉ុណ្ណោះ ក្នុងនោះ​ឈ្នះ​៧៣​លើក ចាញ់​១៤​លើក និង​ស្មើ​០២​លើក ហេតុនេះ​មិនធម្មតា​នោះឡើយ។

ចាន់ ប៊ុន​លាភ គេ​មាន​ផ្លែ​ល្អ ពិសេស​គឺ​ផ្លែ​កែង និង​ជង្គង់ ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​ជំនួស​ប៊ុន​លាភ​នោះ គឺ​ខ្លាច​តែ​ចាញ់​កម្លាំង​ស៊ុ​ហ្វ​ថៃ​មួយ​មុខ​ប៉ុណ្ណោះ។ ចាន់ ប៊ុន​លាភ មាន​ប្រវត្តិ​ប្រកួត​មិនតិច​ក្រោម​១០០​លើក​នោះទេ ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ វាយ​ចាញ់ Phasingha ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​២២​មិថុនា​២០១៨។

ជា​លើក​ទី​២៧​របស់​ចាន់ ប៊ុន​លាភ ដែល​ឡើង​ប្រកួត​ជាមួយ​ថៃ ។ គេ​មិន​ហ៊ាន​អះអាង​មុន​ថា ប៊ុន​លាភ​ឈ្នះ​ក្នុង​ការប្រកួត​នេះ​ទេ។ ចាំមើល តើ​ប៊ុន​លាភ អាច​យកឈ្នះ Phetch Nam Ek បាន​ឬ​អត់ សម្រាប់​ការជួបគ្នា​លើក​ទី​១​នេះ​? ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu